ក្រសួង​នឹង​ប្រគល់​សិទ្ធិ​គ្រប់គ្រង​បទ «ដំបៅ​ដួងចិត្ត» «ស្រណោះភ្លៀង» និង​ ២៨បទទៀត ជូន​លោក ឯល ប៊ុនណា

  • 2019-06-17 08:55:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​ប្រគល់​សិទ្ធិ​គ្រប់គ្រង​បទចម្រៀង​ចំនួន៣០បទ ដែល​ក្នុងនោះ​រួមមាន​ទាំងបទ​ដ៏ល្បី២បទគឺ «ដំបៅ​ដួងចិត្ត» និង «ស្រណោះភ្លៀង» ជូន​លោក ឯល ប៊ុនណា តាម​សំណើ​នាពេលខាងមុខ។ នេះបើតាមសេចក្តីជូនដំនឹង​របស់​ក្រសួង​វប្បធម៌ កាលពីថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩ និងទើបតែត្រូវបាន​ផ្សព្វផ្សាយជាសាធារណៈ​នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០១៩។

ក្នុង​សេចក្តី​ជូនដំណឹង​នេះ​បញ្ជាក់​ថា ក្នុង​ពេល​កន្លងទៅនេះ ក្រសួង​បាន​ទទួល​សំណើ​សុំសិទ្ធិគ្រប់គ្រង​បទ​ចម្រៀង​ពី​អ្នកនិពន្ធ​ លោក ឯល ប៊ុនណា។ ឆ្លងតាមការស្រាវជ្រាវ ក្រសួង​បាន​ពិនិត្យ​ឃើញ​ថា បទ​ចម្រៀង​ចំនួន ២៨បទ ដែល​ជាស្នាដៃ​និពន្ធ​បទភ្លេង និង​ទំនុក​ច្រៀង​ដោយ​លោក ឯល ប៊ុនណា និង​២បទ​ទៀត​ជាស្នាដៃ​សហ​អ្នក​និពន្ធ សហការ​ជាមួយ​អ្នក​និពន្ធ​ទំនុក​ច្រៀង​ ហើយ​បាន​ផ្ទេរ​សិទ្ធិ​ជូនរូប​លោក​ជាតំណាង។

ជាមួយគ្នានេះ ក្រសួង​ក៏បាន​ប្រកាសជូនដំណឹង​ដែរថា រាល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែលមាន​បំណង​ចង់​ប្តឹង​ជំទាស់​នឹង​ការស្នើសុំសិទ្ធិ​គ្រប់​គ្រង​បទចម្រៀង​ខាងលើ គឺ​អាច​ដាក់ពាក្យ​បណ្តឹង​ទៅ​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។ រយៈពេល​នៃការ​ដាក់​ពាក្យ​ប្តឹង​ជំទាស់​មាន​សុពលភាព​រយៈពេល ១ខែគិត​ចាប់ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;