សល់​មិនដល់​១ឆ្នាំទៀតទេ ព្រលានយន្តហោះ​នៅ​កោះកុង នឹងបញ្ចប់ការសាងសង់

  • 2019-06-15 01:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​អាកាសយានដ្ឋាន​នៅ​តំបន់​អភិវឌ្ឍ​តារា​សាគរ ​ខេត្តកោះកុង ដែល​សាងសង់​ក្នុង​ទំហំ​ទឹកប្រាក់ ​២,២​ពាន់​លាន​ដុល្លារ​ នឹង​បញ្ចប់​ការសាងសង់​នៅ​ខែឧសភា​ ឆ្នាំ​២០២០​។​ ការហោះហើរ​សាកល្បង​ នឹងធ្វើ​ឡើង​នៅ​ខែតុលា រី​ឯ​ការហោះហើរ​ផ្លូវការ នឹង​ចាប់ផ្ដើម​នៅ​ខែធ្នូ​ ឆ្នាំ​២០២០​។

​លោក WANG CHAO អនុប្រធាន​ក្រុមហ៊ុន Union Development Group (UDG)​ បាន​មានប្រសាសន៍ថា “​យើង​គ្រោង​សាងសង់​ព្រលានយន្តហោះ​នេះ​ឱ្យ​ហើយ​ស្ថាពរ​នៅ​ខែឧសភា ​ឆ្នាំ​២០២០ ​ហើយ​នៅ​ខែតុលា​យើង​នឹងធ្វើ​ការហោះហើរ​សាកល្បង​ជាពិសេស​នៅ​ខែធ្នូ​ចុង ឆ្នាំ​២០២០​ យើង​នឹង​ហោះហើរ​ជា​ផ្លូវការ​តែម្ដង​”​។​

​លោក WANG CHAO​ បានឱ្យដឹង​បន្ថែមថា​ នៅពេល​ព្រលានយន្តហោះ​ដំណើរការ​ក្រុមហ៊ុន​របស់លោក នឹងធ្វើ​ការបណ្ដុះបណ្ដាល ជំនាញ​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ប្រើប្រាស់​កម្លាំង​ពលកម្ម ក្នុងស្រុក​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត​។ ខណៈ​បច្ចុប្បន្ននេះ​ចំណេះដឹង របស់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ជុំវិញ​តំបន់​នោះ​មាន​កម្រិត ដូច្នេះ​ទើប​អាច​ត្រឹមតែ ធ្វើ​ការងារ​ស្រាលៗ​តែប៉ុណ្ណោះ។​

​អនុប្រធាន​ក្រុមហ៊ុន UDG ​ឱ្យដឹង​បន្តថា អាកាសយានដ្ឋាន​ដែល​នៅជាប់​សមុទ្រ ​និង​ភ្នំ​នេះ នឹងមានជើងយន្តហោះ​ហើរត្រង់​ទៅកាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដែល​អាច​នឹង​នាំ​ភ្ញៀវទេសចរ​បរទេស កាន់តែច្រើន​បន្ថែមទៀត​មកឱ្យ​ប្រទេស​កម្ពុជា​។​អាកាសយានដ្ឋាន​​អន្តរជាតិ​នេះ​អាច​ទទួលភ្ញៀវ ​៥​លាន​នាក់ ​ក្នុង​១​ឆ្នាំ​។​

អាកាសយានដ្ឋាន​ប្រភេទ ​F4​ នេះ​ មាន​ពីស​សម្រាប់​ឡើង​ និង​ចុះចត​ប្រវែង​ ៣២០០​ម៉ែត្រ ​នឹង​អាច​ផ្ទុក​យន្តហោះ​ប្រមាណ​៤០០​គ្រឿង​។​ ក្នុងនោះ​យន្តហោះ​ធុន​ធំ​ប្រភេទ 777 ក៏​អាច​ចុះចត​បាន​ដែរ។ លោក WANGCHAO ​បាន​បញ្ជាក់ថា​ មិនមាន​យន្តហោះ​ចម្បាំង​ ឬ​ប្រភេទ​ប្រដេញ​ទេ​ គឺ​មានតែ​យន្តហោះ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​។​

សូមជម្រាបថា​កាលពីពេល​ថ្មីៗ​នេះ​ សមាគម​អ្នកសារព័ត៌មាន កម្ពុជា ចិន បានមក​បំពេញ​ទស្សនកិច្ច​ស្វែងយល់​តំបន់​អភិវឌ្ឍន៍​តារា​សាគរ របស់​ក្រុមហ៊ុន​ Union Development Group (UDG) ​ដែល​ទទួលបាន​សិទ្ធ​វិនិយោគ ពី​រាជរដ្ឋាភិបាល​រយ​:​ពេល​ ៩០​ឆ្នាំ ក្នុង​ទំហំ​វិនិយោគទុន ជាង​ ៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕

ប្រភព៖ រស្មីកម្ពុជា

អត្ថបទថ្មី
;