ក្រោយ​ផ្ទុះ​ប្រតិកម្ម​ខ្លាំង ប្រមុខការទូតកម្ពុជា និងសិង្ហបុរី សន្ទនាគ្នាតាមទូរសព្ទ

  • 2019-06-08 01:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលទូរសព្ទ និងសន្ទនាជាមួយលោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ទាក់ទងនឹងករណីសារតាមទំព័រ Facebook របស់លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលបានលើកឡើងពាក់ព័ន្ធនឹងវត្តមានកងទ័ពវៀតណាមនៅកម្ពុជា ក្រោយរបបខ្មែរក្រហម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩។

លោកប្រាក់ សុខុន រដ្ឋមន្រ្ដី​ការបរទេស​កម្ពុជា
ក្រសួងការបរទេសបានបន្តថា រដ្ឋមន្ត្រីការបរទេស Vivian លើកឡើងថា លោកនាយករដ្ឋមន្ត្រី Lee Hsien Loong ផ្តល់សារសំខាន់ខ្លាំងដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះមានការរីកចម្រើនជាលំដាប់នៅលើគ្រប់វិស័យ និងបានបញ្ជាក់ថា ឯកឧត្តមយល់អំពីទុក្ខវេទនា និងការឈឺចាប់របស់ប្រជាជនកម្ពុជាក្នុងរបបខ្មែរក្រហម។

រដ្ឋមន្ត្រីការបរទេស Vivian បានបញ្ជាក់អះអាងថា ពុំមានចេតនាមិនល្អណាមួយ ក្នុងសារខាងលើនេះទេ។ សារនោះ គឺមានបំណងគ្រាន់តែរំលឹកពីស្ថានភាព និងការប្រឈមក្នុងសម័យកាលនោះ ហើយក៏ធ្លាប់បានផ្សព្វផ្សាយជាសាធារណៈក្នុងពេលកន្លងមកដែរ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេស Vivian បានរំលឹកពីសេចក្តីប្រកាសរួមរបស់អាស៊ាននៅក្នុងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ក្នុងឆ្នាំ១៩៧៩ ដែលបានអះអាងពីសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជា​ចំពោះអនាគតរបស់ខ្លួន។

លោក Vivian Balakrishnan រដ្ឋមន្រ្ដីការបរទេសសិង្ហបុរី

រដ្ឋមន្ត្រីការបរទេស Vivian បានបញ្ជាក់ថា សិង្ហបុរីចង់​បានតែសន្តិភាព និងវិបុលភាពសម្រាប់កម្ពុជាតែប៉ុណ្ណោះ ពុំមានបំណងណាមួយគាំទ្រខ្មែរក្រហម ហើយមិនចង់ឃើញរបបនេះវិលត្រឡប់មកកម្ពុជាវិញទេ។ សូមកុំឱ្យមានការសង្ស័យអ្វីលើភាពស្មោះត្រង់នេះ។

រដ្ឋមន្ត្រីទាំងពីរយល់ថា ទោះបីប្រទេសយើងទាំងពីរមានទស្សនវិស័យខុសគ្នាស្តីពីប្រវត្តិសាស្ត្រយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរនៅបន្តជាអ្នកជិតខាងល្អ ជាមិត្តដ៏ល្អនឹងគ្នា ហើយខិតខំបំភ្លេចអតីតកាល ដើម្បីបន្តរក្សាការសន្ទនា និងទំនាក់ទំនងល្អជាមួយគ្នាតទៅទៀត។

រដ្ឋមន្ត្រីការបរទេសទាំងពីរជឿជាក់ថា ជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរនៅក្នុងឱកាសនៃកិច្ចប្រជុំកំពូល ASEAN នាពេលដ៏ខ្លីខាងមុខ នឹងផ្តល់ឱកាសឱ្យភាគីទាំងពីរយល់គ្នាឱ្យកាន់តែច្បាស់ រួមគ្នាពង្រឹងថែមទៀតនូវចំណងមិត្តភាព និងសហប្រតិបត្តិការល្អប្រសើរ​រវាងកម្ពុជានិងសិង្ហបុរី ក៏ដូចជាជាមួយបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីសន្តិភាព​ ស្ថិរភាព និងការរីកចម្រើនក្នុងតំបន់ និងពិភពលោក។

កម្ពុជាប្រកាន់ជំហរមិនឆ្កឹះអតីតកាលដើម្បីបង្កអន្តរាយដល់បច្ចុប្បន្នកាល និងអនាគតកាលឡើយ។ ប្រទេសទាំងពីរខិតខំរួមគ្នាធ្វើការជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍ផ្សេងទៀត ដើម្បីកសាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) មួយ ឯកភាព និងរឹងមាំ ដែលនេះគឺជាបំណង​ប្រាថ្នារបស់មេដឹកនាំ និងប្រជាជន ASEAN ទាំងមូល៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;