លោក ស៊ី ជិនពីង​ ថា​បណ្តា​ប្រទេស​ធំ តូច មាន ក្រ ខ្លាំង ខ្សោយ គឺ​ស្មើគ្នា​ទាំងអស់

  • 2019-05-29 02:33:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បាន​បញ្ជាក់​ថា បណ្តា​ប្រទេស​ទាំងអស់ មិនថា ធំ​ឬតូច ខ្លាំង​ឬខ្សោយ មាន​ឬក្រ គឺ​ជា​សមាជិក​ស្មើគ្នា​ទាំងអស់​នៃ​សហគមន៍​អន្តរជាតិ។ លោក​ថ្លែង​ដូច្នេះ ក្នុង​អំឡុង​ជំនួប​ពិភាក្សា​ជាមួយ​លោក Charlot Salwai នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​វ៉ានូ​អាទូ (​កោះតូច​មួយ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក) កាលពី​ថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ក្រុង​ប៉េកាំង។

រូបថត៖ Reuters
លោក ស៊ី ជិនពីង អះអាង​ថា ចិន​នឹង​មិន​បង្កើន​ឥទ្ធិពល​របស់​ខ្លួន ចូលតាម​បណ្តារដ្ឋ​ដែលស្ថិត​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ឡើយ ពោលគឺ​ចិន​នឹងនៅ​តែ​ជាដៃគូ និង​មិត្ត​ល្អដែល​គួរឱ្យ​ជឿជាក់​បាន។ «**យើងមិន​មាន​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ​នៅក្នុង​បណ្តារដ្ឋ​ទាំងនេះ ហើយក៏​មិនស្វែង​រកការ​បង្កើន​ឥទ្ធិពល​អ្វី​ដែរ**»។

លោក ស៊ី លើកឡើង​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង២ គឺជា​ពេល​ដ៏ល្អបំផុត​នាពេល​បច្ចុប្បន្ន​នេះ ខណៈ​ដែលលោក​ Chartlot Salwai គឺជា​មេដឹកនាំ​នៃ​ប្រជាជាតិ​កោះ​ប៉ាស៊ីហ្វិក​ដំបូង​គេ ដែល​បាន​ទៅធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន។

ប្រធានាធិបតីចិន​រូបនេះ បន្ថែម​ថា ចិនមាន​ឆន្ទៈ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បច្ចេកវិទ្យា​កសិកម្ម​ជាមួយ​វ៉ានូអាទូ ហើយ​នឹង​បន្ត​លើកទឹកចិត្ត​អ្នកវិនិយោគ​ចិន ទៅ​វិនិយោគ​នៅ​ប្រទេស​ផងដែរ។ លោក​សង្ឃឹម​ថា គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ នឹង​ជំរុញ​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិការ​លើគ្រប់​វិស័យ​នៃ​ប្រទេស​ទាំង២។

គួរ​រំលឹក​ថា កាលពី​ឆ្នាំ២០១៨ មាន​របាយការណ៍​មួយ​បាន​ចេញ​ផ្សាយ​ថា ចិន​ចង់​បង្កើត​មូលដ្ឋាន​យោធា​អាចិន្រ្តៃយ៍ នៅ​រដ្ឋ​វ៉ានូអាទូ ប៉ុន្តែ​ត្រូវបាន​ប្រទេស​ទាំង២​នេះ ច្រានចោល។

សហរដ្ឋអាមេរិក និង​អូស្ត្រាលី ក៏ដូចជា​ប្រទេស​លោក​ខាងលិច បាន​បង្ហាញក្តី​បារម្ភ​ចំពោះ​ឥទ្ធិពល​ចិន​ចូល​ទៅ​កាន់​តំបន់​ប៉ាស៊ីហ្វិក ជាពិសេស​ការផ្តល់​ជំនួយ និង​កម្ចី​អភិវឌ្ឍន៍​របស់​ចិន តាម​រយៈ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ដោយ​ចោទថា បណ្តារដ្ឋ​ទាំងនោះ នឹង​ជាប់​អន្ទាក់​បំណុល​របស់​ចិន៕

ប្រភព៖ Channelnewsasia | CGTN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;