ភ្នំពេញ អាច​ក្លាយជា​ទីក្រុង​ឆ្លាតវៃ​ ដោយសារ​ចំណុច​អ្វីខ្លះ?

  • 2019-05-19 07:11:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​ហើយថា ក្រុង ៣ របស់​កម្ពុជា ​ត្រូវ​ជ្រើសរើស​ជា​ក្រុង​សាកល្បងគម្រោង​បណ្ដាញ​ក្រុង​ឆ្លាតវៃ​អាស៊ាន ដែល​រួមមាន ភ្នំពេញ បាត់ដំបង និង​សៀមរាប។

តើអ្វីទៅ​ជា​ទីក្រុង​ឆ្លាតវៃ?

លោក​បណ្ឌិត John Vong អតីត​អ្នក​ប្រឹក្សា​យោបល់​ជាន់​ខ្ពស់​របស់​ធនាគារ​ពិភពលោក ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ថ្លែង​ប្រាប់ [ខ្លីៗ] នៅ​ក្នុង​វេទិកា "ផ្លូវមួយ​ ខ្សែក្រវាត់​មួយ - ទីក្រុង​ឌីជីថល" នៅ​ទីក្រុង​ស៊ែមែន ខេត្ត​ហ៊្វូជៀន ប្រទេស​ចិន នា​ពេល​កន្លងមក​ថា មិន​មាន​និយមន័យ​ជាក់លាក់​ណាមួយ​ដែល​ត្រូវ​បានកំណត់​សម្រាប់​ពាក្យថា ទីក្រុង​ឆ្លាតវៃ​នោះទេ។ ប៉ុន្តែក្នុង​ន័យ​បច្ចេកទេស ទីក្រុង​ឆ្លាតវៃ គឺ​ជាទីក្រុង​ដែល​ប្រើ​បច្ចេកវិទ្យា​ព័ត៌មាន​ និងទំនាក់ទំនង (ICT) ដើម្បី​ពង្រឹង​​គុណភាពនៃ​សេវាកម្ម ដូចជា ការ​ដឹកជញ្ជូន និង​ថាមពល ជាដើម ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ធនធាន កាក​សំណល់ និងការ​ចំណាយ។

លោក​បណ្ឌិត John Vong អតីត​អ្នក​ប្រឹក្សា​យោបល់​ជាន់​ខ្ពស់​របស់​ធនាគារ​ពិភពលោក ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ថ្លែង​នៅ​ក្នុង​វេទិកា "ផ្លូវមួយ​ ខ្សែក្រវាត់​មួយ - ទីក្រុង​ឌីជីថល" នៅ​ទីក្រុង​ស៊ែមែន
**តើ​កម្ពុជា ត្រូវ​ធ្វើ​បែប​ណាខ្លះ ដើម្បី​ឲ្យ​ភ្នំពេញ និងក្រុង​ផ្សេងទៀត ក្លាយ​ទៅ​ជា​ក្រុង​ឆ្លាតវៃ (Smart City)?**

មុន​ឆ្លើយ​សំណួរ​នេះ លោក​បណ្ឌិត John Vong បាន​កំណត់​យក​ពាក្យ ៥ ដែល​ដំណាង​ឲ្យ​ពាក្យថា "SMART"៖

  • S : Strategic ៖ ជាទីក្រុង​ដែល​មាន​​យុទ្ធសាស្រ្ដ ឬទស្សនៈ​វិស័យ ពោល​គឺ​មុន​ដំបូង ត្រូវ​ដឹង​ថា​ក្រុង​នោះ សម​ជា​ទីក្រុង​អ្វី។ ឧទាហរណ៍ ​តើ​វា​ជា​ទីក្រុង​ពាណិជ្ជកម្ម ទីក្រុង​ទេសចរណ៍ ឬជា​ទីក្រុង​ឧស្សាហកម្ម​?

  • M : Monetization ៖ ទីក្រុង​នោះ ត្រូវ​តែ​មាន​លទ្ធភាព​លើ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​អភិវឌ្ឍ ឬ​ទូទាត់​ការ​ចំណាយ​ផ្សេងៗ ដើម្បី​ឲ្យ​ដំណើរការ​បាន​រលូន។

  • A : Affordability ៖ ទីក្រុង​នោះ ត្រូវ​តែជា​ទីក្រុង​ដែល​ផ្ដល់​សេវាសាធារណៈ​ផ្សេងៗ ក្នុង​តម្លៃ​ដែល​ពលរដ្ឋ​អាច​មាន​លទ្ធភាព​ចំណាយ។ ឧទាហណ៍​ដូចជា​ថ្លៃទឹក ថ្លៃ​អគ្គិសនី​ជាដើម។

