កីឡាករ​ថៃ ពេជ្រ មរកត សម្រេច​សាង​ភ្នួស មិន​ប្រកួត​ម្ដងទៀត​ទល់នឹង​ Petrosyan នោះទេ

  • 2019-05-23 07:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដូចដែលប្រិយមិត្ត​បានដឹងហើយថា ជ័យជម្នះ​របស់​ប្រដាល់​ថៃ Petchmorakot Petchyindee Academy លើ​អ្នកប្រដាល់​អ៊ីតាលី Giorgio Petrosyan នៅក្នុង​ការប្រកួត​ដណ្ដើម​ប្រាក់​១លាន​ដុល្លារ ONE Featherweight Kicboxing World Grand Prix នៅ​សិង្ហបុរី កាលពីថ្ងៃ​ទី១៧ ខែឧសភា ត្រូវ​ចាត់​ទុក​ជា​មោឃៈ ក្រោយ​រកឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ដាក់​ពិន្ទុ​ (ចុចអាន)។

Petchmorakot ក្រោយឈ្នះ​ការប្រកួត (រូបភាព៖ ONE Championship)
លោក Chatri Sityodtong ប្រធាន និងជា​នាយកប្រតិបត្តិ ONE Championship បានប្រកាស​ឲ្យ​កីឡាករ​ទាំង ២ ប្រកួត​គ្នា​ជាថ្មី ដើម្បី​រក​អ្នកឈ្នះ ឡើង​ទៅ​វគ្គ ៤នាក់​ចុងក្រោយ ប៉ុន្តែ​នៅ​ពេល​នេះ ភាគី​ខាង Petchmorakot បាន​ប្រកាស​បដិសេធ​មិន​ព្រម​ប្រកួត​ជាថ្មីនោះទេ ពោលគឺ​ដក​ខ្លួន​ចេញ​ពី​កម្មវិធី​តែម្ដង។

តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​របស់​លោក Nuttadaj Vachirarattanawong ប្រធាន​ក្លឹប​ប្រដាល់ Petchyindee Academy បាន​ឲ្យដឹងថា Petchmorakot ត្រូវ​ទៅ​សាង​ភ្នួស ដោយសារ​មុន​ពេលប្រកួត កីឡាករ​រូបនេះ បានសន្យា​ថា​នឹង​ទៅ​បួស​មួយរយៈ ប្រសិន​បើឈ្នះ។

Petchmorakot ក្រោយ​ចប់​ការប្រកួត (រូបភាព៖ ONE Championship)

សេចក្ដី​ថ្លែងការណ៍​ជា​ភាសា​ថៃ របស់​លោក Nuttadaj មាន​ខ្លឹមសារ​ជា​ភាសា​ខ្មែរ ដូចខាងក្រោម៖

"ខ្ញុំសូមទោស​អ្នកគាំទ្រ​ជនជាតិ​ថៃ​ ដែល​មិន​ពេញ​ចិត្ត​សេចក្ដី​សម្រាប់ ONE Championship ដែល​បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ម្ដង​ទៀត​ជាមួយ Giorgio Petrosyan ដោយសារ​ហេតុផល​យើង​រំលោភ​ច្បាប់​នៃ​ការប្រកួត"។

"យើង​ទាំង​អស់គ្នា បាន​ប្រឹងប្រែង​អស់​ពី​លទ្ធភាព​សម្រាប់​ការប្រកួត​​នោះ។ យើង​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ទោះ​បី​ជា​ដឹង​ថា​យើង​ចាញ់​ប្រៀប​គេ បើ​គិត​លើ​ច្បាប់ Kickboxing ដែល​បិទ​មិន​ឲ្យ​ប្រើ​កែង និង​មិន​ទុក​ពេល​ឲ្យ​វ៉ៃ​ជង្គង់​ច្រើន។ ប៉ុន្តែ​យើង​បាន​យល់​ព្រម​ចូលរួម​ក្នុង​ការប្រកួត​នោះ ដោយសារ​យើង​ចង់​ឈ្នះ​ការប្រកួត​ប្រជែង​ថ្មី។ ខ្ញុំ​ចង់​បញ្ជាក់​ម្ដងទៀតថា យើង​សម្រេច​ចិត្ត​ចូលរួមប្រកួតនា​ពេល​នោះ គឺ​មិន​មែន​ដោយសារ​លុយ ៣២លាន​បាត (១លាន​ដុល្លារ) នោះទេ ព្រោះ​ពេល​នោះ​គ្មាន​អ្នកណា​ដឹង​ពីប្រាក់​រង្វាន់​នេះ​ទេ រហូត​ដល់​ ៣ថ្ងៃ​មុនប្រកួត ទើប​គេ​ប្រកាស​។ ហេតុផល​តែមួយគត់​ដែល​ធ្វើ​ឲ្យ​យើង​ព្រម​ប្រកួត គឺ​ដោយសារ​តែ​យើង​ចង់​ប្រកួត​ប្រជែង ​ចង់​ធ្វើ​ឲ្យ​ពលរដ្ឋ​ថៃ​មាន​មោទនភាព។ Petrosyan មាន​បទពិសោធន៍​វ៉ៃ Kickboxing រាប់​រយ​ប្រកួត​ ប៉ុន្តែ Petchmorakot ទើប​វាយ​បាន​ម្ដង​ប៉ុណ្ណោះ"។

