រដ្ឋមន្រ្តី​ទេសចរណ៍​កម្ពុជា-ចិន ឯកភាព​គ្នា​លើ​ចំណុច៦ ដើម្បីជំរុញ​​កិច្ច​សហប្រតិបត្តិការឱ្យ​ឈាន​ឡើង​មួយ​កម្រិត​ទៀត

  • 2019-05-17 01:40:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ឡ ស៊ូកាង រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន កាលពី​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន។ ក្នុង​ជំនួប​នេះ ភាគី​ទាំង២ បាន​ឯកភាព​គ្នា​លើ​ចំណុច​មួយ​ចំនួន ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​ឲ្យឈាន​មួយ​កម្រិត​ទៀត រួមមាន៖

១. ភាគីចិន​នឹង​គាំទ្រ​សកម្មភាព​នានា​របស់​កម្ពុជា ក្នុងការ​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ទីផ្សារចិន នាពេល​ខាងមុខ។

២. ភាគីចិន​បាន​ទទួលយក​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ចំនួន ១៣​ក្រុមហ៊ុន ជា​ជំហាន​ដំបូង​សិន បន្ទាប់ពី​ក្រុមហ៊ុន​ទាំងនោះ​ត្រូវបាន​វាយតម្លៃ​តាមប្រព័ន្ធ​បញ្ជាក់​គុណភាព​ទទួល​ទេសចរ​ចិន (China Accreditation System) ថាមាន​គុណភាព និង​លក្ខណៈ​សម្បត្តិ​ទទួល​ភ្ញៀវ​ចិន ដើម្បី​ផ្សព្វផ្សាយ​រកដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​ចិន។

៣. ភាគីចិន​ក៏នឹង​ជួយ​ពិនិត្យ​វាយតម្លៃ​បេក្ខភាព​ស្ថានតំណាង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ដើម្បី​អាចបម្រើ​ការជូន​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព។

៤. ភាគី​ចិន​នឹង​ផ្សព្វផ្សាយ​ឲ្យក្រុមហ៊ុន​ទេសចរណ៍​ចូលរួម​កម្មវិធី​តាំង​ពិព័រណ៍​ទេសចរណ៍​កម្ពុជា (CTM) និង​វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​លើកទី២ នៅ​អំឡុងខែ​តុលា ឆ្នាំ​២០១៩ ខាងមុខ ដែល​ពិធី​ទាំងនេះ នឹង​ប្រារព្ធ​ឡើង​នៅប្រទេស​កម្ពុជា។

៥. ភាគី​កម្ពុជា​នឹង​សម្រួល​ដល់ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​ចិន​នៅ​កម្ពុជា។

៦. ភាគី​ទាំងពីរ​ នឹង​ពង្រឹង​ការ​អនុវត្ត​រាល់​អនុស្សរណៈ​នៃការ​យោគយល់​គ្នា​នានា ដែលបាន​ចុះហត្ថលេខា​រួចហើយ។

សូម​រំលឹក​ថា ឆ្នាំ​២០១៨ កម្ពុជា​បាន​ទទួល​ទេសចរ​អន្តរជាតិ​ចំនួន ៦,២លាន​នាក់ ក្នុង​កំណើន ១១% ក្នុងនោះ​ទេសចរជនជាតិចិន​មានចំនួន ២,០២លាន​នាក់ កើនឡើង ៦៧%។ រយៈពេល​៣ខែ ដើមឆ្នាំ២០១៩​នេះ កម្ពុជា​បានទទួលទេសចរ​អន្តរជាតិ​ប្រមាណជាង ១,៨លាន​នាក់ កើនឡើង ៩,៧% ក្នុងនោះ​ទេសចរជនជាតិចិន​មានប្រមាណ​ជាង ៦៨ម៉ឺន​នាក់ កើន​ជាង ៣៥% ធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ​២០១៨៕

អត្ថបទ និងរូបថត៖ ក្រសួងទេសចរណ៍

អត្ថបទ៖ សំភី

អត្ថបទថ្មី
;