រដ្ឋមន្រ្តី​បង្ហើប​គម្រោង​ស្នើសុំ​ដាក់​បញ្ចូល «នំបញ្ចុក​ខ្មែរ» ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

  • 2019-06-10 04:37:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ បាន​បង្ហាញ​ឆន្ទៈ​យ៉ាងមុតមាំ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ថា លោកនឹង​ពិភាក្សា​ជាមួយ​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អំពី​ការស្នើ​ដាក់​នំ​បញ្ចុក​ម្ហូបតំណាង​អត្តសញ្ញាណ​ជាតិ​ខ្មែរ និង​ពិចារណា​រៀបចំ​ស្នើសុំ​ទៅអង្គការ​យូណេស្កូ​សុំដាក់​បញ្ចូល «នំបញ្ចុក​ខ្មែរ» ជា​សម្បត្តិ​បេតិកភណ្ឌ​រូបិយ​ពិភពលោក។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​ក្រសួង​ទេសចរណ៍ កាលពី​ថ្ងៃទី៩ ខែ​មិថុនា ឆ្នាំ​២០១៩។

ការបញ្ជាក់​ខាងលើ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ និង​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ស្រុក​បារាយណ៍ និងស្រុក​តាំងគោក កាលពី​ថ្ងៃ​ទី៨ ខែ​មិថុនា ឆ្នាំ​២០១៩ ដើម្បី​ត្រៀម​រៀបចំ​ពិធី​ពិសា​នំបញ្ចុក​សន្តិភាព សាមគ្គី ឯកភាព​ជាតិ ជាមួយ​ប្រជាពលរដ្ឋ​ទាំងពីរ​ស្រុក​ខាងលើ នា​ថ្ងៃទី៩ ខែ​មិថុនា ឆ្នាំ​២០១៩។

រូបថត៖ ក្រសួងទេសចរណ៍
នាឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​លើកឡើង​ថា ដើមចម​ដែល​បណ្ដាល​ឱ្យ​លោក​ មានឆន្ទៈ​កសាង​សមិទ្ធផល​ជូនជាតិ​ខេមរា​យ៉ាង​ដូច្នេះ គឺដោយសារ​លោក​មើលឃើញ​ពីឆន្ទៈ​របស់​ប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស ក៏ចង់ឱ្យ​នំបញ្ចុក​ដែលមាន​តាំងពីដូនតា​ជំនាន់ដើម​មួយនេះ ត្រូវបាន​ពិភពលោក​ទាំងមូល​ទទួល​ស្គាល់ ពិសេស​គឺបាន​បរិភោគ​ផ្ទាល់​ផងដែរ។

លោក ថោង ខុន ជឿជាក់​ថា នំ​បញ្ចុកខ្មែរ​នេះ ប្រាកដជា​មាន​ប្រជាពលរដ្ឋ​នៅទូទាំងប្រទេស​បានស្គាល់ និងបាន​បរិភោគ​គ្រប់គ្នា ហើយមិន​ចាញ់​នំបរទេស​ផ្សេង​ឡើយ។ លោក​ក៏បានបញ្ជាក់​អះអាងដែរ​ថា កើតក្នុង​ត្រកូល​គ្រួសារ​ក្រីក្រម្នាក់ លោកបាន​ចេះធ្វើនំ​បញ្ចុក​ច្បាស់លាស់ តាំងពី​កុមារភាព ជាមួយ​នឹង​គ្រួសារ​ដ៏កំសត់​របស់​លោក។

នៅក្នុង​ពិព័រណ៍​ម្ហូបអាហារ Gastronomy ដែល​ក្រសួង​ទេសចរណ៍​ប្រុងរៀបចំ​ក្នុងខែ​កញ្ញា ឆ្នាំ​២០១៩ ខាងមុខ នំបញ្ចុក និងម្ហូបអាហារ​ខ្មែរ​មួយ​ចំនួន​ទៀត ដូចជា សម្លរ​ម្ជូរគ្រឿង អាម៉ុក បង្អែម​គ្រាប់ត្នោត ។ល។ ក៏នឹង​ត្រូវបាន​ត្រៀមរៀបចំ ជា​តំណាង​ឱ្យ​ម្ហូបអាហារ​ខ្មែរ​ដើម្បី​ទាក់ទាញ​ទេសចរ​ផងដែរ។ នេះជាការ​បញ្ជាក់​បន្ថែម​របស់​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;