សម្តេច ហ៊ុន សែន រំលឹក​ពីការត្រៀម​ចាក់​ម្ជុល​ទម្លុះ​បំពង់​ក​ធ្វើ​អត្តឃាត បើ​​ត្រូវ​វៀតណាម​បញ្ជូន​មក​កម្ពុជា​វិញ

  • 2019-06-20 07:31:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​​រំលឹក​ថា ជម្រើស​ចុងក្រោយ សម្តេច នឹង​ធ្វើ​អត្តឃាត​ដោយ​ចាក់ម្ជុល​ទម្លុះ​បំពង់​ក ប្រសិន​បើ​វៀតណាម ចាប់​បញ្ជូន​សម្តេច​មក​កម្ពុជា​វិញ ក្នុង​អំឡុងពេល​ដែល​សម្តេច​ពឹងពាក់​វៀតណាម មកវាយ​បណ្តេញ​ប៉ុលពត ក្នុងឆ្នាំ​១៩៧៧។ នេះ​បើតាម​ភាពយន្ត​ឯកសារ​ជាតិ ដំណើរ​ឆ្ពោះទៅ​រកការ​សង្គ្រោះ​ជាតិ ដែលបាន​ចាក់ផ្សាយ​​បណ្តាញ​សង្គម​​ហ្វេសប៊ុក​របស់​សម្តេច​នាថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន បាន​បញ្ជាក់​ថា មុនទៅ​ពឹងពាក់​វៀតណាម​នោះ គឺ​សម្តេច​មាន​ជម្រើស​ជាច្រើន​ដូចជា៖

  • ក្រោក​ឈរ​ឡើង វាយ​រំលំ​របប​ប៉ុលពត។ សម្តេច​មាន​កម្លាំងទ័ព​ជាង ២ពាន់​នាក់ អាច​វាយ​ដណ្តើម​កាន់កាប់​ស្រុក​មេមត់ ខេត្ត​កំពង់ចាម និង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដើម្បី​ធ្វើជា​មូលដ្ឋាន​តស៊ូ​ប្រដាប់​អាវុធ។ ប៉ុន្តែ​សម្តេច​បាន​ប៉ាន់ស្មាន​ថា ការ​បះបោរ​បែប​នេះ មាន​រយៈពេល​មិន​ដល់​១ខែ​ទេ នឹង​ត្រូវ​ស្លាប់​ក្នុង​ថ្លុក​ឈាម ដោយ​ប៉ុលពត​ជា​មិនខាន។

  • ត្រូវ​តែ​ដកខ្លួន​ចេញ ហើយ​ភៀស​ខ្លួនទៅ​វៀតណាម ដើម្បី​ស្នើសុំ​វៀតណាម រៀបចំ​ចលនា​តស៊ូ​រំដោះ​ប្រទេស​សាជាថ្មី។ សម្តេច​យល់ថា​ត្បិតតែ​ជម្រើស​នេះ ប្រសើរ​ជាង​ជម្រើស​ទី១ ប៉ុន្តែ​ក៏​នៅតែ​មាន​គ្រោះថ្នាក់​ដែរ ព្រោះ​ប៉ុលពត ក៏ធ្លាប់​បើកការ​វាយប្រហារ​ទៅលើ​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​វៀតណាម​រួចស្រេច​ទៅ​ហើយ។

  • សម្តេច ហ៊ុន សែន បាន​ចោទ​សួរថា នៅពេល​ដែល​សម្តេច​ឆ្លង​ដែន​ទៅ​វៀតណាម ថាតើ​សម្តេច​នឹង​អាច​ស្លាប់​ដោយ​ជាន់​មីន ឬ​ដោយ​ការ​បាញ់​សម្លាប់​របស់​ទាហាន​វៀតណាម​ឬទេ? តើ​សម្តេច​អាច​ជាប់គុក ដោយការ​ឆ្លង​ព្រំដែន​ខុសច្បាប់​ដែរឬទេ ហើយតើ​វៀតណាម សុខចិត្ត​ជួយ​សម្តេច​ឬទេ? ហើយ​សំណួរ​ចុងក្រោយ​គឺថា​តើ​វៀតណាម អាច​ចាប់​បញ្ជូន​សម្តេច​មកឲ្យ​ប៉ុលពត​វិញ​ដែរ​ឬទេ? ពេលនោះ​សម្តេច ហ៊ុន សែន បាន​ត្រៀម​ម្ជុល ១២ដើម​ដែល​ទុក​ក្នុង​ហោប៉ៅ ដើម្បី​ត្រៀម​ធ្វើ​អត្តឃាត ចាក់​ទម្លុះ​បំពង់ក​ខ្លួនឯង ក្នុង​ករណី​ដែល​វៀតណាម បញ្ជូន​សម្តេច​មក​កម្ពុជា​វិញ៕

សូមទស្សនា​ភាពយន្តឯកសារ​ខាងក្រោមនេះ

អត្ថបទ​ទាក់ទង៖ សម្តេច ហ៊ុន សែន បញ្ចេញ​វីដេអូ​ចម្រៀង​១បទ ក្នុង​ថ្ងៃ​ខួប៤២ឆ្នាំ​នៃការ​យកជីវិត​ធ្វើដើមទុន ដើម្បី​រំដោះ​ជាតិ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;