សម្តេច ស ខេង បញ្ជា​​ឱ្យ​​បង្ក្រាប​ល្បែង​ស៊ីសង​ និងទប់​ស្កាត់​​គ្រឿងញៀន​កុំឱ្យ​រាលដាល​ទៅដល់​ជនបទ

  • 2019-05-26 02:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជា​ឱ្យ​ស្នងការ​នគរបាល​ខេត្តមួយ​ចំនួន​ បង្ក្រាប​ល្បែង​ស៊ីសង ដែល​មាន​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ពីព្រោះ​មានការ​រិះគន់​ច្រើនណាស់​ថា អាជ្ញាធរ​មិនបង្ក្រាប។ ការថ្លែង​នេះ នៅក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និងឆ្លង​សមិទ្ធផល​នានា​នៅវត្តនទីជោត្តនារាម(ហៅ​វត្ត​ខ្យោកជើង)ស្ថិត​នៅក្នុង​ភូមិខ្យោក​ជើង ឃុំពពឹស ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង កាលពី​ព្រឹកថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៩។

សម្តេច ស ខេង ថ្លែងនាពេលកន្លងមក
ការបញ្ជា​ឲ្យបង្ក្រាប​ល្បែងស៊ីសង​នេះ គឺបន្ទាប់ពី​មានការ​រិះគន់ពី​សំណាក់​ប្រជាពលរដ្ឋ​រឿង​ល្បែងស៊ីសង​បង្កឲ្យមាន​អសន្តិសុខ និងកើត​មាន​អំពើ​លួច​ឆក់ប្លន់។

សម្តេចក្រឡាហោម​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ល្បែង​ស៊ីសង​ឥឡូវមាន​គេប្តឹង​ច្រើន គេតិះទៀន​នគរបាល​ថា ស្នងការ​ខេត្តនេះ ខេត្ត​នោះ ឬក៏អាជ្ញាធរ​ខេត្តនេះ ខេត្ត​នោះ ធ្មេចភ្នែក​មិនបង្ក្រាប​ល្បែង​ជល់មាន់ បាញ់ត្រី អាប៉ោង ទឹក ភ្លៀង»។

សូម​ជម្រាប​ថា នៅតាម​បណ្តា​រាជធានី-ខេត្តមួយ​ចំនួន​ កើតមាន​ល្បែង​ស៊ីសង​ដូចជា​នៅរាជធានី​ភ្នំពេញ មាន​ល្បែង ទឹកភ្លៀង បាញ់ត្រី ល្បែងភ្នាល់​ជ្រក​ក្រោម​ផ្លាក​អ៊ីនធឺណេត និង​ខេត្ត​បាត់ដំបង គឺល្បែង​ទឹកភ្លៀង ដែល​ពេញនិយម និងតាម​បណ្តា​ខេត្តមួយ​ចំនួន​ទៀត….។ ដោយសារតែ​ទីតាំង​ល្បែង ខ្លះមាន​អ្នក​ធំនៅពី​ក្រោយខ្នង ទើប​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប តែកន្លែង​មិនមាន​ខ្នងបង្អែក អាជ្ញាធរ​បង្ក្រាប ដែល​ជាហេតុ​ធ្វើឲ្យ​មានការរិះគន់​ពីសំណាក់​ប្រជាពលរដ្ឋ។

សម្តេច ស ខេង ក៏បាន​ថ្លែងទាក់ទង​រឿងគ្រឿងញៀន​ដែរថា បញ្ហា​គ្រឿងញៀន​ដែលជា​បញ្ហាគ្រោះថ្នាក់​សម្រាប់​ធនធាន​មនុស្ស ស្រទាប់​យុវវ័យ បើសិន​ណាជាប្រើ​គ្រឿងញៀន​នៅតាម​សាលារៀន នៅតាម​ភូមិ វាក្លាយ​ទៅជា​ក្មេង​ទំនើង ហើយ​គ្មាន​ថ្នាំព្យាបាល​ជាទេ។ «យើង​ខិតខំ​ធ្វើម៉េច​ដើម្បី​ទប់ស្កាត់​ឱ្យ​ខានតែ​បាន ​កុំឱ្យ​គ្រឿងញៀន​វា​រាលដាល​ទៅដល់​ជនបទ។ នៅ​រាជធានី និង​ទីប្រជុំជន​ធំៗ ដែល​មានរង្គសាល កន្លែង​កម្សាន្ត យើង​ក៏ត្រួត​ពិនិត្យ​ដើម្បី​និងបោស​សម្អាត​បង្ក្រាប​នៅកន្លែង​ហ្នឹង»។

រដ្ឋមន្រ្តីមហាផ្ទៃ បានលើកឡើង​ថា ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​របស់​សមត្ថកិច្ច មិនគ្រប់គ្រាន់​ទេ បើសិន​ជាគ្មាន​ការ​គាំទ្រ និងការ​ចូលរួម​ពីប្រជាពលរដ្ឋ ពី​លោកគ្រូ អ្នកគ្រូ ពី​សិស្សានុសិស្ស៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;