នាយករដ្ឋមន្រ្តី​នេប៉ាល់ ថា​នឹងរៀនសូត្រ​ពីកម្ពុជា ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច

  • 2019-05-14 02:19:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ខេ ភី សាម៉ា អូលី នាយករដ្ឋមន្រ្តីនេប៉ាល់ បាន​ថ្លែង​ថា នៅក្នុង​អំឡុងពេល​ទស្សនកិច្ច​នៅព្រះរាជាណាចក្រកម្ពុជា​ក្នុងរយៈពេល ៥ឆ្នាំ​មុន និង​រយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ លោក​បាន​មើលឃើញថា​ ប្រទេសកម្ពុជា​មានការ​រីកចម្រើន​ខ្លាំងណាស់ ជឿនលឿន ជាប្រទេស​មាន​សន្តិភាព ស្ថិរភាព​នយោបាយ និងមាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ក្រោមការ​ដឹកនាំ​របស់​សម្តេច ហ៊ុន សែន។

លោកបន្តថា កម្ពុជា​នឹងអាច​បន្តការ​អភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច​កាន់តែ​ខ្លាំងក្លា​ជាងនេះ​ថែមទៀត ជាមួយ​នឹង​វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍ ដែល​ប្រទេស​នេប៉ាល់​ នឹងរៀនសូត្រ​ពីប្រទេសកម្ពុជា​ នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​នេះ​ផងដែរ។

ការថ្លែងរបស់នាយករដ្ឋមន្រ្តីនេប៉ាល់​ខាងលើនេះ ធ្វើឡើង​ក្នុង​ជំនួប​ជាមួយសម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីរសៀល​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅ​វិមាន​សន្តិភាព។

លោក ខេ ភី សាម៉ា អូលី បាន​មាន​ប្រសាសន៍​ថា ការបំពេញ​ទស្សនកិច្ច​របស់​សម្តេច​តេជោ​នាយរកដ្ឋមន្ត្រី នៅប្រទេស​នេប៉ាល់​កន្លងមក​នេះ គឺបាន​ធ្វើឲ្យរូប​លោក​មានចិត្តរីករាយ​យ៉ាងខ្លាំង ដូចដែល​បានមក​ទស្សនកិច្ច​នៅព្រះរាជាណចក្រកម្ពុជា​នាពេលនេះ ដែលទស្សនកិច្ចលើកនេះ​គឺជាការ​បើកនូវ​ទំព័រថ្មី​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា-នេប៉ាល់ ជាពិសេស​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ឡើងដល់​កម្រិត​ថ្មីមួយ​ទៀត ដើម្បី​ពង្រីក និង​ពង្រឹង​ឲ្យកាន់តែ​រឹងមាំ​ថែមទៀត​នៃ​ទំនាក់ទំនង និង​សហប្រតិបត្តិការ​នៃប្រទេស​ទាំងពីរ។ ទំនាក់ទំនងទ្វេភាគី​នេះមាន​សក្កានុពល​ខ្លាំងនៅ​លើគ្រប់វិស័យ ដើម្បីរុញអ្វី​ដែលប្រទេស​ទាំងពីរ​កំពុងតែ​សហប្រតិបត្តិការ​ជាមួយគ្នា។

ក្នុង​ជំនួបនេះ សម្តេច ហ៊ុន សែន ក៏​បានកោត​សរសើរ​ចំពោះ​ការវិវឌ្ឍ និងការ​រីកចម្រើន​របស់​ប្រទេស​នេប៉ាល់ ជាពិសេស​ក្រោយការ​បោះឆ្នោត​ដោយសេរី និងប្រជាធិបតេយ្យ​ នៅប្រទេសនេប៉ាល់ កាលពីឆ្នាំ​២០១៧ ដែល​រហូតមកដល់​ពេលនេះ មាន​សន្តិភាព ស្ថិរភាព​នយោបាយ និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រីកចម្រើន។

ជាមួយគ្នា​នេះ សម្តេច​តេជោ ក៏បាន​អបអរ​សាទរ​ចំពោះ​ប្រទេស​នេប៉ាល់ ដែលបាន​បាញ់​ឡើង​នៃ​ផ្កាយរណប ទៅកាន់​អាកាស កាលពី​ឆ្នាំ២០១៦​កន្លងទៅនេះ ដែលជា​បទពិសោធន៍​ជោគជ័យមួយ​របស់​ប្រទេស​នេប៉ាល់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;