ទួលគោក នឹង​ក្លាយ​ជាតំបន់​សក្តានុពលថ្មី​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​បឹងកេងកង

  • 2019-05-22 02:44:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទួលគោក កំពុង​ទទួល​បាន​នូវការ​វិនិយោគ​លើ​គម្រោង​ខ្នាតធំ និង​អគារ​ខ្ពស់ៗ​ជា​បន្តបន្ទាប់ ក្រោយ​ទីតាំង​នេះ កំពុង​ត្រូវបាន​វិនិយោគិន​ក្នុង និង​ក្រៅស្រុក ចាប់អារម្មណ៍​វិនិយោគ សម្រាប់ គោលដៅបន្ទាប់ពី​តំបន់​បឹងកេងកង។ នេះបើ​តាមការ​ចុះផ្សាយ​របស់ AKP កាលពីថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩។

លោក George Hsieh ម្ចាស់​គម្រោង​ខុនដូ The View ក្នុងតំបន់​បឹងកេងកង បាន​បញ្ជាក់​ថា បន្ទាប់ពី​ទទួលបាន​ជោគជ័យ​លើការ​អភិវឌ្ឍ​គម្រោង​ខុនដូ នៅបឹងកេងកង​រួចមក បច្ចុប្បន្ន​ក្រុមហ៊ុន បាននឹង​កំពុង​ងាកមក​សាងសង់​គម្រោង​អគារ​ខុនដូទី២ ក្នុង​តំបន់​ទួលគោក ក្រោយមើលឃើញ​ពី​សក្ដានុពល​ក្នុងទីតាំង​នេះ។

ប្រធាន​ក្រុមហ៊ុន HoHsin Gevelopment Co.,Ltd និង​ជាម្ចាស់​គម្រោង The View 2 កម្ពស់​៣០ជាន់​រូបនេះ បានលើក​ឡើង​ថា តំបន់​ទួលគោក នឹង​ក្លាយជា​តំបន់​ដ៏មាន​សក្តានុពល​ខ្លាំង ដូចទៅនឹង​តំបន់​បឹងកេង​កងដែរ​ក្នុងពេល​អនាគត​ដ៏ខ្លី ខណៈ​ទីផ្សារ​ខុនដូ អាផាតមិន និង​ឧស្សាហកម្ម​អចលនទ្រព្យ​កំពុងមាន​កំណើន​យ៉ាងលឿន​បំផុត​នៅ​ទីតាំង​មួយនេះ។

លោកបន្ត​ថា ការ​បោះទុន​រាប់លាន​ដុល្លារ​វិនិយោគ​លើ​គម្រោង​ខុនដូ The View2 ក្នុង​តំបន់​ទួលគោក​នេះ គឺ​ដោយសារតែ​ក្រុមហ៊ុន​ បាន​សិក្សា​ឃើញ​ថា តំបន់​នេះ នឹង​ក្លាយជា​ទីតាំង​សក្ដានុពល​ថ្មីមួយទៀត​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​គម្រោង​វិនិយោគធំៗ​មួយ​ចំនួន បាននឹង​កំពុង​ពង្រីក​ខ្លួន​មកក្នុង​តំបន់​នេះ។

លោក George Hsieh បាន​បន្ថែម​ថា «ពួកយើង​ជឿជាក់​ថា ការអភិវឌ្ឍនេះ​នឹងផ្តល់​នូវភាព​ទំនើប​ទាក់ទាញ ក្នុងការរស់នៅដល់​ក្រុមគ្រួសារ និង​បរិយាកាស​ធ្វើការងារ សម្រាប់​អាជីវកម្ម​ធុន​តូច និង​មធ្យម ដ៏មាន​សក្តានុពល ជាមួយនឹង​ការិយាល័យ​ការងារ​ដ៏ទំនើប»។

កាល​ពីដើម​ខែឧសភា​នេះ ក្រុមហ៊ុន​ខ្នាតធំ​ក្នុងស្រុក Royal Group ក៏បាន​បង្ហាញ​ពីគម្រោង​អភិវឌ្ឍន៍​ចម្រុះ ដ៏សំខាន់​នៅក្នុង​តំបន់​ទួលគោក ជាមួយនឹង​ដៃគូ​សហការ​អភិវឌ្ឍន៍​អចលនទ្រព្យ Hong Lai Huat ដែលមាន​ទីតាំង​នៅប្រទេស​សិង្ហបុរី។ គម្រោង​ខ្នាតធំ​របស់​ក្រុមហ៊ុន Royal Group នេះ មានឈ្មោះ​ថា រ៉ូយ៉ាល់ផ្លាទីនីម (Royal Platinum) ជាមួយនឹង​ទំហំ​នៃការ​អភិវឌ្ឍ​ចំនួន ១០០ ០០០ ម៉ែត្រ​ការ៉េ។ គម្រោងអភិវឌ្ឍន៍​នេះ មានប្រភេទ​ផ្ទះ អាផាត​មិន ចំនួន ៨៥១​ខ្នង និង​ផ្ទះ​ដែលអាច​ធ្វើពាណិជ្ជកម្ម​បាន​ចំនួន ៥០ខ្នង។ លោក Mark Hanna នាយក​ផ្នែកហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Royal Group បាន​និយាយ​ថា ការ​អភិវឌ្ឍ​នេះ​មាន​សារៈសំខាន់ ប្រកបដោយ​ភាពរីក​ចម្រើន ក្នុងតំបន់​ទួលគោក ដែលជា​តំបន់​ដ៏សម្បូរបែប​មួយ នៅចំណុច​កណ្តាល​ទីក្រុង។

គួរ​រំលឹក​ថា ក្រៅពី​គម្រោង​ខាងលើ កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏​បានបើក​ការដ្ឋានសាងសង់​អគារ​ពាណិជ្ជកម្ម​ចម្រុះ​លំដាប់​អន្តរជាតិ កម្ពស់​៤៥ជាន់ នៅក្នុង​តំបន់​ទួលគោក ជាប់ទៅនឹង​ស្ពានអាកាស​តិចណូ​ផងដែរ៕

ប្រភព៖ AKP

អត្ថបទថ្មី
;