មេ Huawei ចាត់ទុក Apple ជា​គ្រូរបស់ខ្លួន

  • 2019-05-28 02:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​ស្ថាបនិក​ Huawei លោក Ren Zhengfei បាន​​ជួប​និយាយ​ជា​មួយ​នឹង​សារព័ត៌មាន​ Bloomberg អំពី​ស្ថានភាព​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន​ ដែល​​ត្រូវ​បាន​ដាក់​ចូល​បញ្ជី​ខ្មៅ​របស់​សហរដ្ឋអាមេរិក បង្ខំ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​មួយ​ចំនួន​កាត់​ផ្ដាច់​ទំនាក់ទំនង​ជា​មួយ Huawei។

​លោក​បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ជំនួញ​របស់​ខ្លួន ហើយ​ប្រទេស​និង​ក្រុមហ៊ុន​ជុំវិញ​ពិភពលោក​គឺ​មាន​សេរីភាព​របស់​ខ្លួន​ក្នុង​ការ​​ជ្រើស​រើស។ លោក​បន្ថែម​ថា Huawei នឹង​បន្ត​ទិញ​ផលិតផល និង​សេវាកម្ម​ពី​សហរដ្ឋអាមេរិក​ប្រសិន​បើ​ការ​​ហាមឃាត់​ត្រូវ​បាន​ដក​ចេញ​វិញ។

​នៅ​ពេល​ចោទ​សួរ​ទាក់ទង​នឹង​​ការ​សង​សឹង​របស់​ចិន​ទៅ​លើ​អាមេរិក ដោយ​ហាម​ឃាត់​ការ​លក់​ទំនិញ Apple នៅ​ចិន​នោះ លោក​ Ren Zhengfei បាន​ឆ្លើយ​តប​ថា​​ខ្លួន​បាន​ចាត់​ទុក​ Apple ដូច​ជា​គ្រូ ជា​មេដឹកនាំ ជា​អ្នក​ណែនាំ ​ហើយ​ពិភពលោក​នឹង​ខុស​ប្លែក​បើ​គ្មាន Apple។

ស្ថាបនិក​រូប​នេះ​បញ្ជាក់​ទៀត​ថា​ ការ​ប្រឆាំង​នឹង​ Apple ពី​​សំណាក់​​ប្រទេស​ចិន​​នឹង​មិន​អាច​កើត​មាន​ឡើង​នោះ​ទេ ហើយ​ប្រសិន​បើ​កើត​មាន​មែន​លោក​នឹង​ធ្វើ​ជា​អ្នក​ជំទាស់​មុន​គេ​តែ​ម្ដង។

​​លោក Ren Zhengfei បាន​ឲ្យ​ដឹង​បន្ថែម​ថា​ទង្វើ​​របស់​សហរដ្ឋអាមេរិក​ គឺ​បាន​​ធ្វើ​ឲ្យ​ការ​នាំ​មុខ​លើ​គូ​ប្រជែង​​របស់​ Huawei ​ថមថយ​ចំនួន ២ ឆ្នាំ។ ប៉ុន្តែ​ក្រុមហ៊ុន​នឹង​ស្វែង​រក​វិធី​​ផ្សេង​ដើម្បី​បន្ត​ការ​នាំ​មុខ​នៅ​​​លើ​ទីផ្សារ​ស្មាតហ្វូន និង​ទីផ្សារ 5G៕​

ប្រភព៖ pocketnow ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;