រកឃើញ​ពងក្រពើត្រី​ជិត ៥០ពង នៅខេត្ត​កោះកុង

  • 2019-06-17 07:23:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អភិរក្ស​នៃ​រដ្ឋបាល​ជលផល អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) និងក្រុម​ការពារ​សំបុក​ក្នុង​មូលដ្ឋាន បាន​រកឃើញ​សំបុក​ពងក្រពើ​ត្រី​ចំនួន ២​សំបុក មាន ៤៨ពង នៅ​ត្រពាំង​ចំនួន​ពីរ តាម​ប្រព័ន្ធ​ដងព្រែក​ស្រែ​អំបិល ក្នុង​ខេត្ត​កោះកុង កាលពី​ដើម​សប្តាហ៍នេះ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ WCS កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០១៩។

លោក សោម ស៊ីថា ទីប្រឹក្សា​បច្ចេកទេស​នៃ​អង្គការ WCS ទទួល​បន្ទុក​គម្រោង​អភិរក្ស​ស្រែ​អំបិល បាន​ថ្លែងថា «ដើម្បី​ការពារ​ពងក្រពើ​ទាំងនេះ កុំឱ្យ​ទឹក​ជន់លិច បាត់បង់ ឬមានការលួចយក ក្រុម​អភិរក្ស បាន​យកពងក្រពើ​ទាំងនេះ ទៅរក្សា​ទុក​ក្នុង​សំបុក​សិប្បនិម្មិត​នៅក្នុងភូមិ​មួយ​នៃ​ស្រុក​ស្រែអំបិល ដើម្បី​ថែទាំ​រហូត​ដល់​វាញាស់ ដែលមាន​រយៈពេល​ចន្លោះពី ៦៥ ទៅ ៨០​ថ្ងៃ។ កូន​ក្រពើ​ត្រី​ទាំងអស់ នឹងត្រូវលែងចូល​ទៅក្នុង​ទីជម្រក​ធម្មជាតិ​របស់​វាវិញ បន្ទាប់​ពី​ញាស់​ភ្លាម»។

លោក​បន្តថា ការការពារ​តំបន់​ដីសើម ព្រែក​ និង​ត្រពាំង​នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ គឺ​ជាកិច្ចការ​សំខាន់​ដើម្បី​ធានាដល់ការ​រស់រាន​របស់​ប្រភេទ​សត្វ​ល្មូន​ដ៏សំខាន់នេះ។ នៅក្នុងឆ្នាំ​២០១៧ ក្រុម​ការងារ បាន​រកឃើញ​សំបុក​ពងក្រពើ​ត្រី​ជាថ្មី​ម្តងទៀត​បន្ទាប់ពី​ខកខាន​រកឃើញ​ជាច្រើន​ឆ្នាំ​ចំនួន​១សំបុក មាន ១៩ពង និង​នៅឆ្នាំ​២០១៨ បាន​រកឃើញ​ចំនួន ៣​សំបុក មាន៧៨ពង។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ WCS ឱ្យដឹងថា ក្រពើត្រី ជាប្រភេទ​សត្វ​ជិត​ផុតពូជដែលស្ថិតក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN។ សត្វនេះ មាន​រស់នៅ​កម្ពុជា ឡាវ ថៃ វៀតណាម និង​ទំនង​ជាអាច​មាន​នៅ​ម៉ាឡេស៊ី ​មីយ៉ាន់ម៉ា និង​ឥណ្ឌូណេស៊ី​ផងដែរ។ តាម​ការ​ប៉ាន់ស្មាន នៅកម្ពុជា​មាន​ក្រពើត្រី​នេះ​ក្នុង​វ័យ​ជំទង់​ប្រហែល​ចន្លោះ​ពី ១០០ ទៅ ៣០០ក្បាល​ ដែល​បង្ហាញ​ថា កម្ពុជា​គឺជាទីជម្រក​ដ៏សំខាន់​បំផុត​សម្រាប់​ប្រភេទ​សត្វ​កម្រនេះ។

សត្វ​ក្រពើត្រី បាន​នឹង​កំពុងប្រឈម​ទៅនឹង​កត្តាគំរាម​កំហែង​ជាច្រើន​ដល់ការរស់រាន​របស់​វា។ នៅ​កម្ពុជា កត្តា​គំរាមកំហែង​នានា​រួមមាន ការបាត់​បង់​ទីជម្រក​របស់​វា និង​ការ​ប្រមាញ់​ក្រពើត្រី​វ័យ​ជំទង់​ដោយខុសច្បាប់ និង​ការចាប់​យក​កូន​ក្រពើ​ត្រី​ទើបញាស់ និង​ពងក្រពើ​ត្រី ទៅ​ផ្តត់ផ្គង់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅកម្ពុជា និង​ថៃ ក្នុង​រយៈពេល២ទសវត្សរ៍​កន្លងមក​នេះ៕

រូបថត៖ អង្គការ WCS

អត្ថបទ៖ សំភី

;