មូលហេតុ ដែល​ក្រុង​ហាណូយ​​នឹង​បញ្ឈប់​ការ​ជិះ​​​ម៉ូតូ​គ្រប់​ប្រភេទ

  • 2019-05-15 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​វៀតណាម កំពុង​ចាត់​វិធានការ​ធំៗ​ជា​ច្រើន ដើម្បី​ពង្រឹង​គុណភាព​ខ្យល់​អាកាស​នៅ​ក្នុង​ទីក្រុង​ហាណូយ ហើយ​ក្នុង​ចំណោម​នោះ មាន​មួយ​គឺ​ជា​គម្រោង​បញ្ឈប់​ការ​ជិះ​ម៉ូតូ​គ្រប់​ប្រភេទ​នៅ​ត្រឹម​ឆ្នាំ​២០៣០​ ខាង​មុខ។

កាល​ពី​ឆ្នាំ​២០១៦ ហាណូយ​បាន​ទទួល​រង​នូវ​ការ​បំពុល​ខ្យល់​អាក្រក់​បំផុត​លំដាប់​ថ្នាក់​ទី​២ នៅ​ក្នុង​តំបន់​អាស៊ាន បន្ទាប់​ពី​ខេត្ត Saraburi ដែល​ជា​តំបន់​ឧស្សាហកម្ម​យ៉ាង​មមាញឹក​របស់​ថៃ។ យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក WHO បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៧ ខ្យល់​អាកាស​ដែល​អាច​​ចាត់​ទុក​ថា​ល្អ​នៅ​ក្នុង​ទីក្រុង​ហាណូយ មាន​រយៈពេល​ត្រឹម​តែ ៣៨​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ។

ទីក្រុង​ហាណូយ ប្រទេស​វៀតណាម/ រូបភាព៖ Nhan Dan
ជា​ជម្រក​របស់​ពលរដ្ឋ​ប្រមាណ ៧,៧​លាន​នាក់ ហាណូយ​សម្បូរ​ទៅ​ដោយ​ម៉ូតូ​រាប់​សិប​ម៉ឺន​គ្រឿង​ឯណោះ ដែល​ធ្វើ​ចរាចរណ៍​រៀងរាល់​ថ្ងៃ​នៅ​តាម​ដង​ផ្លូវ​នានា។ ការ​ប្រើប្រាស់​ម៉ូតូ​ដ៏​ច្រើន​នេះ ជា​ប្រភព​​ចម្បង​នៃ​ការ​បំពុល​អាកាស គួប​ផ្សំ​នឹង​ការ​បំពុល​ដែល​បញ្ចេញ​ដោយ​រោងចក្រ​ថាមពល​ធ្យូងថ្ម ​និង​ឧស្សាហកម្ម​ធុន​ធ្ងន់ ជា​ដើម។

ការ​បំពុល​ខ្យល់​អាកាស​ហក់​ដល់​ចំណុច​អតិបរមា គឺ​ចាប់​ពី​ខែ​ធ្នូ ដល់​ខែ​កុម្ភៈ ដែល​ស្ថិត​នៅ​អំឡុង​រដូវ​ប្រាំង​ប្រចាំ​ឆ្នាំ។ ហើយ​វា​ក៏​ជា​ពេល​វេលា​មួយ ដែល​ខ្យល់​កខ្វក់​ពី​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ចិន​ត្រូវ​បាន​បក់​ចូល​ទីក្រុង​ហាណូយ​ផង​ដែរ។ បើ​តាម​ការ​សិក្សា​កន្លង​ទៅ ខ្យល់​អាក្រក់​ដែល​បក់​ចូល​ហាណូយ ភាគ​ច្រើន​មក​ពី​ទីក្រុង​ធំៗ​នៃ​ខេត្ត Chengdu និង​ខេត្ត Chongqing របស់​ចិន។

ដើម្បី​ដោះស្រាយ​​បញ្ហា​​​ខ្យល់​អាកាស​មិន​ល្អ ក្រុម​ប្រឹក្សា​ទីក្រុង​ហាណូយ​បាន​​សម្រេច​ចាត់​វិធានការ​​បញ្ឈប់​ការ​ប្រើប្រាស់​ម៉ូតូ​​នៅ​ត្រឹម​ឆ្នាំ​២០៣០ ដោយ​ជំនួស​មក​វិញ​នូវ​ការ​បង្កើន​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ៕

ប្រែសម្រួល៖ ឈាង

អត្ថបទថ្មី
;