កម្ពុជា នឹងនាំយកម៉ាស៊ីនអគ្គិសនីពីហ្វាំងឡង់ និងអាល្លឺម៉ង់ ដើម្បីបម្រុងទុកពេលខ្វះខាត

  • 2019-05-29 03:38:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជានឹងនាំយកម៉ាស៊ីនអគ្គិសនីពីប្រទេសហ្វាំងឡង់ ទំហំ ២០០មេហ្គាវ៉ាត និងពីអាល្លឺម៉ង ទំហំ ២០០មេហ្គាវ៉ាត់ទៀត ដើម្បីបម្រុងទុកពេលខ្វះខាតអគ្គិសនី ។

ក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដែលសហការរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO) និងធនាគារមីហ្ស៊ូហូ (Mizuho) នៅ​ប្រទេស​ជប៉ុន នាព្រឹកថ្ងៃទី២៩ ឧសភានេះ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា ដូចបានកំណត់ក្នុងគោលនយោបាយ​អភិវឌ្ឍន៍វិស័យឧស្សហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ យើងបានចាប់ផ្ដើមបញ្ចុះតម្លៃអគ្គិសនី​ជំហានដំបូងចំនួន ២សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើប្រាស់ប្រភេទឧស្សហកម្ម ហើយចាប់ពីឆ្នាំ២០១៩ តទៅ នឹងសិក្សាលទ្ធភាពបញ្ចុះថ្លៃ​អគ្គិសនីជាបន្តបន្ទាប់ទៀត។

សម្ដេច​ហ៊ុន សែន ថ្លែង​ក្នុង​សិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា នា​ប្រទេស​ជប៉ុន
សម្ដេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា៖ “ប៉ុន្តែឥឡូវនេះ យើងខ្ញុំត្រូវមានការរៀបចំបន្ទាន់ ដោយបញ្ជូនតាមគម្រោង គឺបញ្ជូននូវម៉ាស៊ីនអគ្គិសនី ពីប្រទេសហ្វាំងឡង់ ចំនួន ២០០មេហ្គាវ៉ាត់ និងពីប្រទេសអាល្លឺម៉ង់ ចំនួន ២០០មេហ្គាវ៉ាត់ ដើម្បីមកបម្រុងទុក សម្រាប់ពេលមានការចាំបាច់ យើងនឹងបញ្ចេញថាមពលនេះ ហើយនឹងមានការវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបទៅនិងការផ្គត់ផ្គង់ អគ្គិសនី ទាំងពេលមានបញ្ហា ទាំងពេលគ្មានបញ្ហា”។

សម្ដេច ហ៊ុន សែន បន្ថែមថា កន្លងទៅនេះសម្ដេច ក៏មានការសោកស្ដាយ ចំពោះការរអាក់រអួល ក្នុងការផ្គត់ផ្គង់ថាមពល តាមបរិមាណ និងគុណភាព មិនគ្រប់គ្រាន់ ដោយកត្តាអាកាសធាតុមិនអំណោយផល ធ្វើឲ្យថាមពលដែលមានប្រភពពីវារីអគ្គិសនី ផលិតក្រោមកម្រិតធម្មតា។ សម្ដេចថា នៅឆ្នាំខាងមុខ កម្ពុជានឹងបន្ថែមការផ្គត់ផ្គង់ ក្នុងបរិមាណប្រមាណ ៥០០មេហ្គាវ៉ាត់ ពីប្រភពនានា រួមមានទាំងពន្លឺព្រះអាទិត្យ។

ចំណុចនេះសម្ដេច សុំការយោគយល់ ពីសំណាក់អ្នកវិនិយោគទាំងឡាយ ហើយក៏ដូចជាអ្នកដែលបាន មករស់នៅកម្ពុជា ។ សម្ដេចថា ឆ្នាំនេះកម្ពុជា ជួបការលំបាកពីបញ្ហាអគ្គិសនី ដោយសារតែអគ្គិសនី ដែលបញ្ចេញដោយថាមពលវារីអគ្គិសនីនោះ ជួបបញ្ហា ដោយក្នុងជាង ១៣០០មេហ្គាវ៉ាត់ គឺផលិតបានត្រឹមតែក្រោម ៣០០មេហ្គាវ៉ាត់ ប៉ុណ្ណោះ ហើយ ១០០០មេហ្គាវ៉ាត់ទៀត ត្រូវបាត់បង់៕

ប្រភព៖ ដើមអម្ពិល

អត្ថបទថ្មី
;