ADB ​សម្រេច​ផ្តល់​កម្ចី ៦០លានដុល្លារ​ដើម្បី​បង្កើន​ជំនាញ​ការងារពីកម្រិត​ទាប​ទៅ​ខ្ពស់​នៅកម្ពុជា

  • 2019-06-27 04:31:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​អនុម័ត​ឥណទាន​សម្បទាន​ចំនួន ៦០លាន​ដុល្លារ ដើម្បីជួយ​បង្កើន​ជំនាញ និង​ការ​ប្រកួតប្រជែង​នៃ​កម្លាំង​ការងារ​របស់​កម្ពុជា​ពី​កម្រិត​ជំនាញ​ទាប និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន ទៅជា​កំណើន​សេដ្ឋកិច្ច​មួយ​ដែលមាន​ការរុញច្រាន ទៅ​ជំនាញ​ខ្ពស់​វិញ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ឱ្យដឹង​ថា គម្រោង​អភិវឌ្ឍន៍ ជំនាញ​សម្រាប់​ការប្រកួតប្រជែង​នេះ នឹងជួយ​ផលិតបាននូវអ្នកបច្ចេកទេស​ប្រកបដោយ​គុណវុឌ្ឍិ​ការងារ​ចំនួន ១៨ ០០០​នាក់ រួមមាន ២៨ភាគរយ​ជាស្ត្រី ដែលមាន​លទ្ធភាព​ខ្ពស់ ជាង​ក្នុងការ​ទទួល​បាន​ការងារ​ធ្វើ និង​ជំនាញ​បច្ចេកទេស​នៅក្នុង​វិស័យ​អាទិភាព​ចំនួន៤ កម្មន្តសាល សំណង់ អគ្គិសនី និង​អេឡិចត្រនិក។

ការ​អភិវឌ្ឍ​ជំនាញ​នេះ​នឹងត្រូវ​បាន​ធ្វើឡើង​តាមរយៈ វិទ្យាស្ថាន​បណ្តុះ​បណ្តាល​បច្ចេកវិទ្យា​ចំនួន​៥ នៅ​ទូទាំង​ប្រទេស​កម្ពុជា រាប់បញ្ចូល​ទាំងការ​កែលម្អ​បរិក្ខារ នៅសាល​បណ្តុះ​បណ្តាល​ថ្មី​ចំនួន១៦ ដែលមាន​ការគិតគូរ​ពីបញ្ហា​យេនឌ័រ មាន​បរិយាប័ន្ន និង​សន្សំសំចៃ​ថាមពល ដូចជា ជាន់​អន្តេវាសិកដ្ឋាន និងបន្ទប់ទឹក​ដោយឡែក​ពីគ្នា​សម្រាប់ស្ត្រី ការផ្តល់​ឧបករណ៍ បណ្តុះបណ្តាល​កម្រិតខ្ពស់ និងកម្រិតឧស្សាហកម្ម​ការបណ្តុះ​បណ្តាល​អភិវឌ្ឍន៍​សមត្ថភាព សម្រាប់​គ្រូបណ្តុះ​បណ្តាល និងការផ្តល់​ប្រាក់​ឧបត្ថម្ភជូន​សិស្ស​មួយចំនួន​ក្រោម​មូលដ្ឋាន​ផ្អែក​លើ​គុណសម្បត្តិ។

វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ទាំង៥ ដែលត្រូវបាន​ជ្រើសរើស​សម្រាប់​គម្រោង​នេះ​រួមមាន៖ វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស សម្រាប់​ឧទ្យាន TVET និង វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​ស្វាយរៀង។

