អ្នកគាំទ្រ​បេក្ខជន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ចាញ់ឆ្នោត ធ្វើបាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត

  • 2019-05-22 04:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អ្នកគាំទ្រ​បេក្ខជន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ដែល​មិន​ទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោត​កាលពីខែ​មេសា​កន្លងទៅ បាន​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត នៅ​ព្រឹកថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩​នេះ ដោយ​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស និង​បាន​ដុត​រថយន្ត​ប៉ូលិស ក្រោយ​​ការ​ប្រកាស​លទ្ធផល​ផ្លូវការ។

រូបថត៖ AP
ស្ថានភាព​នៃការ​តវ៉ានេះ បាន​ប្រែទៅ​ជា​អំពើហិង្សា​តាំងពី​យប់មិញ នៅពេល​ដែល​បាតុករ​ព្យាយាម​ហែក្បួន​សម្រុក​ចូលការិយាល័យ​របស់​ភ្នាក់ងារ​រៀបចំការ​បោះឆ្នោត​ក្នុងក្រុង​ហ្សាការតា។ ក្នុងនោះ មនុស្ស ២០​នាក់ ត្រូវ​បាន​ចាប់ខ្លួន។

អ្នកនាំពាក្យ​ប៉ូលិសក្រុង​ហ្សាការតា បាន​បញ្ជាក់​ថា ប៉ូលិស​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​កាំភ្លើង​បាញ់​ទឹក ដើម្បី​បំបែក​ហ្វូង​បាតុករ ដែល​បាន​គប់​ដុំថ្ម និង​ដប​សាំង​មកលើ​ប៉ូលិស។ រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​កម្លាំង ៥ម៉ឺន​នាក់ ដើម្បី​ទប់ទល់នឹង​ការ​តវ៉ានេះ។ ចំណែក​ប្រជាពលរដ្ឋ​ជាច្រើន បាន​ចាកចេញពី​ទីតាំង​នោះ ហើយផ្នែក​ខ្លះ​ក្នុងក្រុង ក៏ត្រូវបាន​ផ្អាក​ចរាចរណ៍​ផងដែរ។

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​របស់​ឥណ្ឌូណេស៊ី កាលពីថ្ងៃទី​២១ ខែ​ឧសភា បាន​ប្រកាស​លទ្ធផល​បោះឆ្នោត​ជាផ្លូវការ បង្ហាញ​ថា លោក Joko Widodo បាន​ឈ្នះ​ឆ្នោត​ធ្វើជា​ប្រធានាធិបតី​អាណត្តិ​ទី២ ជាមួយ​សំឡេង​ឆ្នោត ៥៥,៥% នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី១៧ ខែ​មេសា ឆ្នាំ​២០១៩។

អតីត​មេបញ្ជាការ​កងទ័ព​ពិសេស និង​ជាបេក្ខជន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នេះ លោក Prabowo Subianto បាន​បដិសេធ​មិន​ទទួល​យក​លទ្ធផល​នេះឡើយ ហើយបាន​ប្រកាស​ថាខ្លួន​ជាអ្នក​ទទួលជ័យជម្នះ។ លោក​គ្រោង​បន្ត​ប្តឹង​ជំទាស់​លទ្ធផលនេះ ទៅកាន់​តុលាការ​ធម្មនុញ្ញ​ទៀត​ផង ដោយ​ចោទថា មាន​ការ​ក្លែងបន្លំ​សន្លឹក​ឆ្នោត ប៉ុន្តែ​លោក​មិនមាន​ភស្តុតាង​បញ្ជាក់ឡើយ៕

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;