រាជរដ្ឋាភិបាល អរគុណ​ចិន​ ដែល​ប្រារព្ធព្រះរាជពីធីបុណ្យចម្រើនព្រះជន្មថ្វាយព្រះមហាក្សត្រខ្មែរ

  • 2019-05-21 10:38:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាជន និងប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន លោកស៊ី ជីងពីង (Xi Jinping) ដែលបានប្រារព្ធព្រះរាជពីធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នេះ បាន​បញ្ជាក់ថា នេះជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល ជាការបញ្ជាក់សាជាថ្មីនូវភាពរឹងមាំ មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយសាធារណៈរដ្ឋប្រជាមានិតចិនយ៉ាងជិតស្និទ្ធ ដែលពុំអាចបំបែកបាន។

ជាមួយគ្នានេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាមិនយកប្រជាជាតិណាមួយជាសត្រូវ ក៏ប៉ុន្ដែចាត់ទុកប្រជាជាតិទាំងនោះជាដៃគូទៅវិញ ដើម្បីបន្ដរក្សាបានសន្ដិភាព ស្ថិរភាព និងការរីកចម្រើន។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់សាជាថ្មីថា គោលជំហរដូចបានជម្រាបជូនខាងលើ គឺជានយោបាយការបរទេសកម្ពុជា ដើម្បីបន្ដរក្សាឱ្យមានសម្ព័ន្ធមិត្តគ្រប់ជាតិសាសន៍ទាំងអស់ ដោយមិនរើសអើងពណ៌សម្បុរ នយោបាយ ដើម្បីឱ្យកម្ពុជាទទួលបានផលប្រយោជន៍ពីភូមិសាស្រ្ដសេដ្ឋកិច្ច៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;