លើសពី​នេះទៀត គម្រោងនេះ​នឹងផ្តល់នូវ​កាលានុវត្តភាព​សម្រាប់​ការបង្កើន​ជំនាញ និង ការរម្លឹក​ជំនាញឡើងវិញ សម្រាប់​និយោជិត​ដែលមាន​ស្រាប់ ដើម្បី​ដោះស្រាយ​បញ្ហា​ចន្លោះ​ប្រហោង​ជំនាញ និង​កង្វះ​ជំនាញ នៅក្នុង​វិស័យ​ឧស្សាហកម្ម តាមរយៈ​កម្មវិធី​រៀនសូត្រ​ផ្អែកលើ​ការងារ។ កម្មវិធីផ្តល់​ឥណទាន​សម្បទាន​ដែលមាន​មូលដ្ឋាន​ផ្អែកលើ​ការងារ ចំនួន​១៨ នឹងត្រូវបាន​អនុវត្ត​ក្រោមភាព​ជាដៃគូ​ជាមួយ​តួអង្គ​នៅក្នុង​វិស័យ​ឧស្សាហកម្ម ដែល​នឹង​ជួយ​កែលម្អ​សមត្ថភាព​របស់​និយោជិត​ប្រមាណ ៣៦០​នាក់។

មូលនិធិ​សាកល្បង​សម្រាប់​អភិវឌ្ឍន៍​ជំនាញ ដែលជា​គំរូប្រកបដោយ​នវានុវត្តន៍ ដើម្បី​បង្កើន និង​លើកទឹកចិត្ត​ដល់ការ​វិនិយោគ​របស់​ឧស្សាហកម្ម លើការ​អភិវឌ្ឍជំនាញ​ក្នុង​ប្រទេស​កម្ពុជា ក៏នឹងត្រូវ​បានពង្រីក​ផងដែរ។ គម្រោងនេះ​នឹងផ្តល់​ហិរញ្ញប្បទាន​ដល់​សំណើ​បណ្តុះ​បណ្តាល​ដែលនឹង​ទទួលបាន​កិច្ចគាំទ្រ​ពីមូលនិធិ​ ដែលនឹង​ផ្តល់ឱកាស​បណ្តុះបណ្តាល​ជូនដល់មនុស្ស​យ៉ាងហោច​ណាស់ ៣៥០០​នាក់ ក្នុងនោះ​យ៉ាងហោចណាស់​មាន ២៥​ភាគរយ ជាស្ត្រី​អភិវឌ្ឍន៍​សមត្ថភាព​របស់​ទីភ្នាក់ងារ​រដ្ឋាភិបាល​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​មូលនិធិ និងផ្តល់​កិច្ចគាំទ្រ​សម្រាប់​ការបង្កើត​ទីភ្នាក់ងារ​អចិន្ត្រៃយ៍​ថ្មីមួយ​ដែលនឹង​រួចរាល់ និងមាន​ដំណើរការ​ត្រឹមឆ្នាំ​២០២៤។

ADB ប្តេជ្ញា​សម្រេច​ឱ្យបាន​នូវតំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​មួយ​ប្រកបដោយ​វិបុលភាព បរិយាប័ន្ន មាន​ភាពធន់ និងមាន​និរន្តរភាព ហើយស្របពេលជាមួយគ្នា​នេះ​ក៏ធានាឱ្យ​បាននូវ​និរន្តរភាព​នៃកិច្ចខិតខំ​របស់ខ្លួន ក្នុងការ​លុបបំបាត់​ភាពទីទ័លក្រ​ផងដែរ។

ក្នុងឆ្នាំ ២០១៨ ADB បានសន្យាផ្តល់​ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥតសំណង​ថ្មី ដែលមាន ចំនួន​ទឹកប្រាក់ ២១,៦ ពាន់លាន​ដុល្លារ។ បង្កើតឡើង​ក្នុងឆ្នាំ ១៩៦៦ ADB គឺជា​កម្មសិទ្ធិ របស់​សមាជិក​ចំនួន ៦៨ ប្រទេស ក្នុងនោះ​មានប្រទេស​ចំនួន ៤៩ នៅក្នុង​តំបន់៕

ប្រភព៖ AKP

អត្ថបទថ្មី
;