មេ​ស៊ីម៉ាក់ បង្ហោះ​រឿង​អ្នកជំនាញ​ថៃ រត់​រក​អ្នក​ជំនាញ​បរទេស មក​ដោះ​គ្រាប់បែក​សម័យ​សង្គ្រាម​លោក​លើកទី២

  • 2019-06-10 09:39:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​កំចាត់​មីន​កម្ពុជា បាន​សរសេរ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​នាថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា៖ «ម្យ៉ាងដែរ​ អ្នកជំនាញ​ដោះគ្រាប់​បែក​របស់​ប្រទេសថៃ​ ប៉ះគ្រាប់បែក​ទម្លាក់​ពីយន្តហោះ​នៃ​សង្គ្រាម​លោក​លើកទី២​ មួយ​គ្រាប់​ រត់រក​អ្នក​ជំនាញ​ដោះ​បន្សាប​គ្រាប់​ពីប្រទេស​អាល្លឺម៉ង់​ និង​ត្រៀម​ជម្លៀស​ប្រជាជន​ជុំវិញ​នោះ​យ៉ាងច្រើន»។

ការ​សរសេរបង្ហោះខាងលើនេះ បន្ទាប់​ពី​សារព័ត៌មានថៃ Bangkok Post បាន​ចេញផ្សាយ​ព័ត៌មាន​កាលពីព្រឹកមិញ​ដោយ​ដាក់​ចំណង​ជើង​ថា «គ្រាប់បែក​សម័យ​សង្គ្រាម​លោកលើកទី២ ត្រូវបាន​រកឃើញ​នៅក្នុងខេត្ត Ratchaburi»។

ក្នុង​ព័ត៌មាននេះ បាន​ឱ្យដឹងថា ប្រជាពលរដ្ឋ​នៅក្នុង​ទីប្រជុំ​ជនខេត្ត​ Ratchaburi អាចនឹង​ត្រូវបញ្ជា​ឱ្យជម្លៀសចេញពីផ្ទះរបស់ខ្លួន ខណៈ​​អាជ្ញាធរ​បាន​រៀបចំ​ដោះគ្រាប់បែក​មិនទាន់ផ្ទុះ​ ៧គ្រាប់ ក្នុង​សម័យសង្គ្រាម​លោកលើកទី២ ដែលត្រូវបានរកឃើញនៅបាតទន្លេ Mae Klong។

គ្រាប់បែក​ទាំងនេះ ត្រូវបាន​ប្រទះឃើញ​ដោយ​កម្មករ​ក្រុមហ៊ុនផ្លូវដែក​រដ្ឋថៃ ដែល​កំពុង​ធ្វើការ​លើដំណាក់​កាលទី១ នៃគម្រោងផ្លូវដែក​ពីខេត្ត Nakhon Pathom និង​ខេត្ត Chumphon។

បើតាម​លោក Worawut Mala ប្រធានស្តីទីក្រុមហ៊ុនផ្លូវដែករដ្ឋថៃ បាន​អះអាង​ថា ប្រសិនបើគ្រាប់បែកនេះផ្ទុះ នឹង​អាច​បំផ្លាញ​រចនាសម្ព័ន្ធក្នុងរង្វង់ ២គីឡូម៉ែត្រ ក្នុងនោះរួមមាន ជំរំ​យោធា ប្រាសាទ ផ្សារ សាលារៀន សាលាក្រុង ព្រមទាំងផ្ទះជាច្រើនខ្នង។

លោក​បន្ត​ថា អ្នក​ជំនាញ​មកពី​អាល្លឺម៉ង់ នឹង​ត្រូវបាន​អញ្ជើញ​ឱ្យធ្វើជាជំនួយ ព្រោះ​ការស្រង់​គ្រាប់បែក​នោះ គឺត្រូវការ​អ្នក​ជំនាញ​ដែល​មាន​បច្ចេកទេស​ខ្ពស់។ ក្រៅពីនេះ ក៏មាន​វិធីផ្សេងទៀតដែរ ក្នុងការដោះគ្រាប់បែកនេះ ប៉ុន្តែ​វិធីដែលល្អបំផុត គឺការដោះគ្រាប់បែក​នៅក្រោមទឹក​តែម្តង។

គ្រាប់បែក​ទាំង​នេះ ត្រូវបាន​ទម្លាក់​ពី​យន្តហោះ​របស់​កងទ័ព​សម្ព័ន្ធមិត្ត បន្ទាប់ពី​ទាហាន​ជប៉ុន បាន​ចូល​ឈ្លានពាន​ថៃ ក្នុងឆ្នាំ​១៩៤១៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;