ក្រសួង​ណែនាំ​ឱ្យ​ភាគី​កូរ៉េ កែតម្រូវ​ចំណុច​មួយ​ចំនួន ក្នុង​គម្រោង​លើក​កម្រិត​ផ្លូវ​ជាតិ​លេខ៤៨

  • 2019-06-11 06:33:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កិច្ចប្រជុំ​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​កូរ៉េ (KCI) កាលពី​ថ្ងៃទី១០ ខែ​មិថុនា ឆ្នាំ​២០១៩ ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ពិភាក្សា​អំពី​គម្រោង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៤៨។ ក្នុងនោះ​អង្គ​ប្រជុំ​បាន​ផ្តល់​យោបល់​ដល់​ក្រុមហ៊ុន​​ធ្វើការ​ពិនិត្យ​ឡើងវិញ និង​ធ្វើការ​កែ​តម្រូវ​ទៅលើ​ចំណុច​បច្ចេកទេស​មួយ​ចំនួន​ ក្នុង​របាយការណ៍​ដែលមិន​ទាន់​ឆ្លើយតប​ទៅនឹង​បទដ្ឋាន​បច្ចេកទេស។

សូម​ជម្រាប​ថា កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក សូរ វិចទ័រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គ្រប់គ្រង និង​សម្រប​សម្រួល​គម្រោង​ផ្លូវជាតិ​លេខ៤៨ និង​មានការ​ចូលរួម​ពី​សមាជិក​សមាជិកា​គម្រោង​ទីប្រឹក្សា​បច្ចេកទេស​កូរ៉េ (KCI) និង​ភាគី​ពាក់ព័ន្ធ​ផងដែរ។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
កិច្ចប្រជុំនេះ​មាន​គោលបំណង​ ដើម្បី​សម្រេច​ទៅលើ​បញ្ហា​ដែលនៅ​សេសសល់​មួយ​ចំនួន​កាលពី​កិច្ចប្រជុំ​លើកមុន និង​បន្ត​ពិនិត្យ​ពិភាក្សា​លើ​របាយការណ៍​លើកទី៤ របស់​ក្រុមប្រឹក្សា​បច្ចេកទេស​កូរ៉េ ដែលបាន​ធ្វើការ​សិក្សា​លម្អិត​ទៅលើ​ប្លង់​គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨។

ក្រសួងសាធារណការ បាន​ឱ្យដឹងថា ផ្លូវ​ជាតិលេខ​៤៨នេះ មានប្រវែង​១៥០​គីឡូម៉ែត្រ ចាប់ពីផ្លូវ​បំបែក​ស្រែអំបិល​ ទៅដល់​ទីរួមខេត្ត​កោះកុង។ ផ្លូវនេះ បាន​ទទួល​រងការ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ការដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​កត្តាធម្មជាតិ​ផ្សេងៗទៀត ហើយបច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​គម្រោង​សិក្សា​លទ្ធភាព​ស្តារ និងធ្វើឱ្យប្រសើរ​ឡើងវិញ ក្រោម​ឥណទាន​ប្រាក់​កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េ(EDCF)។

តាម​ការ​លើកឡើង​របស់​លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នាពេល​កន្លងមក​ បាន​ឱ្យដឹងថា ការ​លើក​កម្ពស់​គុណភាព​ផ្លូវជាតិលេខ៤៨នេះ គឺក្រោម​កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េ​ប្រមាណ ៦៧លានដុល្លារ និង​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​ប្រមាណ ៨លាន​ដុល្លារ។ គោល​បំណង​ គឺ​ដើម្បី​ឱ្យ​ផ្លូវ​នេះ រក្សា​បាន​ភាព​យូរ​អង្វែង អាច​ទ្រ​ទម្ងន់​បាន​ប្រសើរ​ជាងមុន និង​ចូលរួម​ចំណែក​ក្នុងការ​សម្រួល​ដល់ការ​ធ្វើ ដំណើរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការ​ដឹក​ជញ្ជូន​ ឱ្យ​កាន់តែ​ប្រសើរ​មួយ​កម្រិត​ទៀត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;