វៀតណាម​ហៅ​អ្នកជំនាញ​រុស្ស៊ី​ មក​ជួយ​រក្សា​សាកសព​ហូជីមិញ​

  • 2019-06-20 08:20:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​វៀតណាម​បាន​បង្កើត​ក្រុម​អ្នកជំនាញការ​ពិសេស​មួយ រួម​មាន​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី ​៤​រូប ដើម្បី​ជួយ​រក្សា​សាកសព​​របស់​មេដឹកនាំ​ស្ថាបនិក​របស់​រដ្ឋ​កុំម្មុយនិស្ត​វៀតណាម​ ហូជីមិញ​ កុំឲ្យ​ស្អុយរលួយ​។ នេះ​បើ​យោងតាម​ការចុះផ្សាយរបស់ Reuters។​

​ក្រុមប្រឹក្សា​ពិសេស​នេះ ​ត្រូវបាន​បង្កើតឡើង​ដើម្បី​វាយ​តំលៃ​ស្ថានភាព​សាកសព​វ័យ​ចំណាស់​របស់​ហូជីមិញ ដែល​ត្រូវបាន​អប់​ដាក់​ថ្នាំ​មិន​​ឲ្យ​ស្អុយរលួយ​ តាំង​ពី​ជិត​ ៥០​ឆ្នាំមុន​។​ ការងារ​​ពិនិត្យ​នេះ​នឹង​ចាប់ផ្តើម​នៅ​ខែ​ក្រោយ​។​

​លិខិត​ដែល Reuters ទទួល​បាន បាន​សរសេរថា​ «ក្រុមប្រឹក្សា​នេះ​មាន​ភារកិច្ច​រៀបចំ​និង​ដាក់​វិធានការ​វិទ្យាសាស្ត្រ​ដើម្បី​រក្សា​ការពារ​សុវត្ថិភាព​សាកសព លោក​ប្រធាន​ហូជីមិញ​ឲ្យ​បាន​យូរអង្វែង​»​។​

​សូមបញ្ជាក់​ថា ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក រួម​មាន​ចិន កូរ៉េ​ខាងជើង​ និង​វៀតណាម បាន​អប់​ទុក​សាកសព​មេដឹកនាំ​របស់​គេ ដោយ​មាន​ជំនួយ​ពី​មន្ទីរពិសោធន៍​ Lenin Lab​ របស់​អតីត​សហភាពសូវៀត ដែល​បាន​រក្សា​ទុក​សាកសព​លោក វ្ល៉ា​ឌី​មៀ ឡេ​នី​ន នៅ​ក្រុង​មូ​ស្គូ ក្រោយ​លោក​បាន​ទទួលមរណភាព​នៅ​ឆ្នាំ​១៩២៤​។​

សាកសពរបស់​​ហូជីមិញ ​ត្រូវបាន​រក្សា​ទុក​ក្នុង​មឈូស​កញ្ចក់​នៅ​ចេតិយ​សង់​ដោយ​សូ​វៀត​ នៅក្នុង​រដ្ឋធានី​ហាណូយ​។​ ទីតាំង​នេះ​បាន​​ទាក់ទាញ​ភ្ញៀវ​ចូល​ទស្សនា​រាប់ពាន់​នាក់​ក្នុង​មួយឆ្នាំៗ​។​

​នៅពេល​សហភាពសូវៀត​ដួលរលំ​នៅ​ឆ្នាំ​១៩៩១ រុស្ស៊ី​បានចាប់ផ្តើម​យក​កំរៃ​ឈ្នួល​ពី​ការផ្តល់​សារធាតុ​គីមី​សំរាប់រ​ក្សា​សាកសព​ហូ​ជី​មិញ​កុំឲ្យ​ស្អុយរលួយ និង​នៅ​ឆ្នាំ​២០០៣ វៀតណាម​​បានស្នើ​រុស្ស៊ី​នាំ​ការផលិត​សារធាតុ​គីមី​ផ្សំ​នេះ​នៅក្នុង​ប្រទេស​វៀតណាម​តែម្តង ព្រមទាំង​បាន​បញ្ជូន​អ្នកវិទ្យាសាស្ត្រ​ទៅ​ក្រុង​មូ​ស្គូ​ ដើម្បី​រៀន​ការសម្ងាត់​នៅ​មន្ទីរពិសោធន៍ ​Lenin Lab​ ទៀតផង​។​

​ឥឡូវ អ្នកវិទ្យាសាស្ត្រ​វៀតណាម​អាច​ធ្វើ​ដោយ​ខ្លួនឯង​វិធី​អប់​សាកសព​កុំ​ឲ្យ​ស្អុយរលួយ​ តែ​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​ នៅ​មក​មើល​ និង​ជួយ​យូរៗ​ម្តង​ ក្នុង​ពិធី​សម្អាត​និង​រក្សា​សាកសព​​ប្រចាំឆ្នាំ​។ សូមបញ្ជាក់ថា ​លោកហូ បាន​ស្លាប់​នៅ​ខែ​កញ្ញា ​ឆ្នាំ​១៩៦៩​៕

ប្រភព៖ រស្មីកម្ពុជា

អត្ថបទថ្មី
;