ប៉ូលិសចិន និងកម្ពុជា សហការគ្នា តាមវែកមុខ​ក្រុម​សង្គមងងឹត​ចិន​គំរាម​បង្ក​អសន្តិសុខ​​នៅ​ខេត្ត​ព្រះសីហនុ

  • 2019-05-13 02:16:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា​ បង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះវីដេអូជនជាតិចិនសង្ស័យពាក់ព័ន្ធនឹងសង្គមងងឹតដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម។

យោងតាមទំព័រស្ថានទូត​ចិន កាលពីយប់ថ្ងៃទី១២ ខែឧសភា បានឲ្យដឹងថា "ក្នុងពេលថ្មីៗនេះ​ បុរសជាងដប់នាក់ដែលហៅខ្លួនឯងជាជនជាតិចិនមកពីទីក្រុង Chongqing បានបង្ហោះវីដេអូខ្លីមួយពាក់ព័ន្ធនឹងសកម្មភាពសង្គមងងឹត​ ​និយាយយ៉ាងក្អេងក្អាងថា នឹងបំពុល​ដល់សន្តិសុខនៅខេត្តព្រះសីហនុ។ ស្ថានទូតចិនប្រចាំកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ​ និងបានជួយសម្របសម្រួលដល់សមត្ថកិច្ចនៃប្រទេសចិន​ និងកម្ពុជា​ ដេីម្បីបេីកការស៊េីបអង្កេតអោយបានគ្រប់ជ្រុងជ្រោយលេីបញ្ហាមួយនេះ​។ ជឿជាក់ថាការពិតនៃបញ្ហានេះនឹងត្រូវបានលាតត្រដាងក្នុងពេលឆាប់ៗ​ ករណីមានការវិវត្តន៍អ្វីថ្មី​ យេីងខ្ញុំនឹងធ្វេីការប្រកាសជូនដំណឹងបន្តទៀតអោយបានទាន់ពេល"។

តាមរយៈវិដេអូឃ្លីបដែលមានរយៈ​ពេល​៩វិនាទី គឺ​ឃើញមាន​ក្រុម​ជន​ជាតិ​ចិន​ប្រមាណ​ជាង ១០នាក់ និងមាន​សាក់លើខ្លួន ដោយ​ក្នុង​នោះឃើញបុរសពាក់អាវយឺតស បានប្រកាសខ្លាំង​ថា កំពង់សោមមានស្ថេរភាព ឬអត់ ស៊ីសង លើក្រុមវា។

នាយ​ឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គ​ស្នងការ​នគរ​បាល​ជាតិ បានថ្លែងប្រាប់ខ្លីៗថា លោកបានបញ្ជាឲ្យសមត្ថកិច្ចជំនាញដែល​ពាក់​ព័ន្ធធ្វើ​ការ​ស្រាវ​ជ្រាវរកក្រុមសង្គមងងឹតចិនមួយ​ក្រុមនោះហើយ។

បន្ទាប់​ពីលេចចេញ​វិដេអូក្រុម​សង្គមងងឹតចិនប្រកាសបែបនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គ​ស្នងការ​នគរ​​បាល​ជាតិ បានបញ្ជាឲ្យសមត្ថកិច្ចជំនាញសហការជាមួយស្នងការនគរបាលខេត្តព្រះសីហនុ ចុះបង្ក្រាប​ក្រុមសង្គមងងឹតចិននេះ ដើម្បីយកមកចាត់វិធានការតាមច្បាប់កម្ពុជា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;