អភិបាល​​ក្រុង​កោះរ៉ុង ចូលកាន់​តំណែងជាផ្លូវការ

  • 2019-06-19 07:43:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹក​ថ្ងៃទី​១៩​ ខែមិថុនា​២០១៩ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​កោះរ៉ុង ជាមួយ​ការប្រកាស​តែងតាំង​អភិបាល អភិបាលរងក្រុង​កោះរ៉ុង និង​ប្រកាស​ទទួលស្គាល់​ក្រុមប្រឹក្សា​ក្រុង​កោះរ៉ុង​ផងដែរ​។​

លោក នួន ប៊ុន​ថុល នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​ព្រះសីហនុ ត្រូវបានតែងតាំង​ជា​អភិបាលក្រុង​កោះរ៉ុង និង​លោក​អួ​ង និត អតីត​ចៅសង្កាត់​កោះរ៉ុង ជា​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​កោះរ៉ុង​។​

​កោះរ៉ុង​ ដែល​ពីមុន​ជាសង្កាត់ ត្រូវបាន​បង្កើតជា​ក្រុង​កោះរ៉ុង​វិញ ចំណុះ​ខេត្ត​ព្រះសីហនុ ឲ្យ​ស្របតាម​ស្ថានភាព​ភូមិសាស្ត្រ និង​ការវិវត្តន៍​រីកចម្រើននាពេល​បច្ចុប្បន្ន​ តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមបញ្ជាក់ថា ក្រុង​កោះរ៉ុង​មាន​សង្កាត់​ចំនួន​២ គឺ​សង្កាត់​កោះរ៉ុង​ និង​សង្កាត់​កោះរ៉ុង​សន្លឹម​។

គួររំលឹកផងដែរថា កាលពី​ខែមករា ឆ្នាំ២០១៩ កន្លងទៅ រាជរដ្ឋាភិបាល​​កម្ពុជា បាន​សម្រចបង្កើត​ ក្រុង-ស្រុក-ខណ្ឌ​ថ្មី​ ចំនួន៦​ ដែល​ក្នុង​នោះក៏មាន​ក្រុង​កោះរ៉ុង ក្នុងខេត្តព្រះសីហនុផងដែរ។ ក្រុង-ស្រុក-ខណ្ឌថ្មី ៥ ផ្សេងទៀត រួមមាន ខណ្ឌបឹងកេងកង (រាជធានីភ្នំពេញ), ខណ្ឌ​កំបូល (រាជធានីភ្នំពេញ), ស្រុក​តាំងគោក (ខេត្តកំពង់ធំ), ស្រុកតាលោសែនជ័យ (ខេត្តពោធិ៍សាត់) និងស្រុកបុរី​អូរស្វាយ​សែនជ័យ (ខេត្តស្ទឹងត្រែង)៕

ចុចអាន៖ ឈ្មោះក្រុង-ស្រុក-ខណ្ឌ ទាំង ២០៣ នៅកម្ពុជា!

ប្រភព៖ រស្មីកម្ពុជា

អត្ថបទថ្មី
;