ជប៉ុន ​វិនិយោគ​ដាំ​ស្មៅ​ចំណី ១​ប្រភេទ​នៅ​កម្ពុជា

  • 2019-05-22 01:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​ដាំ​ស្មៅ​ចំណី Sorghum Silage នៅ​កម្ពុជា ត្រូវបាន​លើកឡើង​ក្នុងជំនួប​ពិភាក្សា​រវាង​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក Yuji SEGOSHI ​ទីប្រឹក្សា និង​ជាអ្នក​សម្រប​សម្រួល​គម្រោង​នៃ​អង្គការ JICA លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយកមជ្ឈមណ្ឌល​ជាតិ​កំចាត់​មីន​កម្ពុជា កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម។

បើតាម​ទំព័រ​ហ្វេសប៊ុក​លោក ហេង រតនា ឱ្យដឹងថា គម្រោង​នេះ ទទួល​បាន​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​រដ្ឋាភិបាលជប៉ុន តាមរយៈ​អង្គការ​ទីភ្នាក់ងារ​កិច្ចសហប្រតិបតិ្តការ​អន្តរជាតិ​ជប៉ុន​ (JICA) សម្រាប់​រយ:ពេល ០២ ឆ្នាំ ​(២០១៨-១៩)​ អនុវត្តដោយ​ក្រុមហ៊ុនANP សហការ និង​សម្របសម្រួល​ជាមួយ​អង្គការ​ស៊ីម៉ាក់ និងក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ដោយត្រូវដាំដុះ​នៅមណ្ឌល​អភិវឌ្ឍន៍ស៊ីម៉ាក់​មរតកតេជោ​ ស្ថិតនៅ​ឃុំឆ្លាស់​មាន់​ ស្រុកគាល់ក្រឡ​ ខេត្ត​បាត់ដំបង។ គម្រោង​នេះ​មាន​ថវិកា​ ជិត១លាន​ដុល្លារ​ ដោយជួយ​សាងសង់​ឃ្លាំង​ចំនួន១​ ទិញត្រាក់ទរ័​៤គ្រឿង​ និង​សម្ភារៈវេចខ្ចប់​ ផលិតកម្ម​ផលិតចំណី​ផ្អាប់​ស្មៅ Sorghum​ តាមខ្សែ​ចង្វាក់​គ្រឿងចក្រ​ទាំងស្រុង។

ពាក់ព័ន្ធនឹង​គម្រោង​ដាំស្មៅ​ចំណី Sorghum Silage នេះ លោក​រដ្ឋមន្ត្រី​បានធ្វើការ​គាំទ្រ និង​លើកទឹកចិត្ត​ ដោយលោក​បានបញ្ជាក់​ថា បច្ចុប្បន្នបច្ចេកវិទ្យា​កសិកម្ម​មាន​ការរីកចម្រើន ការប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​ស្ទើរតែ​ទាំងអស់ បានធ្វើឲ្យ​កសិករបង្វែរ​គោលដៅ​ពីការ​ចិញ្ចឹមគោ ក្របី​ សម្រាប់ជា​កម្លាំង​អូសទាញ មកចិញ្ចឹម​ដើម្បី​ធ្វើពាណិជ្ជកម្ម​វិញ ដែលការ​ផ្លាស់ប្តូរនេះ​ បានជួយ​ដល់ពួកគាត់​រកបាន​ចំណូលបន្ថែម​បាន​យ៉ាងល្អ ទន្ទឹមនឹង​ក្រសួង​កំពុងជំរុញ​ផលិតកម្ម​សត្វ និង​ចំណីសត្វ។

នាឱកាស​នេះ លោក Yuji SEGOSHE បានជម្រាប​ជូន​រដ្ឋមន្រ្តី​​ថា កាលពី​ឆ្នាំ ២០១៨ គម្រោង​ផលិត​បានជា​ចំណីសត្វ​បានប្រមាណជា​២១១​តោន សម្រាប់​ផ្គត់ផ្គង់​កសិដ្ឋាន​ចិញ្ចឹម​គោយក​ទឹកដោះមួយ​នៅរាជធានី​ភ្នំពេញ ដោយក្នុង​១តោន ទទួល​បានតម្លៃ​ពី ៧០-៨០ ដុល្លារ​អាមេរិក ហើយក្នុង​ឆ្នាំ២០១៩​នេះ គ្រោងបង្កើន​ការផលិត​ឲ្យបាន​៤៥០​តោន។

លោកបាន​បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន​ផលិតកម្ម​នៅមាន​កម្រិត ការផ្គត់ផ្គង់​មិនបាន​គ្រប់គ្រាន់​តាមតម្រូវការ​ទីផ្សារ បញ្ហា​ចម្បង​ក្នុងពេល​បច្ចុប្បន្ន​គឺមធ្យោបាយ និងតម្លៃនៃ​ការ​ដឹកជញ្ជូន រួមជាមួយ​ការកង្វះ​ប្រភព​ទឹក​ស្រោចស្រព។ ដោយឡែក ដោយពិនិត្យឃើញ​អំពីសក្តានុពល​នៃវិស័យកសិកម្ម​នៅកម្ពុជា ក្រុមហ៊ុន​ក៏មាន​បំណងបោះទុន​វិនិយោគយក​ស្មៅប្រភេទនេះ​មកផលិតជា​ជីកុំប៉ុស្តិ​សម្រាប់​បម្រើ​ឲ្យវិស័យ​កសិកម្ម​នាពេល​អនាគត​ផងដែរ៕

រូបថត៖ ហ្វេសប៊ុកលោក ហេង រតនា

អត្ថបទ៖ សំភី

អត្ថបទថ្មី
;