សម្តេច ហ៊ុន សែន នឹង​ចូលរួម​សន្និបាត​មួយ​នៅថៃ ក្រោម​មូលបទ «ការផ្តល់សិទ្ធិ​អំណាច​ជូនប្រជាជន...»

  • 2019-05-23 06:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​អញ្ជើញ​ទៅកាន់​ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០១៩ ដើម្បី​ចូលរួម​សន្និបាត​ប្រចាំ​ឆ្នាំ​លើកទី៧៥ របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​អង្គការ​សហប្រជាជាតិ សម្រាប់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) ក្រោម​មូលបទ «ការ​ផ្តល់សិទ្ធិ​អំណាច​ជូន​ប្រជាជន និង​ការ​ធានា​នូវ​បរិយាប័ន្ន​ភាព និង​សមភាព»។ នេះបើតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ នាថ្ងៃទី​២៣ ខែឧសភា​ ឆ្នាំ​២០១៩។

ការ​ចូលរួម​របស់សម្តេច គឺតបតាម​ការអញ្ជើញ​របស់​លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ​របស់​ UN-ESCAP។

អម​ដំណើរ​សម្តេច​ ហ៊ុន សែន រួមមាន​លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធាន​គណៈកម្មាធិការ​នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​មួយ​ចំនួន​ទៀត។

ដោយ​ទទួល​ស្គាល់​នូវ​សមិទ្ធផល​ដ៏ធំធេង​ដែលកម្ពុជា​សម្រេចបាន ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម UN-ESCAP បាន​គោរព​អញ្ជើញ​សម្តេច ហ៊ុន សែន ថ្លែង​សុន្ទរកថា​គន្លឹះ​នៅក្នុងពិធី​បើកសន្និបាត ដោយ​ផ្តោត​ជាសំខាន់​ទៅលើ​បទពិសោធន៍​របស់​កម្ពុជា ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដែលបាន​លើកកម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;