ការ​​ប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ Khmer Rally Raid 2019 ធ្វើ​ឡើង​ក្នុង​តំបន់​ព្រៃឡង់​

  • 2019-05-18 06:46:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ "ខ្មែរ រ៉ាលី រ៉េដ ឆ្នាំ ២០១៩" ក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាននិងធនធានធម្មជាតិ» បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៨ ខែឧសភា នេះ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។

ព្រឹត្តិការណ៍កីឡាផ្សាភ្ជាប់នឹងការផ្សព្វផ្សាយនិងអប់រំបរិស្ថាននេះ ត្រូវបានរៀបចំឡើង ក្រោមការគាំទ្រដោយក្រសួងបរិស្ថាន និងរៀបចំដោយក្រុមហ៊ុនខារ៉ាកម្ពុជា និងចូលរួមឧបត្ថម្ភពីក្រុមហ៊ុនឯកជនជាច្រើនទៀត។

ការប្រណាំង​ ចាប់ផ្ដើម​ចេញដំណើរចាប់ពីថ្ងៃទី១៧ ខែឧសភា និងបញ្ចប់វិញនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប ពិសេសគឺនឹងឆ្លងកាត់តំបន់ការពារដែនជម្រកសត្វព្រៃ «ព្រៃឡង់» លើចម្ងាយផ្លូវសរុបជាង ៦២៤ គីឡូម៉ែត្រ​ ដោយ​មានការចូលរួមពីការប្រកួតម៉ូតូ និងរថយន្តចំនួន ៤៥ គ្រឿង និងមានកីឡាករកីឡាការិនីចំនួន ៧២ នាក់មកពីប្រទេសចំនួន ៨ រួមមាន កម្ពុជា ថៃ អូស្ត្រាលី នូវែលសេឡង់ វែល ស្កុត់លែន បារាំង និងហូឡង់៕

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា «ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ ក្រោមប្រធានបទ «រួមគ្នាដើម្បីថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» នឹងចូលរួមផ្សព្វផ្សាយពីសក្តានុពលនៃដែនជម្រកសត្វព្រៃព្រៃឡង់ដែលសម្បូណ៌ដោយព្រៃឈើ និងជីវៈចម្រុះដល់សាធារណជន ក៏ដូចជាបណ្តុះស្មារតីស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិក្នុងចំណោមប្រជាពលរដ្ឋហើយយើងទាំងអស់គ្នាចូលរួមថែរក្សាបរិស្ថាននិងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស ក៏ដូចជាលើកតម្កើងនិងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ធម្មជាតិនៅជុំវិញ តំបន់នោះដែរ»។

នេះជាលើកទី៤ ហើយ ដែល សហព័ន្ធកីឡាយានយន្តកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនេះឡើង។ ដោយឡែក ឆ្នាំ ២០១៩ នេះជាឆ្នាំទី២ ដែលក្រសួងបរិស្ថានបានចូលរួមគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍នេះ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បង្ហាញជំនឿថា រូបភាពស្តីពីនៃភាពសម្បូណ៌បែបនៃធនធានធម្មជាតិ ក៏ដូចជាជីវភាពបងប្អូនប្រជាសហគមន៍មូលដ្ឋាននឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលបានចូលរួមផ្សព្វផ្សាយពីការប្រណាំងយានយន្តឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នេះក៏ដូចជាតាមរយៈកីឡាករកីឡាការិនីជាតិ និងអន្តរជាតិដែលបានចូលរួមព្រឹត្តិការណ៍ប្រណាំងយានយន្តនេះ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយសម្រាប់ទាញការចាប់អារម្មណ៍របស់សាធារណជនឱ្យចូលរួមថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ។ លោកបានថ្លែង ថា ដែនជម្រកសត្វព្រៃព្រៃឡង់មានផ្ទៃដីទំហំ ៤៣១ ៦៨៣ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តព្រះវិហារ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;