ឧប​នាយករដ្ឋមន្រ្តី​សិង្ហបុរី ថា​មានតែ​សន្តិភាព​ទេ ដែល​ឱ្យអាស៊ាន​អភិវឌ្ឍ​បន្ថែម​ទៀត

  • 2019-06-13 07:59:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហេង ស្វ៊ីគាត (Heng Swee Keat) ឧប​នាយក​រដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ នៃ​សាធារណរដ្ឋ​សិង្ហបុរី បាន​និយាយថា មានតែ​សន្តិភាព និង​ស្ថិរភាព​ទេ ដែលអាច​ផ្តល់​ឱកាស​ឱ្យប្រជាជាតិ​អាស៊ាន និង​សហគមន៍​អាស៊ាន មានការ​រីកចម្រើន និង​អភិវឌ្ឍ​បន្ត​ទៀត។ លោក​ថ្លែង​ដូច្នេះ ក្នុង​ជំនួប​ជាមួយ​លោក​ឧត្តម​សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ និងជា​មេបញ្ជាការ​កងទ័ព​ជើងគោក កាលពី​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ២០១៩ នៅ​សិង្ហបុរី។

ក្នុងជំនួប​នេះ លោក ហេង ស្វ៊ីគាត បាន​សម្តែង​ការ​អបអរ​សាទរ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ សម្តេច ហ៊ុន សែន បាន​ទទួល​ការ​គាំទ្រ​ដ៏​លើសលប់​ក្នុងការ​បោះឆ្នោត​តំណាងរាស្រ្ត​នីតីកាលទី ៦ កន្លង​ទៅ។

ចំណែក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា ប្រទេស​កម្ពុជា បានកំណត់​យកសន្តិភាព និង​ស្ថិរភាព ជា​សរសរ​ស្តម​ចម្បង ពីព្រោះថា​បើ​អស្ថិរភាព និង​អសន្តិសុខ នោះ ការអភិវឌ្ឍ វិបុលភាព ការរីកចម្រើន​ទាំងក្នុង​ប្រទេស និង​តំបន់​ក៏គ្មាន​ដែរ។ ជាក់ស្តែង ដោយសារ​មាន​សន្តិភាព និងស្ថិរភាព​រយៈពេល ២០​ឆ្នាំ ចុងក្រោយ​នេះ ទើប​ប្រទេស​កម្ពុជា មានការ​អភិវឌ្ឍ​យ៉ាងឆាប់​រហ័ស ដូចនេះ​ក្នុង​តំបន់អាស៊ាន សន្តិភាព និងស្ថិរភាព ជាកត្តា​ជំរុញ​តំបន់នេះ​ឱ្យបន្តការ​អភិវឌ្ឍ និង​រីក​ចម្រើន។ ផ្ទុយ​ទៅវិញ​ ការជំរុញ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ឱ្យធ្វើការ​ជ្រើសរើស​ភាគី​ម្ខាងៗ នឹង​នាំឱ្យ​តំបន់​អាស៊ាន​វិលទៅ​រក​ស្ថានភាព​ដូច​សម័យ​សង្រ្គាម​ត្រជាក់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;