កូរ៉េ​គ្រោង​វិនិយោគ​លើបច្ចេកវិទ្យា​សូឡា​ថ្មី ដែលអាច​ស្តុក​ទឹកស្អាត និង​ផ្តល់​ថាមពល​អគ្គិសនី នៅ​កម្ពុជា

  • 2019-05-26 09:17:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អនុប្រធាន​សមាគមអ្នក​នាំចូល​កូរ៉េ (KOIMA) លោក ហ្គូហា ជាំង (Gyu-Ha Jang) បាន​បង្ហាញ​អំពី​គំនិត​ផ្ដួចផ្ដើម​វិនិយោគ​លើ​ប្រព័ន្ធ​ទឹកស្អាត និង​ថាមពល ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Solar Hope Farm ដែល​ជា​បច្ចេកវិទ្យា​ថ្មី អាចស្ដុក​ទុកនូវ​ទឹកស្អាត ក៏​ដូចជា​ផ្ដល់​ថាមពល​អគ្គិសនី ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ។ ការបង្ហាញ​នេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក ហ្គូហា ជាំង និង​លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០១៩ នៅទីស្តីការ​ក្រសួង។

លោក ហ្គូហា ជាំង បាន​ថ្លែង​ថា លោកមាន​គំនិត​ធ្វើការ​សាកល្បង​គម្រោង​នេះ​ជាមុនសិន ប៉ុន្តែ​លោកមាន​បំណង​ចាប់ដៃគូ​ជាមួយ​វិនិយោគិន​ក្នុងស្រុក ដើម្បី​អនុវត្ត​គម្រោង​នេះ។ ក្រៅពីនោះ លោកក៏​បានជម្រាបជូន​ថា សហការី​របស់​លោក មាន​ចំណាប់អារម្មណ៍​ជាខ្លាំង​ក្នុងការ​ពិនិត្យ​លទ្ធភាព​នាំចូល​ម្រេច​កំពត​ពីកម្ពុជា​ទៅ​កូរ៉េ​ផងដែរ។

លោក​រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​លោក ជាំង ដោយយល់​ថា ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីនេះ នឹងផ្ដល់​ផលប្រយោជន៍​ជូនប្រជាពលរដ្ឋ​នៅតាម​ជនបទ ជាពិសេស​នៅតំបន់​ ដែលមិនទាន់​មាន​អគ្គិសនី និង​ទឹកស្អាត។

ជាមួយគ្នា​នេះ លោក ប៉ាន សូរស័ក្ដិ ក៏បាន​ស្នើសុំ​ឱ្យ​លោក ជាំង រៀបចំ​ជា​សំណើ និង​ផែនការ​ធុរកិច្ច ឲ្យបាន​លម្អិត សម្រាប់​សម្រួល​ដល់ការ​ពិភាក្សា និង​ស្វែងរក​ដៃគូ​ធុរកិច្ច។ ចំពោះ​ម្រេច​កំពត ជម្រាបជូនថា ជាផលិតផល​សម្គាល់​ភូមិសាស្ត្រ ដែលមាន​ភាព​ល្បីល្បាញ និងមាន​តម្លៃខ្ពស់​ជាងម្រេច​ដទៃ ហើយ​បានលើកទឹក​ចិត្តឲ្យ​លោក ជាំង និង​សហការី ចុះទៅ​ពិនិត្យ​ចម្ការ​ម្រេចនៅកំពត​ផ្ទាល់ ដើម្បី​ស្វែងយល់​បន្ថែម និង​ពិនិត្យ​ឱកាស​នាំចេញ៕

អត្ថបទ និងរូបថត៖ ក្រសួង​ពាណិជ្ជកម្ម

អត្ថបទ៖ សំភី

;