កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​ ជំរុញ​ទេសចរណ៍​ព្រះពុទ្ធសាសនា ម្ហូបអាហារ និង​បើក​បរឆ្លង​ប្រទេស​​ដោយ​ខ្លួន​ឯងបាន

  • 2019-06-17 01:50:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅក្នុង​កិច្ចប្រជុំ​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ចំនួន​២ នៅ​ប្រទេស​ថៃ វិស័យ​ទេសចរណ៍​ព្រះពុទ្ធ​សាសនា ទេសចរណ៍​ម្ហូបអាហារ និង​ទេសចរណ៍​បើកបរ​ដោយ​ខ្លួនឯង ត្រូវបាន​យកចិត្តទុក​ដាក់កាន់តែ​ខ្លាំងនៅក្នុង​តំបន់ ACMECS និង​តំបន់ CLMV។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​ក្រសួង​ទេសចរណ៍​កាលពីថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០១៩។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ឱ្យដឹង​ថា ការ​យកចិត្ត​ទុកដាក់​ទាំងនេះ ត្រូវបាន​លើកឡើង​ក្នុង​កិច្ច​ប្រជុំ​លើក​ទី៤ នៃ​រដ្ឋមន្ត្រី​ទេសចរណ៍ ACMECS (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy) ដែល​រួមមាន​ប្រទេស​កម្ពុជា ឡាវ ​មីយ៉ាន់ម៉ា ថៃ និង​វៀតណាម និង​កិច្ចប្រជុំ​លើកទី៥ នៃ​រដ្ឋមន្ត្រី​ទេសចរណ៍ CLMV (កម្ពុជា ឡាវ ​មីយ៉ាន់ម៉ា និង​វៀតណាម) កាលពី​ថ្ងៃទី១៣ ខែ​មិថុនា ឆ្នាំ​២០១៩ នៅខេត្ត​ឈៀងរ៉ៃ ប្រទេស​ថៃ។

លោករដ្ឋមន្ត្រី បាន​លើកឡើង​ថា ប្រទេស​សមាជិក​ទាំងអស់​មាន​សក្តានុពល​ផ្នែក​ព្រះពុទ្ធ​សាសនា ម្ហូបអាហារ​ប្រកប​ដោយ​លក្ខណៈ​ពិសេស បង្ហាញ​អំពី​អរិយធម៌ វប្បធម៌ ការរស់នៅ​ស្រដៀងៗ​គ្នា ដែល​កត្តា​ទាំងនេះ គឺជា​ភាព​ទាក់ទាញ​ទេសចរ​ដ៏​សំខាន់ ឆ្លើយតប​នឹង​និន្នាការ​ទេសចរណ៍​បច្ចុប្បន្ន ព្រមទាំង​ចូលរួម​ដល់ការ​លើក​កម្ពស់​វិស័យ​ព្រះពុទ្ធ​សាសនា ដែលជា​កេរដំណែល​របស់​មនុស្សជាតិ​ផងដែរ។

ទន្ទឹមនឹង​នេះ ប្រទេស​ជា​សមាជិក​មាន​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់ ដែល​តភ្ជាប់​គ្នាទៅវិញ​ទៅមក​រវាង​ប្រទេស ACMEC និង CLMV បាន​កាន់​តែ​ប្រសើរ ដែលនឹង​អាច​ចូលរួម​ជំរុញ​វិស័យ​ទេសចរណ៍​បើកបរ​ដោយ​ខ្លួនឯង (Self-Driving Tour) កាន់តែ​ខ្លាំងក្លា​ថែមទៀត ឆ្លើយតប​នឹង​និន្នាការ​ទេសចរណ៍​សកលលោក ដោយការ​បើកបរ​ដោយខ្លួនឯង ឆ្លងពី​ប្រទេស​មួយ​ទៅប្រទេសមួយ​ទៀត​កំពុងតែ​ពេញនិយម។

រដ្ឋមន្ត្រី​ទេសចរណ៍ ACMEC ក៏បាន​អបអរសាទរ​កំណើន​ទេសចរ​អន្តរជាតិ មកទស្សនា​ប្រទេស​ជាសមាជិក ឆ្នាំ​២០១៨ កើនដល់ ៦៧,៧១លាន​នាក់ ក្នុង​អត្រា ១០,៦១% ហើយក្នុង​គោលដៅ​ជំរុញ​កំណើន​ទេសចរ​មកកាន់​តំបន់ ឲ្យកាន់តែ​ច្រើន​ថែមទៀត រដ្ឋមន្ត្រី​ទេសចរណ៍ ACMECS បានអនុម័ត​ដាក់ចុះផែនការ​សកម្មភាព នៃ​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍ ACMECS ឆ្នាំ២០១៩-២០២៣ ដោយផ្ដោត​លើ​សកម្មភាព​សំខាន់ៗ​មាន​ដូចជា (១) ការផ្សព្វផ្សាយ និង​សិក្សាទីផ្សារ (២) ការតភ្ជាប់​ផលិតផល​ទេសចរណ៍ (៣) ការផ្លាសប្ដូរ​ព័ត៌មាន​ស្ដីអំពី​ទេសចរណ៍ (៤) ការបង្កើត​ផលិតផល​ថ្មី (៥) ការអភិវឌ្ឍ​ធនធាន​មនុស្ស (៦) សុវត្ថិភាព​ទេសចរណ៍ (៧) ការជំរុញ​ការចូលរួម​របស់​វិស័យ​ទេសចរណ៍។

ដោយឡែក ឆ្នាំ​២០១៨ តំបន់ CLMV បាន​ទទួល​ទេសចរ​អន្តរជាតិ ២៩,៤៤លាន​នាក់ ក្នុង​កំណើន ១៣,៩៦% ក្នុង​ទេសចរណ៍​ផ្ទៃក្នុង CLMV (Intra-CLMV Traveler) មាន ២,៥៨លាន​នាក់ ស្មើនឹង ៩% នៃ​ទេសចរ​អន្តរជាតិ​សរុប។

រដ្ឋមន្ត្រី​ទេសចរណ៍ CLMV ក៏បាន​ឯកភាព​គ្នា​បន្តជំរុញ​ការ​ផ្សព្វផ្សាយ «ប្រទេស​បួន គោលដៅ​តែមួយ» ឲ្យបានកាន់តែ​ខ្លាំង​ថែមទៀត ដោយបាន​ដាក់ចុះ​នូវផែនការ​សកម្មភាព នៃ​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍ CLMV ឆ្នាំ២០១៩-២០២១ ក្នុងនោះ​រួមមាន​សកម្មភាព​សំខាន់ ដូចជា៖

១. ការសម្រួលការធ្វើដំណើរក្នុងតំបន់

២. ការកសាងសមត្ថភាព

៣. ជំរុញការចូលរួមពីភាគីឯកជន និងប្រជាពលរដ្ឋមូលដ្ឋាន

៤. ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មី

៥. ជំរុញសុវត្ថិភាពទេសចរ៕

អត្ថបទ និងរូបថត៖ ក្រសួងទេសចរណ៍

អត្ថបទ៖ សំភី

អត្ថបទថ្មី
;