តើវៀតណាម នឹង​ធ្វើអ្វី​មុនគេ ក្រោយ​ឈ្នះ​អាសនៈនៅ​ក្រុមប្រឹក្សា​សន្តិសុខ UN?

  • 2019-06-10 03:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​វៀតណាម ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ឱ្យធ្វើជា​សមាជិក​មិន​អាចិន្រ្តៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ សម្រាប់​អាណត្តិ ២០២០-២០២១ ដោយ​សំឡេង​យល់​ព្រម ១៩២ លើ ១៩៣​សំឡេង។ ការ​បោះឆ្នោត​នេះ ធ្វើឡើង​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី៧៣ កាលពីថ្ងៃទី៧ ខែ​មិថុនា ឆ្នាំ​២០១៩។ នេះក៏ជា​លើកទី២ ដែល​វៀតណាម ឈ្នះអាសនៈ​នេះ​ផងដែរ បន្ទាប់​ពី​លើក​ទី១ ក្នុង​អាណត្តិ ២០០៨-២០០៩។

តើ​អ្វី​ជា​អាទិភាព​សម្រាប់​វៀតណាម​ក្នុងអំឡុង​អាណត្តិថ្មី​របស់ខ្លួន​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​ UN?

លោក Pham Binh Minh ឧប​នាយករដ្ឋមន្រ្តី និង​ជារដ្ឋមន្រ្តី​ក្រសួងការបរទេស​វៀតណាម បាន​ថ្លែង​បញ្ជាក់​ទៅកាន់​សារព័ត៌មាន​ក្នុងស្រុក​យ៉ាងដូច្នេះ​ថា៖

រូបថត៖ Vietnam News
-ក្រុមប្រឹក្សា​សន្តិសុខ UN គឺ​ជា​ស្ថាប័ន​ដ៏​សំខាន់​បំផុត​ដែលមាន​ទំនួល​ខុសត្រូវ​ចម្បង​សម្រាប់​កិច្ចការ​សកល ជាពិសេស​សន្តិភាព និងស្ថិរភាព ហើយ​ការ​ចូលរួម​ចំណែក​របស់​វៀតណាម​ជាមួយ​ក្រុមប្រឹក្សា​នេះ នឹង​ស្របតាម​របៀបវារៈ​របស់​ UN។

-អាទិភាព​របស់​វៀតណាម ក្នុង​អំឡុង​ជាសមាជិក​សម្រាប់​អាណត្តិ ២០២០-២១ នឹង​​ ជំរុញ​ពហុភាគី​និយម និង​ការប្រព្រឹត្ត​ស្របតាម​ច្បាប់​អន្តរជាតិ ក្នុង​ការ​ដោះស្រាយ​បញ្ហា​សកល។

-វៀតណាម ក៏ចង់​ចែក​រំលែក​ពីបទពិសោធន៍​អតីតកាល​របស់​ខ្លួន ដើម្បីដោះស្រាយ​កង្វល់​ធំៗ ដូចជា ការ​សាងសង់​ឡើងវិញ​ក្រោយ​សង្គ្រាម បញ្ហា​ស្រ្តី​និងកុមារ​នៅក្នុង​សង្គ្រាម ឬ​ការ​ដោះស្រាយ​ជាមួយ​គ្រាប់​មិន​ទាន់ផ្ទុះ​ជាដើម។

សូម​ជម្រាប​ថា ក្រៅពី​វៀតណាម ប្រទេស​ដែល​បាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​នេះ រួមមាន អេស្តូនី, នីហ្សេរីយ៉ា, ទុយនេស៊ី និងប្រទេស Saint Vincent and the Grenadines។ ប្រទេស​ទាំង៥​នេះ នឹង​ជំនួស​កៅអី​ប្រទេស Equatorial Guinea, កូដូវ័រ, គូវែត (ជំនួសដោយ​វៀតណាម), ប៉ូឡូញ និង​ប៉េរូ។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ មាន​សមាជិក​ចំនួន១៥ ក្នុងនោះ ៥ប្រទេស​ជា​សមាជិក​អាចិន្រ្តៃយ៍​រួមមាន៖ អង់គ្លេស, ចិន, បារាំង, រុស្ស៊ី និង​សហរដ្ឋ​អាមេរិក។ ចំណែក​១០ទៀត គឺ​ជា​សមាជិក​មិន​អាចិន្ត្រៃយ៍ ដែល​ត្រូវ​បោះឆ្នោត​ជ្រើសរើស​សម្រាប់​អាណត្តិ​រយៈ​ពេល​២ឆ្នាំ៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;