  • R : Reliable ៖ សេវាកម្មសាធារណៈ​នានា ត្រូវ​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ទុកចិត្ត​បាន។ ឧទាហរណ៍ ឡាន​ក្រុង​ ឬ​រថភ្លើង ត្រូវ​មក​ដល់​ទៀងទាត់​​ម៉ោង អគ្គិសនី​ត្រូវ​តែ​ភ្ជាប់​វិញ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅបាន នៅពេលដាច់​ម្ដងៗ ជាដើម។

  • T : Transparency and Trustworthy ៖ មន្រ្ដី​ ត្រូវ​ធ្វើ​ការ​ប្រកប​ដោយ​វិជ្ជាជីវៈ ត្រូវ​ផ្ដល់​ភាព​ទុក​ចិត្ត​ដល់​ពលរដ្ឋ និង​ត្រូវ​សម្រេច​ចិត្ត​​ប្រកប​ដោយ​តម្លាភាព។

ក្រៅ​ពីពាក្យ ៥ ខាង​លើ លោក​បណ្ឌិតបាន​បន្ថែមថា មិនថា​ទីក្រុង​ភ្នំពេញ ឬ​ទីក្រុង​ណា​នោះទេ ដើម្បី​ក្លាយ​ជា​ទីក្រុង​ឆ្លាតវៃ ត្រូវ​មាន​ធាតុ​ផ្សំ ៣ សំខាន់ គឺ៖

  • ការអប់រំ

  • សុខាភិបាល

  • សេវា​ហិរញ្ញវត្ថុ

ត្រង់​ចំណុច​នេះ លោកបណ្ឌិត John Vong លើក​ឡើង​ថា ភ្នំពេញ មាន​គម្លាត​មិន​ឆ្ងាយ​ពី​ទីក្រុង​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ាន​នោះទេ ប៉ុន្តែ​ហាក់​ឆ្ងាយ​បន្តិច បើធៀប​នឹង​សិង្ហបុរី។ យ៉ាងណាក្ដី លោក​អះអាង​ថា ភ្នំពេញ អាច​ដើរ​ទៅ​មុខ​កាន់​តែ​លឿន ប្រសិន​បើ​អាច​ធ្វើ​រឿង​ទាំង ៣ ខាងលើ​បាន​ល្អ​ប្រសើរ។ លោក​បណ្ឌិត​ធ្លាប់​ប្រាប់​ [ខ្លីៗ] នា​ពេល​កន្លងមកថា វិស័យ​អប់រំ​នៅ​កម្ពុជា នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​ ឯ​វិស័យ​សុខា​ភិបាល​ ក៏​មិនទាន់​ល្អ​គ្រប់គ្រាន់ដែរ ប៉ុន្តែ​លោក​បាន​លើក​សរសើរ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ថា​កំពុង​មាន​សន្ទុះ​ខ្លាំង និ​ងមាន​ស្ថិរភាព។

លោកបណ្ឌិត John Vong ជា​អ្នកជំនាញ​ខាង​វិស័យ​ហិរញ្ញវត្ថុ។ អំឡុង​ពេល​លោក​ធ្វើ​ជា​អ្នក​ប្រឹក្សា​យោបល់​ជាន់ខ្ពស់​នៅ​ធនាគារ​ពិភពលោក លោក​ក៏ធ្លាប់​មក​កម្ពុជា ដើម្បី​ប្រឹក្សា​យោបល់​ទាក់ទង​នឹង​វិស័យ​នេះផងដែរ។

សូម​បញ្ជាក់ថា វេទិកា "ផ្លូវមួយ​ ខ្សែក្រវាត់​មួយ" លើក​ទី២ ធ្វើ​ឡើង​ក្រោម​ប្រធានបទ "ទីក្រុង​ឌីជីថល" កាលពី​ថ្ងៃ​ទី៨ ដល់ទី៩ ខែកញ្ញា​ចុងសប្ដាហ៍​កន្លងទៅ នៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ទីក្រុង​ស៊ែមែន ខេត្ត​ហ៊្វូជៀន ប្រទេសចិន ដោយ​មានការ​ចូលរួម​ពី​សំណាក់​​វាគ្មិន​ជាច្រើន។ ក្រៅ​ពី​នេះ​ ក៏មាន​​វត្តមាន​​អ្នកសារព័ត៌មាន​អន្តរជាតិ​ជាច្រើន​ ជាពិសេស​គឺ​អ្នក​សារព័ត៌មាន​ចិន និង​អាស៊ាន ដែល​ក្នុង​នោះ ក៏មាន [ខ្លីៗ] ផងដែរ។ វេទិកា​នេះ រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន IN CUBE របស់​សិង្ហបុរី និង​ Onexpo ក្នុង​គោល​បំណង​ផ្សព្វផ្សាយ និង​ជម្រុញ​ការ​អភិវឌ្ឍន៍​ទីក្រុង​ឌីជីថល៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;