លោក ដូណាល់ ត្រាំ សង្ឃឹម​ថា អាមេរិក​នឹង​មិន​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ទេ

  • 2019-05-17 02:15:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​បង្ហាញ​ក្តីសង្ឃឹម​ថា អាមេរិក​នឹង​មិនធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ទេ បើ​ទោះបី​ជា​រយៈពេល​ចុងក្រោយ​នេះ ភាព​តានតឹង​រវាង​ប្រទេស​ទាំង២ មានការ​កើនឡើង​ខ្លាំង​ក៏ដោយ។

ការ​បញ្ជាក់​ខាងលើ​នេះ គឺក្នុង​ខណៈដែល​លោក​ ដូណាល់ ត្រាំ បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ស្វីស លោក Ueli Maurer កាលពី​ថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន។

រូបថត៖ AP
បើតាម​សេចក្តី​ថ្លែងការណ៍​មួយ​របស់​សេតវិមាន​ បានឱ្យដឹង​ថា ប្រធានាធិបតី​ទាំង២ បាន​ពិភាក្សា​គ្នា​អំពីបញ្ហា​អន្តរជាតិ រួមមាន​វិបត្តិ​នៅ​មជ្ឈិមបូព៌ា និង​នៅវេណេហ្ស៊ុយអេឡា។ ក្នុងនោះ លោក ត្រាំ បាន​អរគុណ​ភាគីស្វីស ដែល​បាន​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​សម្រប​សម្រួល​ក្នុង​ក្របខណ្ឌ​អន្តរជាតិ និង​ទំនាក់ទំនង​ការទូត ក្នុង​នាម​សហរដ្ឋអាមេរិក។

កាលពី​ដើម​សប្តាហ៍​នេះ គេ​មាន​ការបារម្ភ​ថា អាមេរិក និង​អ៊ីរ៉ង់ នឹង​អាច​ប៉ះទង្គិច​គ្នា បន្ទាប់ពី​អាមេរិក​ដកមន្រ្តី​ការទូត​មួយ​ចំនួន​ចេញពី​ស្ថានទូត​របស់ខ្លួន​នៅក្រុងបាដាដ ប្រទេស​អ៊ិរ៉ាក់ ដោយ​ខ្លាចមានការ​វាយប្រហារ​ពី​ក្រុមឧទ្ទាម​ស៊ីអ៊ីត​របស់​ប្រទេស​អ៊ីរ៉ង់។

កាសែត​វ៉ាស៊ីងតោន​ប៉ុស្តិ៍ បាន​ចេញផ្សាយ​ព័ត៌មាន​មួយ​កាលពី​យប់ថ្ងៃ​ពុធ ដោយ​ដកស្រង់​សម្តីមន្រ្តី​អាមេរិក ឱ្យដឹងថា លោក ដូណាល់ ត្រាំ ចង់ឱ្យមាន​ដំណោះស្រាយ​ការទូត​ជាមួយអ៊ីរ៉ង់ និងចរចា​ជាមួយ​មេដឹកនាំអ៊ីរ៉ង់​ដោយផ្ទាល់ ប៉ុន្តែ​បារម្ភ​ថា ទីប្រឹក្សា​របស់​លោក​មួយចំនួន​ជំទាស់ ហើយ​ជំរុញ​ឱ្យមានសង្គ្រាម​ទៅវិញ។

គួរ​កត់​សម្គាល់ដែរថា ការលើកឡើង​របស់​លោក ដូណាល់ ត្រាំ ខាងលើនេះ បាន​ធ្វើឡើង​ខណៈដែល​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ លោក Mohammad Javad Zarif បានធ្វើទស្សនកិច្ចនៅ​ប្រទេសជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏ជិតស្និទ្ធិ​របស់​អាមេរិក៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;