ក្រសួងការពារជាតិ​កម្ពុជា-សិង្ហបុរី ​នឹង​បន្ត​ធ្វើការ​ជាមួយ​គ្នា​ដើម្បីសន្តិភាព និង​ស្ថិរភាព​ក្នុងតំបន់

  • 2019-06-14 03:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកបណ្ឌិត អ៊ឹង អេង ហេន (Ng Eng Hen) រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​នៃ​សាធារណរដ្ឋ​សិង្ហបុរី បាន​បញ្ជាក់​ជាថ្មីម្តង​ទៀត​ពី​ទំនាក់ទំនង​យ៉ាងជិត​ស្និទ្ធ​រវាង​ប្រទេស​សិង្ហបុរី និង​កម្ពុជា ក្នុង​វិស័យ​ការពារ​ជាតិ ហើយ​ថា​ក្រសួង​ការពារជាតិ​នៃ​ប្រទេស​ទាំងពីរ នឹង​បន្ត​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​រក្សា​សន្តិភាព និង​សិ្ថរភាព​ក្នុងតំបន់។ លោក​ថ្លែង​ដូច្នេះ ក្នុង​ជំនួប​ជាមួយលោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​ កាលពីថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ប្រទេស​សិង្ហបុរី។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា សន្តិភាព និង​ស្ថិរភាព ជាកត្តា​ជំរុញ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ជាក់​ស្តែង ដោយសារ​មាន​សន្តិភាព និង​ស្ថិរភាព​រយៈពេល ២០​ឆ្នាំ ចុងក្រោយ​នេះ ទើប​ប្រទេស​កម្ពុជា មានការ​អភិវឌ្ឍ​យ៉ាងឆាប់​រហ័ស។ ដូចនេះ​ក្នុងតំបន់​អាស៊ាន សន្តិភាព និងស្ថិរភាព ជា​កត្តា​ជំរុញ​តំបន់​នេះ​ឱ្យបន្ត​ការ​អភិវឌ្ឍ និង​រីក​ចម្រើន។

លោក​ឧត្តមសេនីយ៍​ឯក មាន​ជំនឿថា​ដំណើរ​ទស្សនកិច្ច​ នៅ​ប្រទេស​សិង្ហបុរី​នេះ ជា​ការ​បន្ត​រឹត​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំងពីរ កងទ័ព និង​ប្រជាជន​ទៅថ្ងៃ​អនាគត។

សូម​បញ្ជាក់​ថា នៅក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ឧត្តមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត បាន​សរសេរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​លើក​នេះ លោកក៏​មានឱកាស​ជួប​ជាមួយ​លោក​បណ្ឌិត អឹង អេងហិន (Dr. Ng Eng Hen) ជាលើក​ទីពីរ ដោយ​បាន​ពិភាក្សា ផ្លាស់ប្តូរ​យោបល់គ្នា​លើ​ប្រធានបទ​មួយចំនួន​ទាក់ទង​ប្រទេស​ទាំងពីរ ក៏ដូចជា​សភាព​ការណ៍​ក្នុង​តំបន់។

លោក ហ៊ុន ម៉ាណែត បាន​អរគុណ​លោក​បណ្ឌិត អឹង អេងហិន និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​សិង្ហបុរី​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ព្រមទាំង​ការចែករំលែក​នូវទស្សនៈ និង​បទពិសោធន៍​លើ​កិច្ចការងារ​សំខាន់ៗ​មួយ​ចំនួន។ ឆ្លងតាម​កិច្ចសន្ទនា​ទាំងនេះ បានបញ្ជាក់​ ឱ្យ​ឃើញ​អំពី​ភាពស្របគ្នា​នៃឆន្ទៈ និង​គោល​គំនិត​របស់​ប្រទេស​កម្ពុជា និង​សិង្ហបុរី ក្នុងការ​ពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ទាំងក្នុង​ពេលបច្ចុប្បន្ន និងទៅ​អនាគត៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;