កូនសត្វ​ជិត​ផុត​ពូជ​មួយប្រភេទ នឹងត្រូវ​ដោះលែង​ចូល​ទន្លេ​មេគង្ក ក្នុង​ខេត្ត​ក្រចេះ

  • 2019-05-21 02:21:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហកាជាមួយរដ្ឋបាលជលផលកម្ពុជា គ្រោងនឹងលែងកូនកន្ធាយក្បាលកង្កែប ឬល្មិច ចំនួន ២០០ក្បាល ចូលទៅក្នុងទន្លេមេគង្គ នៅកោះពែង ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ នា​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។

កូនសត្វ​កន្ធាយ​ក្បាល​កង្កែប
សេចក្ដីជូនដំណឹងរបស់អង្គការ WCS ចុះ​ថ្ងៃ​ទី២០ ខែឧសភា​ បានឲ្យដឹងថា បច្ចុប្បន្នកន្ធាយក្បាលកង្កែប ឬល្មិច (ឈ្មោះវិទ្យាសាស្ត្រ Pelochelys cantorii) ត្រូវបានចាត់ចូលក្នុងបញ្ជីក្រហម​របស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ ដោយសារកត្តាកំរាមកំហែងពីមនុស្ស និងធម្មជាតិ។

សេចក្ដី​ជូនដំណឹង​ដដែល​ បាន​បញ្ជាក់​ថា ដើម្បីទប់ស្កាត់ការបរបាញ់ និងការជួញដូរគ្រប់រូបភាព អង្គការ WCS និងរដ្ឋបាលជលផលកម្ពុជា បានសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអភិរក្សកន្ធាយក្បាលកង្កែបនេះ កុំឲ្យផុតពូជ តាមរយៈកម្មវិធីការពារសំបុក ការតាមដានមើលការអនុវត្តច្បាប់ ការអប់រំ និងផ្សព្វផ្សាយ បង្កើនការយល់ដឹងដល់ ក្រុមអ្នកនេសាទ និងសិស្សានុសិស្សនៅក្នុងតំបន់។

កន្ធាយ​ក្បាល​កង្កែប

WCS បានឲ្យដឹង​ទៀតថា កន្ធាយក្បាលកង្កែបនេះ ត្រូវបានក្រុមអភិរក្ស​ស្រាវជ្រាវរកឃើញសាជាថ្មីក្នុងអំឡុងឆ្នាំ២០០៧ នៅតាមបណ្ដោយទន្លេមេគង្គ ចម្ងាយប្រមាណ ៤៨គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តក្រចេះ ដល់ខេត្តស្ទឹងត្រែង៕

សកម្មភាព​លែង​កន្ធាយ​ក្បាល​កង្កែប​នាពេល​កន្លងមក

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;