លោក​ ប្រាយុទ្ធ ​និយាយ​អ្វីខ្លះ ក្រោយ​ជាប់ឆ្នោត​បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ថៃ?

  • 2019-06-06 09:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាយុទ្ធ ចាន់​អូចា បាន​សម្តែង​អំណរ​គុណ​ដល់​សភា​ដែល​បាន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ឱ្យលោក​ធ្វើជា​នាយក​រដ្ឋមន្រ្តី​ថៃ​អាណត្តិ​ថ្មីនេះ។ នេះ​បើ​តាម​ការ​ឱ្យដឹងពី​​អ្នក​នាំ​ពាក្យរង​រដ្ឋាភិបាល​ថៃ លោក Werachon Sukondhapatipak នៅ​ថ្ងៃទី​៦ ខែ​មិថុនា ឆ្នាំ​២០១៩ ដែលត្រូវបាន​ដកស្រង់​ដោយ​សារព័ត៌មាន Bangkok Post។

លោក ប្រាយុទ្ធ ពេលចាកចេញពីវិមានរដ្ឋាភិបាលថៃ ក្នុងក្រុងបាងកក កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។ រូបថត៖ Reuters
អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់​យ៉ាងដូច្នេះ​ថា៖ «**លោក​នាយករដ្ឋមន្រ្តី បាន​សង្កត់​ធ្ងន់ថា ការ​បោះឆ្នោតភាគច្រើន​ដំបូងចេញពី​សភា បន្ទាប់មកជាមួយសំឡេង​ឆ្នោតពី​ព្រឹទ្ធសភា ដោយ​បង្កើតសំឡេងសរុប ៥០០សំឡេង។ នេះ​គឺ​ស្រប​ទៅតាម​ច្បាប់**»។

លោក ប្រាយុទ្ធ ក៏បាន​អរគុណ​ផងដែរ​ដល់​សមាជិកសភា​មួយចំនួន ដែលបំពេញ​ការងារ​បានយ៉ាងល្អ បើទោះជាមិនបាន​បោះឆ្នោត​គាំទ្រលោក​ក៏ដោយ។ លោក​ក៏អរគុណ​ផងដែរ ដល់​ប្រជា​ពលរដ្ឋ​ថៃ ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​កន្លងទៅនេះ។

បើ​តាម​អ្នកនាំពាក្យ​ដដែល​នេះ ឱ្យដឹង​បន្ត​ថា លោក​ ប្រាយុទ្ធ បាន​សន្យា​ថា នឹង​ធ្វើ​ការងារ​ឱ្យបាន​ល្អបំផុត​សម្រាប់​ជាតិ សាសនា ព្រះមហាក្សត្រ និង​ប្រជាជន។ «ចាប់ពីពេល​នេះ​តទៅ អ្នក​រាល់​គ្នា​គួរ​រួមសហការ​គ្នា ដើម្បី​ផលប្រយោជន៍​ប្រទេស​ និង​ប្រជាជន។ នៅមាន​បញ្ហា​ជាច្រើន​ដែល​មិនទាន់​ត្រូវបាន​ដោះស្រាយ។ មេរៀនពី​អតីត​កាល គួរតែ​យក​មក​កែ​លម្អ​សម្រាប់​បច្ចុប្បន្ន»។

លោក​នាយករដ្ឋមន្រ្តី​​បន្ថែម​ថា ​ប្រជាជន​គួរតែចូលរួម​ក្នុង​កំណែទម្រង់​នយោបាយ និង​រដ្ឋបាល ដើម្បី​ផលប្រយោជន៍​ជាតិ។

សូម​ជម្រាប​ថា កាលពី​យប់ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០១៩ លោក​ ប្រាយុទ្ធ ត្រូវបាន​សភា​ទាំងពីររបស់ថៃ បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ធ្វើជា​នាយករដ្ឋមន្រ្តី។ ក្នុង​នោះ សមាជិក​ព្រឹទ្ធសភា​ថៃ ចំនួន ២៤៩​រូប​ក្នុង​ចំណោម ២៥០​រូប និង​សមាជិក​សភា ២៥១​រូប ក្នុង​ចំណោម ៤៩៧​រូប បាន​បោះឆ្នោត​គាំទ្រ​លោក៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;