ជម្រើស​ជាតិ​ឈុតធំ​វៀតណាម ឈ្នះ​ថៃ ជា​លើក​ដំបូង ក្នុង​រយៈពេល ១០​ឆ្នាំ ដោយ​គ្រាប់​បាល់​ចុង​ម៉ោង​បំផុត

  • 2019-06-06 02:05:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​វៀតណាម បាន​យក​ឈ្នះ​ម្ចាស់ផ្ទះ​ថៃ ​ក្នុង​លទ្ធផល ១-០ ​ក្នុង​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ King Cup កាលពី​យប់មិញ។ ​១គ្រាប់​នេះ ជា​ការ​តែត​បញ្ចូល​ទី​ដោយ​កីឡាករ Nguyen Anh Duc នៅ​នាទី៩៣+ ខណៈ​ម៉ោង​បន្ថែម ៤​នាទី បន្ទាប់ពី​ចប់ ៩០នាទី​បាន​ត្រឹម ០-០។

គួរ​កត់សម្គាល់​ថា លទ្ធផល​នេះ បាន​ធ្វើឱ្យ​ជម្រើស​ជាតិ​ឈុតធំ​វៀតណាម ស្គាល់​ជ័យជម្នះ​លើក​ដំបូង​ទៅលើ​ក្រុម​ដំរីថៃ ​ ដែលត្រូវបាន​ចាត់ទុក​ថា ជាក្រុម​ដ៏ខ្លាំង​បំផុតក្នុង​តំបន់​អាស៊ាន ​ក្នុង​រយៈពេល​ ១០មក​នេះ។ វៀតណាម បាន​យកឈ្នះ​ថៃ ចុងក្រោយ​បំផុត ក្នុង​លទ្ធផល ២-១ កាលពីខែ​ធ្នូ ឆ្នាំ​២០០៨ ក្នុង​ពាន Suzuki Cup។

​ក្រោម​ការ​ដឹកនាំ​របស់​លោក Park Hang-seo វៀតណាម បាន​យក​ឈ្នះថៃ ២​ដង គឺការ​ប្រកួត​ខាងលើ​នេះមួយ និង​មួយ​ទៀត កម្រិត U23 ដែល​វៀតណាម បាន​បំបាក់ ថៃ ៤-០ ក្នុង​វគ្គ​ជម្រុះ AFC U23 កាលពី​ខែ​មីនា​កន្លង​ទៅ។

លោក Park Hang-seo (រូបថត៖ VN Express)

លោក Park បាន​ថ្លែង​ថា នេះមិនមែន​ជាការប្រកួត​ដែលមាន​លក្ខណៈពិសេស​ជាងការប្រកួត​ផ្សេង​ទៀតឡើយ ពោលគឺ​ក្រុមលោកមិនខ្វល់​ថាតើគូប្រកួតជានរណានោះទេ គឺក្រុមតែងតែខំប្រឹងប្រែងលេងឱ្យបាន​ល្អបំផុត ដើម្បី​ទទួល​ជ័យជម្នះ។

លោក​បន្តថា វៀតណាម​នៅតែជាក្រុម​ឆ្នើម​ក្នុងតំបន់ ហើយកីឡាករ​នឹង​បន្ត​អភិវឌ្ឍ​ថែមទៀត។ «ថៃ​ជាក្រុម​នៅតែ​ខ្លាំង។ ខ្ញុំ​ជៀជាក់​ថា ក្រុមទាំង២ នឹង​បន្ត​ប្រកួត​ប្រជែង និង​រីកចម្រើន​ទាំង​អស់​គ្នា»។

ដោយឡែក​គ្រូបង្វឹក​ក្រុមថៃវិញ លោក Sirisak Yodyardthai បាន​និយាយថា ​ក្រុមលោកគឺគ្មាន​សំណាងឡើយ​ក្នុងការប្រកួត​នេះ។ លោកបាន​បង្ហាញ​ការខកចិត្តដែលថៃ បាន​បង្កើតឱកាស​ជាច្រើនប៉ុន្តែមិនអាចរកគ្រាប់បាល់បាន ហើយថែមទាំងរបូត​១គ្រាប់នៅចុងម៉ោង​ថែមទៀត។

លោក​ថ្លែងថា៖ «វាពិបាកនឹងពន្យល់​ណាស់ ប៉ុន្តែវា​គឺជា​បាល់ទាត់។ ខ្ញុំបាន​ប្រាប់​កីឡាករ​របស់ខ្ញុំ ឱ្យ​រឹងមាំឡើងវិញ បន្ទាប់ពីចាញ់​ការប្រកួត​នេះ ហើយត្រៀមសម្រាប់​ប្រកួតយកលេខ៣ ជាមួយឥណ្ឌា»។

វៀតណាម ដែល​ជា​ជើងឯង AFF Suzuki Cup 2018នឹង​ត្រូវ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ King Cup ជាមួយ​ក្រុម គូរ៉ាកាវ (Curacao) នៅថ្ងៃទី៨ ខែមិថុនា​ខាងមុខ​នេះ ខណៈ​ថៃ នឹងប៉ះ​ឥណ្ឌា ដណ្តើម​យក​ចំណាត់ថ្នាក់​ទី៣ នៅថ្ងៃ​ជាមួយគ្នា​នោះ៕

សូមទស្សនាវីដេអូហាយឡាយ៖

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;