ជប៉ុន យល់ព្រម​ទិញ​យន្តហោះ​បំបាំង​កាយ​ជាង ១០០​គ្រឿង ពី​អាមេរិក

  • 2019-05-28 02:19:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​អះអាង​ថា ប្រទេស​ជប៉ុន បាន​យល់ព្រម​ទិញ​យន្តហោះ​បំបាំង​កាយ F-35 (stealth figter jet) របស់​អាមេរិក ចំនួន​១០៥​គ្រឿង ដែល​នេះ​ជាការ​ទិញ​ដ៏ធំ​បំផុត​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​របស់​អាមេរិក។ លោក​បញ្ជាក់​ដូច្នេះ កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោយ​ជំនួប​ជាមួយ​លោក អាបេ ស៊ីនហ្ស៊ូ នៅ​ក្រុង​តូក្យូ។

រូបថត៖ Reuters
ការយល់​ព្រមទិញ​យន្តហោះ​ដែល​មាន​តម្លៃ​សរុប​ប្រមាណ ១០ពាន់​លាន​ដុល្លារ​នេះ ត្រូវបាន​ប្រទេស​ទាំង២ ពិភាក្សា​គ្នា តាំងពី​ខែធ្នូ ឆ្នាំ​២០១៨ ខណៈ​ដែល​រដ្ឋាភិបាល​​លោក អាបេ ស៊ីនហ្ស៊ូ អនុម័ត​បង្កើន​ការទិញ​យន្តហោះ​ចម្បាំង​របស់​ក្រុមហ៊ុន​អាមេរិក Lockheed Matin នេះ។

ការ​សម្រេច​យល់ព្រម​បែបនេះ បន្ទាប់ពី​យន្តហោះ​ចម្បាំង F-35A ដែល​កំពុង​បម្រើ​ក្នុងជួរ​កងទ័ព​ជប៉ុន បាន​ជួប​នូវបញ្ហា​បច្ចេកទេស​ជាច្រើន ពោលគឺ​កាលពី២​ឆ្នាំមុន មាន​យន្តហោះ​យ៉ាងហោច​ចំនួន ៧គ្រឿង បានចុះចត​ជាបន្ទាន់។ មិនតែ​ប៉ុណ្ណោះ កាលពីដើម​ខែមេសា​កន្លង​ទៅនេះ យន្តហោះ​ចម្បាំង​១គ្រឿង​ បាន​បាត់​ចេញពី​រ៉ាដា ហើយ​បាន​ធ្លាក់ចូល​ក្នុង​សមុទ្រ​ជប៉ុន​ភាគខាង​ជើង។

រដ្ឋបាល​ដូណាល់ ត្រាំ​ បាន​រកឃើញ​ទីផ្សារ​លក់​យន្តហោះ F-35 នៅ​ជប៉ុន​នេះ បន្ទាប់ពី​អាមេរិក បាន​គំរាម​ផ្អាក​កម្ម​វិធីពាក់ព័ន្ធនឹងយន្តហោះ F-35 ជាមួយ​តួកគី បន្ទាប់ពី​សម្ព័ន្ធមិត្ត​អាមេរិក​មួយ​នេះ បាន​សម្រេចចិត្ត​ទិញ​ខែល​មីស៊ីល S-400 ពី​រុស្ស៊ី៕

ប្រភព៖ RT ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;