មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសន្តិសុខជាតិសិង្ហបុរី

  • 2019-06-11 10:47:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Teo Chee Hean ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសន្តិសុខជាតិ នៃសាធារណរដ្ឋសិង្ហបុរី នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នេះ។

ក្នុងជំនួបនេះ រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសន្តិសុខជាតិ នៃសាធារណរដ្ឋសិង្ហបុរី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ណែត និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនៈផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី។

លោករដ្ឋមន្ត្រី បន្តថា ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា មានទំនាក់ទំនងល្អជាមួយគ្នាតាំងពីយូរលង់​ណាស់មកហើយ និយាយជារួមក្នុងវិស័យមួយចំនួន ដូចជាអប់រំ ពាណិជ្ជកម្ម ទេសចរណ៍ និងនិយាយដោយឡែកក្នុងវិស័យសន្តិសុខ។ លោក​មានជំនឿយ៉ាងមុតមាំថា ទស្សនកិច្ចរបស់​មេបញ្ជាការកងទ័ពជើងគោកកម្ពុជា​នាពេលនេះ នឹងកាន់តែរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

ចំណែក​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការអរគុណចំពោះសាធារណរដ្ឋសិង្ហបុរី ដែលបានអញ្ជើញរូបលោក និងគណៈប្រតិភូកងទ័ពជើងគោកមកបំពេញទស្សនកិច្ចផ្លូវការ។

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានបន្តថា ជាការពិតប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី មានទំនាក់ទំនងជាមួយគ្នាជាង ៥០ឆ្នាំមកហើយ ហើយទំនាក់ទំនងនេះនឹងនៅតែបន្តទៅថ្ងៃអនាគត។ ពាក់ព័ន្ធការងារសន្តិសុខ និងសិ្ថរភាពក្នុងតំបន់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃក្នុងតំបន់ ត្រូវរួមគ្នាថែរក្សា បើពុំមានសន្តិភាព និងសិ្ថរភាព នោះក៏ពុំមានការអភិវឌ្ឍដែរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;