EU ផ្តល់​ជំនួយ​ឥតសំណង និងកម្ចី ជាង១ពាន់លានដុល្លារ ដើម្បីអនុវត្តយុទ្ធសាស្រ្ត​អភិវឌ្ឍន៍​កម្ពុជា​ឆ្នាំ​២០១៤-២០១៩

  • 2019-06-13 09:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​អំឡុងពេល​នៃការ​អនុវត្ត​យុទ្ធសាស្រ្ត​រួម​របស់​អឺរ៉ុប​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា ឆ្នាំ​២០១៤-២០១៩ ដៃគូ​អឺរ៉ុប បាន​បើក​ផ្តល់​ហិរញ្ញប្បទាន​សរុប​ប្រមាណ ១១៣០លាន​ដុល្លារ (១,១៣ពាន់លានដុល្លារ)។ ក្នុងនោះ​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៨១៨​លានដុល្លារ និង​ឥណទាន​សម្បទាន​ប្រមាណ ៣១១​លានដុល្លារ។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០១៩ ស្តីពី​ជំនួប​រវាង​លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយករដ្ឋមន្រ្តី អគ្គលេខា​ធិការ​គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក George Edgar ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅកម្ពុជា។

រូបថត៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា
រូបថត៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

យុទ្ធសាស្រ្តនេះ ត្រូវបាន​ដាក់ឱ្យ​អនុវត្ត​ជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ​២០១៤ ដោយ​ផ្តោត​លើ​អាទិភាព​ចំនួន៥ គឺ ១. វិស័យ​អភិបាលកិច្ច, ២. ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​សមធម៌, ៣. ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ៤. ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​បង្កើត​ការងារ និង​៥. ការ​អភិវឌ្ឍ​ធនធាន​មនុស្ស។

សូម​ជម្រាប​ថា ជំនួប​ខាងលើនេះ គឺធ្វើឡើង​ដើម្បី​ពិភាក្សា​អំពីការ​ត្រៀម​រៀបចំ​យុទ្ធសាស្រ្ត​រួមថ្មី​របស់​សហភាព​អឺរ៉ុប​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា ក៏​ដូចជា​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​ប្រឈម និង​វិស័យ​អាទិភាព​របស់​កម្ពុជា សម្រាប់​រយៈពេល​មធ្យម ៧ ទៅ ១០ឆ្នាំ​ ពិសេស​ក្នុង​បរិបទ​នៃការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​កម្ពុជា និង​ការចាកចេញពីក្រុម​ប្រទេស​មាន​ការអភិវឌ្ឍ​តិចតួច។

បើតាមសេចក្តីប្រកាស​ដដែលឱ្យដឹងថា យុទ្ធសាស្រ្ត​រួមថ្មី​របស់​អឺរ៉ុប ស្តីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា​ នឹង​បន្ត​អនុវត្ត និង​ពង្រឹង​បន្ថែម​ទៅលើ​ភាព​ជោគជ័យ​ដែល​សម្រេចបាន​ដោយ​យុទ្ធសាស្រ្ត​អឺរ៉ុប​ឆ្នាំ​២០១៤-២០១៩។ យុទ្ធសាស្រ្ត​នេះ នឹង​ត្រូវ​រៀបចំ​ឡើង​ដោយ​មាន​សង្គតិភាព​ជាមួយ​នឹង​ផែនការ និង​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា រួមមាន៖ យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤ ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣, ក្របខណ្ឌ​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយចីរភាព​កម្ពុជា ឆ្នាំ​២០១៦-២០៣០ និង​យុទ្ធសាស្រ្ត​តាម​វិស័យ​ដទៃទៀត។

ជាមួយគ្នានេះ យុទ្ធសាស្រ្តថ្មីនេះ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្រ្ត​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ និង​ភាព​ជាដៃគូឆ្នាំ​២០១៩-២០២៣ ដែល​ផ្តោត​សំខាន់​លើការ​ពង្រឹង​ភាព​ជាម្ចាស់​របស់​រាជរដ្ឋាភិបាល និង​ការ​ជំរុញ​ភាព​ជាដៃគូប្រកបដោយ​បរិយាប័ន្ន និង​លទ្ធផល ក្នុងកិច្ច​អភិវឌ្ឍន៍​នៅ​កម្ពុជា។ «ការ​សម្រេច​រៀបចំ​យុទ្ធសាស្រ្ត​ថ្មី​របស់​អឺរ៉ុបនេះ គឺជា​សក្ខីភាព​នៃការ​ប្តេជ្ញាបន្តគាំទ្រ​របស់​ដៃគូ​អឺរ៉ុប សម្រាប់​គាំទ្រ​ដំណើរការ​នៃ​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅកម្ពុជា»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;