ចំនួន​ទេសចរ​ចិន​ ទៅ​អាមេរិក​ធ្លាក់ចុះ​ជា​លើក​ដំបូង

  • 2019-05-28 09:44:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចំនួន​អ្នក​ទេសចរ​មកពី​ប្រទេស​ចិន ទៅ​អាមេរិក នៅក្នុងឆ្នាំ​២០១៨ មាន​ចំនួន ២,៩លាន​នាក់ ដោយ​ចំនួន​នេះ បាន​ធ្លាក់ចុះ ៥,៧% ពោលគឺ​បាន​ធ្លាក់ចុះ​លើក​ដំបូង​ចាប់តាំង​ពីឆ្នាំ​២០០៣​មក។ នេះបើ​តាម​ការចុះផ្សាយ​របស់ Aljazeera នៅថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩ ដែល​ដកស្រង់​ចេញពី​ការិយាល័យ​ទេសចរណ៍​ជាតិ​របស់​អាមេរិក។

រូបថត៖ AP
ការ​ប៉ះទង្គិច​គ្នារវាង​អាមេរិក និង​ចិន ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម អាច​ជាហេតុផល១​នៃការ​ធ្លាក់ចុះ​ចំនួន​ទេសចរ​នេះ។ ប្រទេស​ទាំង២​ បាន​ចាប់ផ្តើម​ដំឡើង​ពន្ធ​នាំចូល​ដាក់គ្នា​ជាបន្តបន្ទាប់​តាំងពីឆ្នាំ​២០១៨​មក។

កាលពី​ឆ្នាំមុន ចិន​បាន​ចេញ​សេចក្តី​ប្រកាស​ព្រមាន​ដល់​ពលរដ្ឋ​របស់​ខ្លួន ក្នុងការ​ធ្វើដំណើរ​ទៅ​អាមេរិក ឱ្យ​ប្រយ័ត្ន​ចំពោះ​ការបាញ់​ប្រហារ ចោរប្លន់ និង​ការ​ចំណាយ​ថ្លៃ​ព្យាបាល​ខ្ពស់​ជាដើម។ ចំណែក​អាមេរិក​វិញ ក៏បាន​ព្រមាន​ដល់ពលរដ្ឋ​របស់​ខ្លួន ក្នុងការ​ធ្វើដំណើរ​ទៅចិន​វិញផងដែរ។

គួរ​រំលឹក​ថា កាល​ពីឆ្នាំ​២០០០ អាមេរិក ទទួល​បាន​ទេសចរ​ចិន ​ប្រមាណ ២៤៩ ០០០​នាក់ (ជិត ២៥ម៉ឺន​នាក់)។ ចំនួន​នេះ​បានកើនឡើង៣ដង ដល់​ជាង ៨០ម៉ឺននាក់ ត្រឹម​ឆ្នាំ​២០១០ ហើយបាន​កើនឡើង ៣ដង​ម្តងទៀត​នៅឆ្នាំ​២០១៥ ដោយឡែកឆ្នាំ​២០១៦ និង​២០១៧ ទទួល​បាន​ជាង ៣លាន​នាក់។ ការកើនឡើង​នេះ ដោយសារតែ​ប្រជាជន​ចិន មាន​ចំណូល​កាន់តែខ្ពស់ ការ​តភ្ជាប់​ផ្លូវអាកាស និង​ការ​បន្ធូរបន្ថយ​លើទិដ្ឋាការ​ជាដើម។ នេះបើតាម​របាយការណ៍​របស់​ក្រុមហ៊ុន​ក្រុមប្រឹក្សា​ McKinsey៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;