Honda ដឹកនាំ​ជម្រើសជាតិ​កម្ពុជា ដើម្បី​សម្រេច​គោលបំណង​សំខាន់ ២

  • 2019-06-13 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Keisuke Honda ធ្លាប់​ប្រាប់​ថា លោក​មាន​គោល​បំណង​ ២ ក្នុង​ការ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា គឺទី១ ​ដើម្បី​បង្កើត​របៀប​លេង​ដ៏​ច្បាស់លាស់​មួយ និងទី២ ចង់​ផ្សព្វផ្សាយ​​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ពិភពលោក។ លោក​ថ្លែង​យ៉ាងដូច្នេះ ពេល​ក្លាយជា​អ្នកចាត់ការ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា កាលពីឆ្នាំ២០១៨។

«អ្វី​ដែលជា​គោលបំណង​របស់ខ្ញុំ គឺចង់​បង្កើត​ Style ​លេង​ឲ្យបាន​ច្បាស់លាស់​ដល់​កម្ពុជា។ ខ្ញុំ​ទទួល​ស្គាល់​ថា សូម្បី​នៅ​ជប៉ុន​ក៏មាន​​លំបាក​នៅឡើយ​ដែរ តែ​យើងត្រូវ​ធ្វើឲ្យ​មាន​គោលបំណង​តែមួយ។ បេសកកម្ម​ទី២ គឺ គោលដៅ​មិនមែន​ដើម្បីតែ​បាល់ទាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែគឺ​ចង់​ផ្សព្វផ្សាយ​អ្វីល្អៗ​របស់​កម្ពុជា​ដែរ។ ខ្ញុំចង់​ផ្សព្វផ្សាយ​អ្វីដែល​ខ្ញុំចាប់​អារម្មណ៍ អ្វីៗ​ល្អច្រើន ដូចជា​វប្បធម៌ បេតិកភណ្ឌ​ពិភពលោក និង​កសិកម្ម ទៅកាន់​ពិភពលោក»។

គោល​បំណង​របស់​លោក ហាក់​លេច​ចេញ​បណ្ដើរៗ​ហើយ ដោយសារ​សារព័ត៌មានអន្តរជាតិ​នានា បាន​ចុះផ្សាយ​ពី​​ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​ធ្វើ​ឲ្យ​គេ​ស្គាល់​បាល់ទាត់​កម្ពុជា​កាន់តែ​ច្បាស់ ចំណែក​លទ្ធផល​ប្រកួត​កាលពីពេលថ្មីៗ​នេះ ក៏ល្អ​ផងដែរ។

ក្រៅពី​ ២ ចំណុច​ខាងលើ អតីត​កីឡាករ​ឆ្នើម​របស់​ជម្រើសជាតិ​ជប៉ុន​រូបនេះ ក៏បាន​បញ្ជាក់ដែរ​ថា លោក​នឹង​​ជំរុញ​ឲ្យ​យុវជន មាន​សេចក្ដី​ក្លាហាន និង​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​ពួកគេតាម​រយៈ​បាល់ទាត់ ដើម្បី​ស្វែងរក​អនាគត​ដ៏​ភ្លឺស្វាង​ដល់ពួកគេ​។ ទាំងនេះ​ ជា​អ្វី​ដែល​លោក​ចង់​ឃើញ មុន​ពេល​លោក​បញ្ចប់​ភារកិច្ច​ពី​កម្ពុជា​។

លោក Honda ដឹកនាំ​ក្រុមជម្រើសជាតិ​កម្ពុជា ហ្វឹកហាត់​នាពេលកន្លងមក

គួររំលឹកផងដែរថា Keisuke Honda បាន​ក្លាយជា​អ្នកចាត់ការ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា កាលពីខែសីហា ឆ្នាំ២០១៨។ លោក​បាន​ដឹកនាំ​កម្ពុជា ឲ្យ​ឆ្លង​ផុត​វគ្គ​ជម្រុះបឋម​​តំបន់អាស៊ី នៃ FIFA World Cup 2022 ដោយ​យក​ឈ្នះ​ប៉ាគិស្ថាន ៤-១ (សរុបទាំង២ជើង)៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;