សម្តេច ហ៊ុន សែន ថាការ​​ខ្វះភ្លើង​ឆ្នាំនេះ​ជា​មេរៀន​ ហើយ​ឆ្នាំក្រោយ ​ភ្នំពេញ​មិន​ខ្វះ​ភ្លើងទេ

  • 2019-06-03 03:19:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា ការខ្វះ​ភ្លើង​ប្រើប្រាស់​ក្នុងឆ្នាំ​២០១៩នេះ គឺជា​មេរៀន​សម្រាប់​កម្ពុជា ខណៈ​​ប្រទេស​នេះ ពឹងផ្អែក​ខ្លាំង​លើ​ប្រភព​ថាមពល​វារី​អគ្គិសនី ដែល​ជួប​បញ្ហា​ខ្វះខាត​ទឹក ក្នុងការ​ផលិត​អគ្គិសនី​នា​រដូវប្រាំង​កន្លងទៅថ្មីៗ​នេះ។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​កោះពេជ្រ។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេច​បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «**យើងនៅមាន​បញ្ហា​ទាក់ទិន​ជាមួយ​នឹង​ការខ្វះទឹក​ទៅលើ​ការប្រើប្រាស់​វារីអគ្គិសនី ដែល​ធ្វើឱ្យ​វារីអគ្គិសនី​របស់​យើង គ្មាន​ស្ថិរភាព​នៅក្នុង​ការ​ផ្គត់ផ្គង់។ ឆ្នាំនេះ​ជាបទពិសោធន៍​ផ្តល់​មេរៀន​ឱ្យយើង​ច្រើន ដែល​យើង​ត្រូវខិតខំ​រកវិធី​ដោះស្រាយ ដើម្បី​កុំឱ្យ​ជួប​បញ្ហា​ច្រំដែល​នៅឆ្នាំ​ខាងមុខ**»។

សម្តេច​ ហ៊ុន សែន បន្ត​ថា៖ «វារីអគ្គិសនី​របស់​យើង​មាន​កម្លាំង​ប្រមាណ​ជិត ១៤០០​មេហ្គាវ៉ាត់ ក៏ប៉ុន្តែ​ផលិតថ្ងៃខ្លះ​បាន​ត្រឹមតែ ១០០ ឬ ២០០មេហ្គាវ៉ាត់​ទេ។ យប់មិញ​នេះ បាន​ទៅដល់ ៦០០​មេហ្គាវ៉ាត់ ឃើញថា​គ្រាន់បើ​បន្តិច ប៉ុន្តែ​មិនបាន​គ្រប់ម៉ោង​នោះទេ»។

ប្រមុខ​រាជរដ្ឋាភិបាល​បញ្ជាក់​ថា រាជ​ធានី​ភ្នំពេញ​ត្រូវតែ​ត្រៀម​អគ្គិសនី ៤០០មេហ្គាវ៉ាត់​ទុក។ ​ក្នុង​នោះ ​ភ្លើង (ថាមពល​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ) ​២០០​មេហ្គាវ៉ាត់​ នឹងត្រូវ​ទិញ​ពី​ហ្វាំងឡង់ និង​២០០​មេហ្គាវ៉ាត់​ទៀត ទិញ​ពី​អាល្លឺម៉ង់ ត្រឹមខែ​តុលា​ខាងមុខ​នេះ។ ការ​ត្រៀមទុក​នេះ គឺប្រើ​ក្នុងពេល​ដែល​វារីអគ្គិសនី​បញ្ចេញ​ថាមពល​មិនគ្រប់ ខណៈ​ដែល​តម្រូវការ​ភ្លើង​ក្នុង​រាជធានី​ភ្នំពេញ កើនដល់​ជាង ១ពាន់​មេហ្គាវ៉ាត់។ «ឆ្នាំ​ក្រោយ​គឺ​ភ្នំពេញ គ្មាន​ហេតុផល​និយាយ​ថា ខ្វះ​អគ្គិសនី ហើយ​ត្រូវ​កាត់​ទេ»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;