Keisuke Honda និង​ Melbourne Victory ដល់​ផ្លូវ​បំបែក​ហើយ

  • 2019-05-21 04:39:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​អូស្ត្រាលី Melbourne Victory បាន​ប្រកាស​នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០១៩នេះ​ថា ក្លឹប​បាន​ចែកផ្លូវគ្នា​ជាមួយ​កីឡាករ​ជប៉ុន Keisuke Honda ហើយ។ ប៉ុន្តែ Honda នឹងត្រូវចូល​លេងចុងក្រោយ​ឱ្យក្លឹប ពេលប្រកួត​ជាមួយក្លឹប​ម្ចាស់ផ្ទះ Sanfrece Hiroshima ក្នុងវគ្គចែកពូល​ជុំចុងក្រោយ​នៃពានរង្វាន់ AFC Champions League 2019 នាយប់​ថ្ងៃពុធ​ស្អែកនេះ។

រូបថត៖ Goal
Honda បាន​ចូលរួម​ជាមួយ Melbourne កាលពីខែ​សីហា ឆ្នាំ​២០១៨។ ក្លឹបនេះ​បញ្ជាក់​ថា Honda គឺជា​កីឡាករ​អាជីព​លំដាប់​ពិភពលោក​ម្នាក់​ដែល​បាន​ទាក់ទាញ​មិត្តរួមក្រុម អ្នក​គាំទ្រ ក៏ដូចជា​លីគ Hyundai A-League នេះ​ទាំង​មូល​ផងដែរ។

ប្រធាន​ក្លឹប Melbourne លោក Trent Jacobs បាននិយាយ​ថា «យើង​សំណាង​ណាស់​ដែលបាន​គាត់ (Honda) មកចូលរួម​ជាមួយយើង​នៅ Melbourne Victory ក្នុង​រដូវកាល​នេះ (២០១៨-២០១៩)។ គាត់មាន​ទេពកោសល្យ​ដ៏មិនគួរ​ឱ្យជឿ​នៅលើ​ទីលាន»។

ចំណែក Honda វិញ​ក៏​បាន​បង្ហាញ​មោទនភាព​ដែល​បានលេង​នៅក្លឹបអូស្ត្រាលី​នេះ ហើយ​អរគុណ​ដល់អ្នក​គាំទ្រ​ផងដែរ។ «ខ្ញុំចាកចេញ​ពេលនេះ សម្រាប់​អាជីព​នៅថ្ងៃ​បន្ទាប់ ប៉ុន្តែនឹង​មិន​ភ្លេចពេលវេលា​របស់ខ្ញុំ​ នៅ Victory ឡើយ។»

Keisuke Honda បាន​បង្ហាញ​ខ្លួន ២៣លើក​ឱ្យ Melbourne Victory ក្នុង​រដូវកាល​នេះ រកគ្រាប់បាល់​បាន ៨គ្រាប់ និង​បាន​ជួយឱ្យក្លឹប​នេះ ឈរនៅលេខ​៣ក្នុង​តារាង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;