ថ្ងៃនេះ​ជា​ទិវា​អណ្តើក​ពិភពលោក

  • 2019-05-23 09:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្ងៃទី​២៣ ខែ​ឧសភា ត្រូវបាន​ជ្រើសរើស​ជាទិវា​អណ្តើក​ពិភពលោក​ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​អំពី​បញ្ហា​ប្រឈម​នានា​ដែល​ក្រុម​សណ្តាន​អណ្តើក (ឬ កច្ឆបសត្វ) កំពុង​ជួប​ប្រទះ។

បើតាម​ការចុះផ្សាយ​នៅលើ​ទំព័រហ្វេសប៊ុក​របស់​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ (ACCB) បាន​ឱ្យដឹងថា ក្នុង​ចំណោម​កច្ឆបសត្វ​ទាំង៣៦០ប្រភេទ​ដែលមាន​នៅទូទាំង​សកលលោក មាន​ជាង​ពាក់កណ្តាល​ហើយ​ដែល​កំពុង​ប្រឈមមុខ​នឹងការ​វិនាស​ផុតពូជ មូលហេតុ​បណ្តាល​មកពី​ការ​បាត់បង់​ទីជម្រក ការបរិភោគ​សាច់​អណ្តើក ការយក​អណ្តើក​មក​ចិញ្ចឹម​លេង និង​កត្តា​បម្រែបម្រួល​អាកាសធាតុ។

ប្រទេស​កម្ពុជា​មាន​អណ្តើក និង​កន្ធាយ​ទឹកសាប​រស់នៅ​សរុប ១៤​ប្រភេទ ដែលនេះ​មាន​ន័យថា​កម្ពុជា​ ជា​ប្រទេស​ដ៏សំខាន់​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក្នុងការ​អភិរក្ស​កច្ឆបសត្វ។

ការងារ​ចម្បង​មួយ​របស់​មជ្ឈមណ្ឌលនេះ ​គឺផ្តោតទៅ​លើការ​អភិរក្ស​កច្ឆបសត្វ។ សព្វថ្ងៃ មជ្ឈមណ្ឌល​មានអណ្តើក​សរុប​ប្រមាណ ១០​ប្រភេទ និង​គិតជា​ចំនួន​មាន​ជាង ៥០០​ក្បាល ក្នុងនោះ បានបង្កាត់​ពូជអណ្តើក​២ប្រភេទ​បាន​ដោយ​ជោគជ័យ ដែលជា​លទ្ធផល ​ទទួលបាន​កូនពី ២០០ ទៅ ៣០០​ក្បាល ពីការ​បង្កាត់​នេះ។ ជំហាន​បន្ទាប់​គឺការ​ព្រលែង​កូនដែល​បាន​ពីការ​បង្កាត់​ទាំងនោះ ចូលទៅក្នុង​ជម្រក​ធម្មជាតិ​វិញ ដែល​កម្មវិធី​ព្រលែង​នេះ មជ្ឈមណ្ឌល​រំពឹងថា​នឹងអាច​ធ្វើឡើង​ក្នុងរយៈកាល​បុន្មាន​ឆ្នាំ​ដ៏ខ្លីខាង​មុខនេះ ។

បន្ថែមពីលើនេះ មជ្ឈមណ្ឌល​ក៏ដើរតួជាទី​តាំងសង្គ្រោះ និងស្តារនីតិសម្បទា កច្ឆបសត្វ​ផងដែរ។ កាលពី​សប្តាហ៍មុន​នេះ ក្រោមការសហការ​ជាមួយក្រុមការងារ​មកពី​រដ្ឋបាល​ជលផល អង្គការ​សមាគម​អភិរក្សសត្វព្រៃ និង​មជ្ឈមណ្ឌល​អភិរក្ស​អណ្តើក‍ និង​កន្ធាយ​មេគង្គ ACCB បានជួយ​សង្គ្រោះ​កន្ធាយ​ក្បាល​កង្កែប ឬរមិចមួយ​ក្បាល។

កន្ធាយជំទង់​នេះ​បានលេប​ផ្លែសន្ទូច​ចូល​ទៅជាប់​ជ្រៅក្នុង​បំពង់ក។ នៅពេល​មកដល់​មជ្ឈមណ្ឌល ពេទ្យសត្វ​បានចាក់ថ្នាំ​ឲ្យកន្ធាយ​សន្លប់ និងដកយក​ផ្លែសន្ទូច​ចេញពី​បំពង់ក​ បានដោយ​ជោគជ័យ ។

នៅក្នុង​បញ្ជីក្រហម​របស់​អង្គការ​សហព័ន្ធអន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ IUCN កន្ធាយ​ក្បាលកង្កែប​ត្រូវបាន​ចាត់ចូល​ជា «ប្រភេទ​ដែល​កំពុង​រងគ្រោះ​ជិត​ផុតពូជ»។ ក្នុងរយៈពេល​ដ៏ខ្លី​ខាងមុខ​នេះ វានឹង​ត្រូវធ្លាក់​ជា «ប្រភេទ​ដែលកំពុង​រងគ្រោះ​ជិតផុត​ពូជខ្លាំង»។ កម្ពុជា​ដើរតួជា​ប្រទេស​ដ៏សំខាន់មួយ​សម្រាប់​ការអភិរក្ស​កន្ធាយ​ក្បាល​កង្កែប៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;