"ទោះ​ជា​បែបនោះ​ក្ដី យើង​នៅ​តែ​ប្រកួត ដោយ​មិន​បាន​ចចារ​អ្វី​នោះទេ។ យើង​ព្រម​ប្រកួត​ទល់នឹង​កំពូល​កីឡាករ​ប្រដាល់ Kickboxing បើ​ទោះ​បី​ជា​យើង​នៅ​កម្រិត​ក្រោម​គេ​ក៏ដោយ"។

Petchmorakot កោសក់សាងព្រះភ្នួស

"ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​ចំពោះ Petchmorakot។ គាត់​ពិត​ជា​បាន​ព្យាយាម​អស់​ពីលទ្ធភាពដើម្បី​ជ័យជម្នះ​នេះ។ គាត់​បាន​ហ្វឹកហាត់​យ៉ាង​ខ្លាំងក្លា​រយៈពេល ២ខែ គាត់​រត់​ជិត ៤០គីឡូម៉ែត្រ ពី​អាកាសយានដ្ឋាន​សុវណ្ណភូមិ ទៅ​កាន់​ស្ដូបព្រះ​បរមរូប​ព្រះមហាក្សត្រ​ជូឡាឡុងកន។ ស្អែក​នេះ គាត់​នឹង​ទៅ​បួសជា​ព្រះសង្ឃ ដូច​អ្វី​ដែល​គាត់​ធ្លាប់​សន្យា​ថា​នឹង​ទៅ​បួស ប្រសិន​បើ​ឈ្នះ..."។

"យើង​ជឿជាក់ថា នេះ​មិនមែន​ជា​កំហុស​យើង​ទេ។ បញ្ហា​គឺត្រង់ថា ច្បាប់​ក្បួន Kickboxing នៅ ONE Championship មានភាព​មិន​ច្បាស់​លាស ចំណែក​ឯ​លទ្ធផល​ប្រកួត​ក៏បាន​ប្រកាស​រួចហើយដែរ។ យើង​គួរតែ​អាច​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ បើ​យោង​តាម​ច្បាប់ ប៉ុន្តែ​ក្រុមប្រឹក្សា​ភិបាល​របស់ ONE សម្រេច​ចាត់​ទុក​លទ្ធផល​នេះ​ជា​មោឃៈ ហើយ​ទាមទារ​ឲ្យ​ប្រកួត​សាជាថ្មី បើ​ទោះ​​បី​វា​មិន​មែន​ជា​កំហុស​យើង​ក៏ដោយ"។

Petrosyan (ឆ្វេង) និង Petchmorakot (រូបភាព៖ ONE Championship)

"ក្នុងនាមអ្នកតំណាង​ Petchmorakot Petchyindee Academy ខ្ញុំ​សូម​ស្នើ​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត ONE Featherweight Kicboxing World Grand Prix ព្រោះ​ថា បើយើង​ព្រម​ប្រកួត​ម្ដងទៀត ហើយ​រឿងដដែល​កើត​ឡើង​ម្ដងទៀត ក៏គង់​តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ Petrosyan មិន​ទទួល​យក​ដដែល ដូច្នេះ​គ្មាន​ហេតុផល​ណា ដែល​យើង​អាច​ឈ្នះ​ការប្រកួត​នេះទេ"។

"ជា​ចុងក្រោយ សូមអរគុណ​ការ​លើក​ទឹកចិត្ត​ពី​សំណាក់​អ្នកគាំទ្រ​ទាំងអស់ ហើយ​ក៏សូមទោស ដែល​ធ្វើ​ឲ្យ​ប្រជាជន​ថៃ ខកចិត្ត"៕

ចុចអាន៖ ជ័យជម្នះ​របស់​កីឡាករ​ថៃ ពេជ្រ មរកត លើ​ជើងខ្លាំង​អ៊ីតាលី Petrosyan ត្រូវ​ទុក​ជា​មោឃៈ ហើយ​ប្រកួត​ឡើង​វិញ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;