ឡាវ៖ រក​ឃើញ​មន្រ្តី និង​អ្នក​ជំនួញ​ជិត ១៣០០​នាក់ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ

  • 2019-06-10 02:18:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​ប្រហែល ១២៨៥​នាក់ ត្រូវ​បាន​រកឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​នៅ​ប្រទេស​ឡាវ ដែល​ធ្វើឱ្យ​រដ្ឋាភិបាល​ខាតបង់​ទឹកប្រាក់​ប្រមាណ ៩៩៩ពាន់​លាន​គីប (ជាង ១១៥​លាន​ដុល្លារ) ក្នុង​ឆ្នាំ​២០១៨។ នេះ​បើតាម​ការ​ថ្លែង​របស់​លោក​ ថងលូន ស៊ីសូលីត នាយក​រដ្ឋមន្រ្តី​ឡាវ ក្នុង​កិច្ចប្រជុំ​សភា​កាលពី​ថ្ងៃទី៧ ខែ​មិថុនា ឆ្នាំ​២០១៩។

រូបថត៖ Vientiane Times
ក្នុង​ចំណោម​មនុស្ស​ខាងលើ​នេះ ក្នុង​នោះ មាន​មន្រ្តី​រដ្ឋ ៩៧០​នាក់ និង​ប្រតិករ​អាជីវកម្ម (អ្នកជំនួញ) ៣១៥​នាក់។ ការ​រកឃើញ​នេះ ក្រោយ​ពេល​អាជ្ញាធរ​ត្រួត​ពិនិត្យ​ឡាវ បាន​ចាប់​ផ្តើម​ស៊ើបអង្កេត​លើ​គោលដៅ​ជាង ១ពាន់​គោលដៅ។

លោក​នាយករដ្ឋមន្រ្តី​ឡាវ បន្ត​ថា ទឹកប្រាក់​ប្រមាណ ២៦,៥ ពាន់​លាន​គីប (ជាង ៣លាន​ដុល្លារ) ត្រូវបាន​ប្រមូល​យក​មកវិញ ពីជន​ប្រព្រឹត្តអំពើ​ពុករលួយ ហើយ​អាជ្ញាធរ​កំពុង​ស្វែងរក​លុយដែល​បាត់បង់​បន្ថែម​ទៀត។

មន្រ្តី​រដ្ឋ​ប្រហែល ៨៤៩​នាក់ ត្រូវ​បាន​រដ្ឋាភិបាលឡាវ​ដាក់​ពិន័យ​រួចហើយ ហើយ​តុលាការ​ក៏បាន​ធ្វើការ​ចោទ​ប្រកាន់​មនុស្ស​មួយ​ចំនួន​ទៀត ពីបទ​អំពើ​ពុករលួយ​ផងដែរ។

«រដ្ឋាភិបាល​មិនបាន​បណ្តែតបណ្តោយ​ឡើយ ព្រោះ​បញ្ហា​នេះ (ពុករលួយ) គឺ​ជា​ផលប្រយោជន៍​ដ៏ធំ​របស់​ប្រជាជន សមាជិក​សភា និង​មន្រ្តី។ នេះជាអ្វី​ដែលបាន​ធ្វើ ហើយ​វិធានការ​ប្រឆាំងអំពើ​ពុករលួយ នៅតែ​បន្ត​ធ្វើឡើង»។ នេះជា​ការលើកឡើង​បន្ថែម​របស់​លោក ថងលូន ស៊ីសូលីត៕

ប្រភព៖ Vientiane Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;