រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា ស្នើឱ្យ​ម៉ាឡេស៊ី​ជួយ​បន្តទិញ​អង្ករ និង​​ជួយ​ការពារ​ពលករ​ខ្មែរ

  • 2019-06-11 08:48:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ ប្រាក់ សុខុន ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អរគុណ​ដល់​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​ទទួល​ទិញ អង្ករពី​កម្ពុជា មាន​ចំនួន​ជាង ៤ម៉ឺន​តោន នៅក្នុងឆ្នាំ​២០១៨​កន្លងទៅ។ ជាមួយគ្នា​នោះ​ដែរ លោក​បាន​ស្នើសុំឲ្យ​ម៉ាឡេស៊ី ទិញអង្ករ​ពី​កម្ពុជា ចូល​ទីផ្សារ​ម៉ាឡេស៊ី ឲ្យបាន​ចំនួន​កាន់តែ​ច្រើន​ទៀត។ នេះបើតាម​ការបញ្ជាក់​របស់​លោកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស ក្រោយ​ជំនួប​ពិភាក្សា​រវាង​លោក ប្រាក់ សុខុន ជាមួយ​លោក Eldeen Hu saini BIN MOHD HASHIM ឯកអគ្គរាជទូត​ថ្មី​នៃ​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩។

រូបថត៖ ក្រសួងការបរទេស
ដោយឡែក​ទាក់ទង​នឹង​ពលករ​កម្ពុជា ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី លោក​ឧប​នាយករដ្ឋមន្ត្រី បាន​ស្នើឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី សហការ​ជាមួយ​អង្គការ​អន្តរជាតិ និង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ដើម្បី ជួយដល់​ពលករ​ខ្មែរ​ដែលមាន​បញ្ហា​ពេល​ធ្វើការ​នៅ​ម៉ាឡេស៊ី។ ក្នុងនោះ​លោក​ក៏​បាន​ស្នើឲ្យ​ភាគី​ម៉ាឡេស៊ី បន្តជួយ​គាំទ្រ​ក្នុងការ​ការពារ​សិទ្ធិ​ពលករ​កម្ពុជា ដែល​ធ្វើការ​នៅ​ម៉ាឡស៊ី ។

ឯកអគ្គរាជទូត​ម៉ាឡេស៊ី បាន​ជម្រាបជូន​លោក​ឧបនាយករដ្ឋមន្ត្រី​វិញ​ថា បញ្ហា​ពលករ​នេះ​គឺជា​បញ្ហា​អាទិភាព​នៃ​រដ្ឋាភិបាល​ម៉ាឡេស៊ី ដូច្នេះ​រដ្ឋាភិបាល​ម៉ាឡេស៊ី នៅតែ​បន្ត​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ជួយ​ការពារ​ពលករ​ខ្មែរ។

សូម​ជម្រាប​ថា នៅឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​ទំហំ​ទឹកប្រាក់​ចំនួន ៤១១លាន​ដុល្លារ ហើយ​ទំហំ​ពាណិជ្ជកម្ម នៅឆ្នាំ​២០១៨ បាន​កើនឡើង​ដល់​ចំនួន ៤៧០​លាន​ដុល្លារ។ ភាគី​ទាំងពីរ​ប្តេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ បន្ត​ទៀត​ផងដែរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;