ផ្លូវហោះហើរថ្មី​​ ភ្នំពេញ-ដាណាំង-វៀងចន្ទន៍ នឹង​ចាប់ផ្តើម​បើក​នាពេល​ខាងមុខ

  • 2019-06-14 07:37:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាគី​កម្ពុជា និង​វៀតណាម បាន​ឯកភាពគ្នា​គាំទ្រ​លើ​សំណើ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិកម្ពុជា​អង្គរអ៊ែរ លើការ​រៀបចំ​បើកផ្លូវហោះហើរ​ថ្មី​ត្រង់មួយទៀត​រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុងទេសចរណ៍​ដាណាំង ហើយ​តភ្ជាប់​ទៅកាន់​រដ្ឋធានី​វៀងចន្ទន៍ ប្រទេស​ឡាវ ដែល​នឹង​ចាប់ផ្តើមនៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ។

ការ​ឯកភាព​គ្នានេះ ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក ឌិន វៀត ថាំង អគ្គនាយក​អាជ្ញាធរ​អាកាសចរ​ស៊ីវិល​វៀតណាម និង​លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី​ទទួល​បន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ កាលពី​ថ្ងៃទី១១ ខែ​មិថុនា ឆ្នាំ​២០១៩ នៅក្រុង​ហាណូយ ប្រទេស​វៀតណាម។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល កាល​ពីថ្ងៃទី១២ ខែ​មិថុនា ឆ្នាំ​២០១៩។

រូបថត៖ ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល
ក្រៅពីនេះ ភាគី​ទាំង២ ក៏​បាន​ឯកភាព​គ្នាលើ​កិច្ចការងារ​សំខាន់ៗ​រួមមាន៖

-ជំរុញ​ក្រុមហ៊ុន​អាកាសចរណ៍​នៃប្រទេស​ទាំង២ រៀបចំ​ផែនការ​បើកជើងហោះហើរ​ថ្មីៗ​ជាបន្ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​កំណើន​ភ្ញៀវ​ទេសចរ និង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២។

-សហការ​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​អាកាសចរ ដើម្បី​ធានាបាន​នូវស្ថិរភាព​នៃ​កំណើន​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស រវាង​ប្រទេស​ទាំង២។

-សហការ​លើការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ដកស្រង់​បទពិសោធន៍​នៃ​មន្រ្តី​ជំនាញ​អាកាសចរ​ស៊ីវិល នៃ​ប្រទេស​ទាំង២។

ក្នុង​ឱកាសនោះ លោក ម៉ៅ ហាវណ្ណាល់​ ក៏បាន​ទទួល​ជួប​លោក ផាំ ង៉ុក មីញ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​វៀតណាម​ផងដែរ។ ក្នុងនោះ​រដ្ឋមន្រ្តី​បាន​ស្នើសុំឱ្យក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​វៀតណាម សិក្សា​លើការ​បើកផ្លូវ​ហោះហើរថ្មីៗ ជាច្រើនទៀតមកកាន់​កម្ពុជា ពីព្រោះ​ប្រទេស​ទាំង២ មាន​សក្តានុពល​យ៉ាងខ្លាំង​លើការហោះហើរ​ដឹកជញ្ជូន​អ្នក​ដំណើរ​តាមផ្លូវ​អាកាស ក្នុងការ​បម្រើ​សេចក្តី​ត្រូវការ​របស់​ភ្ញៀវទេសចរណ៍ និង​ពាណិជ្ជកម្ម​ផងដែរ។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បង្ហាញថា មក​ដល់​បច្ចុប្បន្ននេះ មាន​៤ក្រុមហ៊ុន​អាកាសចរណ៍ ដូចជា ក្រុមហ៊ុនកម្ពុជា អង្គរ អ៊ែរ (Cambodia Angkor Air) ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម (Vietnam Airlines) ក្រុមហ៊ុន​អាកាសចរណ៍​កាតាអ៊ែវ៉េ (Qatar Airways) និង​ក្រុមហ៊ុន​អាកាសចរណ៍​វៀតជេត (VietJet)។ ក្រុមហ៊ុនទំាង៤ ​កំពុង​បម្រើ​ការ​ហោះហើរ​តាមផ្លូវ​អាកាស រវាង​ប្រទេស​ទាំង២ ជា​សរុប​មាន​ចំនួន ១១២ជើង​ក្នុងមួយ​សប្តាហ៍ ដោយ​ផ្សារ​ភ្ជាប់​ចំណុច​ហោះហើរ រវាង​កម្ពុជា មាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ហើយ​ចំណែក​ពី​ប្រទេស​វៀតណាម​វិញ មាន​ក្រុងហាណូយ ក្រុងហូជីមិញ និង​ក្រុងដាណាំង។ ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ ចំនួន​អ្នក​ធ្វើដំណើរ​តាមផ្លូវអាកាស​រវាង​ប្រទេស​ទាំង២ បាន​កើនដល់​ប្រមាណ​១,៨លាននាក់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;