កម្ពុជា-ជប៉ុន ចុះ​កិច្ច​ព្រមព្រៀង​លើ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយលូ​ទឹក​កខ្វក់ នៅ​បឹង​ជើងឯក

  • 2019-05-23 09:10:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​បណ្ឌិត អ៊ីតូ មិមប៉េអ៊ិ​ (Dr.lto Mimpei) ប្រធាន​ដឹកនាំ​ក្រុមការងារ​ត្រៀមការ​សិក្សា​ស្រាវជ្រាវ នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុនJICA របស់​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ចុះហត្ថលេខា លើ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយលូ​ទឹក​កខ្វក់ នៅបឹង​ជើងឯក ក្រោយពី​សិក្សាស្រាវ​ជ្រាវ​អស់រយៈពេល ១២ខែ។ នេះបើតាមការ​ចុះផ្សាយ​របស់ AKP។

រូបថត៖ រដ្ឋបាល​រាជធានីភ្នំពេញ
លោក ឃួង ស្រេង បាន​អគុណ​ចំពោះ​ដៃគូ​អភិវឌ្ឍន៍ JICA ជប៉ុន ដែល​តែងតែ​បន្ដ​ជួយ​ដល់​កិច្ចដំណើរការ​អភិវឌ្ឍន៍​សំខាន់ៗ។ ជាក់ស្តែង​គម្រោង​កែលម្អ​ប្រព័ន្ធ​ទឹកកខ្វក់​ក្នុង​រាជធានី​ភ្នំពេញ ដែល​គម្រោង​នេះ បានផ្តោត​សំខាន់​ទៅលើ​ការធ្វើឱ្យ​ប្រសើរ​ឡើង និងការ​កែ​លម្អបរិ​ស្ថាន​ទីក្រុង​ ប្រកបដោយ​ប្រសិទ្ធភាព​និរន្តរភាព និង​ការពារ​បរិស្ថាន​ព្រមទាំង​បាន​លើក​កម្ពស់ ដល់​សោភ័ណភាព​រាជធានីភ្នំពេញ សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ នៅក្នុង​បរិស្ថាន​ស្អាត​ប្រកបដោយ​ផាសុកភាព ជាពិសេស​ផ្តល់ភាព​រីករាយ​ដល់​ប្រជាពលរដ្ឋ​ថែមទៀត។

លោក​អភិបាល​​បាន​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ នៅតែ​បន្ដ​ចាប់ដៃ​គូ​អភិវឌ្ឍន៍​ដ៏ល្អ​ជាមួយ​ក្រុមការងារ​គម្រោង​របស់JICAរួមជាមួយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ មន្ត្រី​សាលារាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ីធីអាយ(CTI) ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​ស្រាវជ្រាវ​អស់​រយៈពេល១២​ខែ រហូតបាន​បញ្ចប់​ការសិក្សា​ និង​ដាក់​ចេញ​ជារបាយការណ៍​បញ្ចប់​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយលូ​ទឹកកខ្វក់​នៅបឹង​ជើងឯក ហើយឈាន​មកដល់​ការចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រវាង​ភាគី​ទាំងពីរ​នាពេលនេះ។

គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹកកខ្វក់​នៅបឹង​ជើងឯក នឹង​ត្រូវក្លាយជា​គម្រោង​គំរូ​ដំបូង​បង្អស់ សម្រាប់​រដ្ឋបាល​រាជធានីភ្នំពេញ​ លើការកែច្នៃ​ទឹក​កខ្វក់ ក្នុងបរិមាណ ៥០០០ម៉ែត្រ​គូប​ថ្ងៃ ដែល​មាន​តួនាទី​សំខាន់​ក្នុងការ​កាត់​បន្ថយការ​បំពុល​បរិស្ថាន​មួយ​កម្រិតធំ​ នៅ​ភាគខាងជើង​នៃរាជធានី​ភ្នំពេញ។ គម្រោង​នេះ នឹង​ត្រូវបាន​អនុម័ត​ជាផ្លូវការ​ពី​រាជរដ្ឋាភិបាល​ជប៉ុន​នាពេល​ឆាប់ៗ​ខាងមុខ​នេះ។ នេះជាការ​បញ្ជាក់​បន្ថែម​របស់​លោក ឃួង ​ស្រេង។ លោក​បណ្ឌិត អ៊ីតូ មិមប៉េអ៊ិ (Dr. lto Mimpei) បានមាន​ប្រសាសន៍​លើកឡើង​ថា ជាតិពុល​ដែលហូរចូល​ទៅក្នុង​ទន្លេបឹង​បួ​ ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ និង​សត្វ​យ៉ាងខ្លាំងក្លា។ តាមលទ្ធផល​នៃការ​ស្រាវជ្រាវ​ការ​ស្តារ​បរិស្ថាន​ឡើងវិញ​គឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​លើស​ពីការ​វិនិយោគ។ បញ្ហានេះ​ជា​ចំណុច​សំខាន់​ដែល​ត្រូវ ធ្វើប្រព័ន្ធលូ​បង្ហូរទឹក​ នៅដំណាក់កាល​បឋម​ដើម្បី​ទប់ទល់​ការ​ចំណាយ​ដ៏ច្រើន​នេះ។

លោកបាន​បន្ត​ទៀត​ថា គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយលូ​ទឹកកខ្វក់​នៅបឹងជើងឯកនេះ អាចបន្សុទ្ធ​ទឹកកខ្វក់​បាន​ក្នុងមួយ​ថ្ងៃ ៥០០០ម៉ែត្រ​គូប។ ក្រៅពីការ​អភិវឌ្ឍ​ផ្នែកខាងត្បូង​ហើយ​ផ្នែកខាងជើង​យើង​ក៏នឹង​ចូលរួម​ធ្វើការ​អភិវឌ្ឍ​ផងដែរ។ ក្រោយការ​ចុះហត្ថលេខា​លើ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយលូ​ទឹកកខ្វក់​នៅបឹង​ជើងឯក​នេះ​រួច JICA នឹង​បញ្ជូនទៅឱ្យ​រាជរដ្ឋាភិបាលជប៉ុន​ដើម្បី​ធ្វើការ​អនុម័ត​ចុងក្រោយ៕

ប្រភព៖ AKP

អត្ថបទថ្មី
;