អគ្គស្នងការ៖ វិធានការ​ទប់ស្កាត់​ការ​ហូរចូល​គ្រឿងញៀន​នៅ​កម្ពុជា ពុំទាន់​ឆ្លើយតប​នឹង​សភាពការណ៍​ឡើយ

  • 2019-06-20 04:46:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយ​ឧត្តម​សេនីយ៍​សន្តិបណ្ឌិត នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​លើកឡើង​ថា អាស្រ័យ​ដោយ​និន្នាការ​នៃ​ការផលិត ការ​ចរាចរណ៍ ការ​ជួញដូរ និង​តម្រូវការ​គ្រឿងញៀន​នៅក្នុង​តំបន់ និងលើ​ពិភពលោក នៅតែ​មាន​កំណើន គួប​ផ្សំ​នឹង​ល្បិចកល​ក្នុងការ​រៀបចំ​ចាត់តាំង​ខ្សែ​រយៈ​បណ្ដាញ​ជា​ប្រព័ន្ធ​របស់​ក្រុម​គ្រប់ជន​គ្រឿងញៀន ជាហេតុ​ធ្វើឱ្យ​ការចាត់​វិធានការ​បង្ការ ទប់ស្កាត់​ការលួចនាំ​ចូល​នូវ​សារធាតុញៀន​មកក្នុង​ប្រទេស​កម្ពុជា ពុំទាន់​ឆ្លើយតប​ទៅនឹង​សភាពការណ៍​គ្រឿងញៀន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ឡើយ ហើយក៏ជា​កត្តា​ធ្វើឱ្យ​កម្ពុជា នៅតែ​បន្ត​ទទួល​រងឥទ្ធិពល​ពីសកម្មភាព​ឧក្រិដ្ឋកម្ម​ទាំងនេះ។

ការ​ថ្លែង​ខាងលើ​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ដក​ពិសោធន៍ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅតាម​ក្លឹប​កំសាន្ត និង​កន្លែង​សប្បាយ នា​ព្រឹកថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ដោយមាន​ការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និងស្នងការ​នគរបាល​រាជធានី-ខេត្ត​ផងដែរ។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត បាន​ថ្លែង​ថា កម្ពុជា​នៅតែ​ជាប្រទេស​បន្ត​រងគ្រោះ​ដោយសារ​ការដឹក​ជញ្ជូន​គ្រឿងញៀន​ខុសច្បាប់ ដែលមាន​ប្រភព​ពី​តំបន់​ត្រីកោណ​មាស តំបន់​អាហ្វ្រិក អាមេរិក​ខាងត្បូង និង​អឺរ៉ុប ឆ្លងកាត់​ព្រំដែន​តាមរបៀង​ព្រំដែន​គោក ទឹក នៃ​ភាគឦសាន​ប្រទេស តាមផ្លូវ​អាកាស និងតាម​កញ្ចប់​បញ្ញើ​ប្រៃសណីយ៍​ចូលមក​ផ្ទៃក្នុង​ប្រទេស ក្នុង​គោលដៅ​បន្ត​នាំចេញ​ទៅប្រទេសទី៣ និង​សម្រាប់​ការជួញដូរ​បម្រើ​ឱ្យ​ទីផ្សារ​ប្រើប្រាស់​ក្នុងស្រុក​ផងដែរ។

លោក នេត សាវឿន បញ្ជាក់​ថា តាមរយៈ​ការកត់​សម្គាល់​ចំពោះ​ស្ថានភាព​នៃការ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ប្រទេស​នាចុងឆ្នាំ២០១៨ និង​ដើមឆ្នាំ​២០១៩ កន្លងមក​នេះ បាន​បង្ហាញ​ថា មាន​សកម្មភាព​ចាត់តាំង​ឲ្យមាន​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន បាន​រីកសាយ​ភាយ​នៅតាម​រង្គសាល ក្លឹប​កំសាន្ត ខារ៉ាអូខេ ក្លឹប​រាត្រី(បារបារាំង) ...។

រយៈពេល​០៥ខែ ដើម​ឆ្នាំ២០១៩​នេះ កងកម្លាំង​អនុវត្ត​ច្បាប់​ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន ៣៣៣៥​ករណី ឃាត់ខ្លួន ៧០៩៧​នាក់ ចាប់យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប ៣១០,៩៨​គីឡូក្រាម កញ្ឆា​ស្រស់ ៤៧ ១០៣ដើម រួមនឹង​មធ្យោបាយ​សម្ភារ​វត្ថុតាង​មួយ​ចំនួន​ទៀត។ ក្នុងនោះ​ករណី​ជួញដូរ​ ២០៣៩​ករណី ឃាត់ខ្លួន ៣៨៧៣​នាក់។ សកម្មភាព​បង្ក្រាប​ករណី​ធំៗ​ដែលមាន​សារធាតុ​ញៀនចាប់​ពីមួយ​គីឡូក្រាម​ឡើង មាន​ចំនួន ២០​ករណី ចាប់យក​សារធាតុ​ញៀន​សរុប ២៨៨,៣៨​គីឡូក្រាម និង​ចាប់​មេក្លោង​ចំនួន ១២​នាក់ ខ្សែរយៈ​បណ្ដាញ​ចំនួន ៥២​នាក់។

ផ្អែកតាម​របាយការណ៍​ដែល​ទទួលបាន​ពី​លេខាធិការដ្ឋាន​នៃ​គណៈ​បញ្ជាការ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លើកទី៤ រាជធានី-ខេត្ត​ បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​គោលដៅ​អាជីវកម្ម ក្លឹប​កំសាន្ត ទីតាំង​សប្បាយដ្ឋាន​ចំនួន ៧១១៣​ទីតាំង ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ផ្សព្វផ្សាយ​អប់រំ ធ្វើ​កិច្ចសន្យា ដើម្បី​ស្នើសុំ​កិច្ចសហការ​ក្នុងការ​បង្ការ ទប់ស្កាត់​ការជួញដូរ និងការ​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន ៧៧៤១កន្លែង៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;