ស្នងការ​រាជធានី គ្រោងបង្កើត​ក្រុមកុម៉្មង់ដូ ហើយ​ស្នើឱ្យ​វៀតណាម​ជួយ​បណ្តុះបណ្តាល

  • 2019-05-21 08:12:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្ដមសេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាល​ជាតិ និងជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ភាគី​វៀតណាម ជួយ​បណ្ដុះ​បណ្ដាល និងបំប៉ន​ជំនាញ​ដល់​ក្រុម​កុម៉្មង់ដូ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​លោក​មានបំណង​បង្កើត​ឡើង។ នេះបើតាមការចុះ​ផ្សាយ​នៅលើ​ទំព័រហ្វេសប៊ុក​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

ការស្នើ​នេះ​ធ្វើឡើង​ក្នុងពេល​ដែល​លោក​ឧត្ដមសេនីយ៍​ឯក ស ថេត បាន​ទទួល​ជួប​គណ:ប្រតិភូ​វៀតណាម ដែលមក​បំពេញ​ទស្សនកិច្ច​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នាព្រឹក​ថ្ងៃទី២១ ខែ​ឧសភា ឆ្នាំ​២០១៩។

រូបថត៖ ហ្វេសប៊ុកស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ
លោក ស ថេត បានថ្លែង​ថា លោក​បាន​មកកាន់​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិនទាន់​បាន១ឆ្នាំ​នៅឡើយ​ទេ ដោយ​លោក​មាន​បំណង​បង្កើត​ក្រុម​កុម៉្មង់ដូ​ដែលមាន​គ្នាប្រមាណជា​៦០​នាក់។ ក្រុម​កុម៉្មង់ដូ​នេះ គឺត្រូវ​ចេះ​របៀប​បាញ់​កាំភ្លើង​វែង កាំភ្លើង​ខ្លី និង​របៀប​ការពារ​ថ្នាក់ដឹកនាំ​ផងដែរ។

នៅចំពោះមុខ​គណៈ​ប្រតិភូ​វៀតណាម លោក​ស្នងការ​រាជធានី​ភ្នំពេញ បានស្នើឲ្យ​ទទួលយក​សំណើ​ជួយ​បណ្ដុះ​បណ្ដាល និង​បំប៉ន​ជំនាញ​ដល់​ក្រុម​កុម៉្មង់ដូនេះ រាយការណ៍​ជូន​ថ្នាក់​ដឹកនាំ​វៀតណាម​ផង ព្រោះ​ធនធាន​មនុស្ស និង​សម្ភារៈ​សម្រាប់​បំពាក់​នោះ គឺ​ខាង​ស្នងការ​រាជធានី​ភ្នំពេញ បាន​ជ្រើសរើស និង​បញ្ជាទិញ​រួចរាល់​ហើយ តែ​នៅខ្វះ​ការ​បណ្ដុះ​បណ្ដាល​លើ​ជំនាញ​នេះ​ប៉ុណ្ណោះ។

ចាប់ពីពេល​នេះតទៅ​នៅ​ប្រទេស​កម្ពុជា នឹងមាន​កិច្ចប្រជុំធំៗ​ជាច្រើន ហើយ​ក្រុម​កុម៉្មង់ដូនេះ​​ទៀត​សោត ក៏ជួយ​បន្ថែម​ទៀត​ទៅលើ​ការ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ប្រជា​ពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​ផង។ នេះ​ជាការ​លើកឡើង​បន្ថែម​របស់​លោក ស ថេត។

គណ:ប្រតិភូ​វៀតណាម បាន​សន្យា​ថា នឹង​យក​សំណើ​នេះ​ទៅ​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​របស់​ខ្លួន ដើម្បី​ពិចារណា​ទៅលើ​ការ​ជួយ​បណ្ដុះ​បណ្ដាល និង​បំប៉ន​ជំនាញ​ដល់​ក្រុម​កុម៉្មង់ដូ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;